
បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy S24 Series នៅលើទីផ្សារបានមួយរយៈមក នៅពេលនេះ ក្រុមហ៊ុន Samsung បានងាកមកអាប់ដេតទៅលើស្មាតហ្វូនថ្មីៗជាច្រើនម៉ូដែលបន្ថែមទៀតហើយ ជាពិសេសស្មាតហ្វូននៅក្នុងត្រកូលGalaxy A-series ។ យោងតាមព័ត៌មាននៅថ្ងៃនេះ បានបញ្ជាក់ថា ស្មាតហ្វូន Galaxy A35 5G គឺទទួលបាននូវវិញ្ញាបនបត្រចេញពី SIRIM របស់ប្រទេសម៉ាឡេស៊ី ហើយនឹងបង្ហាញខ្លួននៅក្នុងប្រទេសនេះឆាប់ៗនេះផងដែរ។ សូមជំរាបថា ស្មាតហ្វូនថ្មីនេះ គឺបានទទួលនូវការបញ្ជាក់វិញ្ញាបនបត្រនៅក្នុងប្រទេសជាច្រើនរួចមកហើយ។
នៅក្នុងបញ្ជីនៃ SIRIM នេះ គឺបានបង្ហាញថា ស្មាតហ្វូនថ្មីនេះ មានលេខម៉ូដែល SM-A356E នឹងមានការអនុម័តចេញកាលពី នៅថ្ងៃទី 23 ខែកុម្ភៈឆ្នាំ 2024 កន្លងទៅនេះ។ នៅបញ្ជីនេះ នៅមិនទាន់មានការបង្ហាញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅឡើយទេ។ ស្មាតហ្វូន Galaxy A35 ដំណើរការនៅលើមានបន្ទះឈីប Exynos 1380 នេះបើយោងទៅលើបញ្ជីនៅលើ Google Play Console ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ One UI 6.0 ផ្អែកនៅលើ Android 14 ចុងក្រោយបំផុតថែមទៀត។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.5-អ៊ីង Super AMOLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ FHD+ និងមានល្បឿន 120Hz refresh rate។

ស្មាតហ្វូននេះ មានជម្រើស 3 ពណ៌គឺ icy blue, lilac និង navy blue។ បើមើលទៅលើកាមេរ៉ារបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាខាងក្រោយទំហំ 50-Megapixel ជាមួយនឹង 8-Megapixel និង 5-Megapixel។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 13-Megapixel។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 25W charging នៅក្នុងបញ្ជីនៃ FCC នេះ។ យើងអាចនឹងឃើញវត្តមានរបស់ស្មាតហ្វូន Galaxy A35 នឹងបង្ហាញខ្លួននៅលើទីផ្សារប្រទេសជាច្រើនទៀតនៅក្នុងពេលឆាប់ៗនេះ៕

