ស្វែងរកពួកយើង:

ស្មាតហ្វូន vivo ថ្មីមួយដែលមានលេខកូដ V2324HA ត្រូវបានគេឃើញបង្ហាញខ្លួននៅលើបញ្ជី Geekbench

ដោយ

Koun Jab Luffy

11 មីនា 2024 11:29 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ ស្មាតហ្វូន vivo ថ្មីមួយ ដែលមានលេខកូដ V2324HA ត្រូវបានេគេឃើញថា បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ Radio Certification database ហើយនិង Geekbench នៅក្នុងប្រទេសចិនហើយ ដោយម៉ូដែលថ្មីនេះ ត្រូវបានគេសង្ស័យថា អាចជាស្មាតហ្វូនជំនាន់ថ្មី vivo X100S Pro។ ជាមួយនឹងការបង្ហាញវត្តមាននៅលើវិញ្ញាបនបត្រ Radio Certification និង Geekbench នៅពេលនេះ គឺនៅមិនទាន់មានឈ្មោះផ្លូវការនៅឡើយទេ ហើយក៏មិនទាន់បានទម្លាយអំពីព័ត៌មានជាក់លាក់អំពីស្មាតហ្វូននេះផងដែរ។ អ្វីៗនៅតែជាអាថកំបាំងនៅឡើយ។
ទាក់ទងនឹងការធ្វើតេស្តនៅបញ្ជី Geekbench គឺមានការបង្ហាញអំពីបន្ទះឈីបរបស់ស្មាតហ្វូននេះហើយ។ បន្ទះឈីបថ្មីនេះមានសីភីយូ Cortex-X4 core 1x ល្បឿន 3.4GHz និង Cortex-X4 cores ចំនួន 3 គ្រាប់រត់បានល្បឿន 2.85GHz ហើយនិង Cortex-A720 cores ចំនួន 4 គ្រាប់ទៀតរត់បានល្បឿន 2.0GHz។ នៅលើបន្ទះឈីបនេះ ក៏មានការគាំទ្រដោយ GPU ម៉ូដែល Immortalis-G720 MC12 ដែលមានល្បឿន 1300MHz ថែមទៀតផង។ ផ្អែកលើស្ថាបត្យកម្មនៃបន្ទះឈីបនេះ មានការសន្និដ្ឋានថា នេះគឺជាបន្ទះឈីប Dimensity 9300។
យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយ WhyLab នៅលើ Weibo នោះ បន្ទះឈីបនេះ អាចនឹងក្លាយជា Dimensity 9300+ ដែលនឹងបង្ហាញខ្លួននៅក្នុងខែមេសាខាងមុខ។ ផ្អែកទៅលើការព្យាករណ៍នៃការបញ្ចេញនូវបន្ទះឈីបនេះ អ្នកទម្លាយរូបនេះបន្តបញ្ជាក់ថា ស្មាតហ្វូន vivo X100S Pro នេះ អាចនឹងបង្ហាញខ្លួននៅចុងខែមេសា ឬដើមខែឧសភានេះ។
Article image
សូមជំរាបថា មុននេះ មានរបាយការណ៍ជាច្រើន ក៏បាននិយាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 5,000mAh ហើយនិងមានការគាំទ្រដោយបច្ចេកវិទ្យាសាកកម្លាំង 100W wired fast charging ។ បន្ថែមពីនេះ ក៏មានការរំពឹងថា ស្មាតហ្វូននេះអាចនឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃ  short-focus optical in-display fingerprint scanner ហើយក៏មានការឌីស្សាញគែមជុំវិញពីលោហធាតុ និងកញ្ចក់នៅខាងក្រោយផងដែរ។ ក្រៅពីព័ត៌មានទាំងនេះ យើងនៅមិនទាន់មានព័ត៌មានអំពីស្មាតហ្វូននេះនៅឡើយទេ៕