
យោងតាមការបែកធ្លាយថ្មីមួយដែលដកស្រង់ចេញពីអ្នកទម្លាយ Digital Chat Station បានបង្ហាញថា ស្មាតហ្វូន flagship មួយចំនួន គឺនឹងមានការប្រកាសចេញនៅមុនដាច់ឆ្នាំនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មីៗទាំងនេះ ភាគច្រើនគឺជាផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន Redmi និង iQOO។ ដូច្នេះប្រសិនបើអ្នកកំពុងតែស្វែងរកនូវស្មាតហ្វូនដ៏ខ្លាំងក្លា ដែលមានតម្លៃសមរម្យនោះ គឺពិតជាមិនខុសបំណងនោះទេ ដោយសារតែនៅសល់តែពេលប៉ុន្មានខែទៀតប៉ុណ្ណោះ នឹងមានការបង្ហាញស្មាតហ្វូនថ្មីៗទាំងនេះហើយ។
បើតាមការបញ្ជាក់កន្លងមក បាននិយាយថា ក្រុមហ៊ុន Redmi អាចនឹងមានការបង្ហាញនូវស្មាតហ្វូនចំនួន 2 ម៉ូដែលនៅចុងខែនេះ ដែលស្មាតហ្វូននេះ គឺស្ថិតនៅក្នុងត្រកូល K80 series ដែលរួមមានដូចជា K80 និង K80 Pro។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ បាននិយាយថា ស្មាតហ្វូន Redmi K80 នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ខណៈដែល Redmi K80 Pro នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite។

សម្រាប់ស្មាតហ្វូន iQOO Neo 10 series នឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកានេះ ជាមួយម៉ូដែលស្តង់ដារ និងម៉ូដែល Pro។ ស្មាតហ្វូន iQOO Neo 10 នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ខណៈពេលដែលស្មាតហ្វូន Pro នឹងមានបន្ទះឈីប Dimensity 9400 SoC ។ ជាមួយគ្នានេះ ក្រុមហ៊ុន OnePlus ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Ace 5 series ផងដែរ ដែលស្មាតហ្វូននេះ គឺមានប្រភេទស្តងដារ និង Pro ដូចគ្នា។

ក្រៅពីស្មាតហ្វូនជំនាន់ថ្មីទាំងនេះ ក្រុមហ៊ុន Honor ក៏បានត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន GT series ថ្មីរបស់ខ្លួននៅចុងឆ្នាំនេះផងដែរ។ ចំពោះក្រុមហ៊ុន realme ក៏បានត្រៀមបង្ហាញនូវស្មាតហ្វូន GT Neo 7 ផងដែរ។ សម្រាប់អ្នកដែលស្វែងរកនូវស្មាតហ្វូនដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លានោះ គឺក៏អាចរង់ចាំវត្តមានរបស់ស្មាតហ្វូន Redmi Turbo 4 ផងដែរ ដែលម៉ូដែលនេះ គឺពិតជាខ្លាំងសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម និងកម្មវិធីធំៗក្នុងការប្រើប្រាស់នោះ៕
