មកដល់ពេលនេះ Samsung នៅតែមិនទាន់មានមានការពង្រីកថាមពលថ្មធំនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅឡើយទេ បើប្រៀបធៀបជាមួយនិងគូប្រជែងរបស់ខ្លួន។ បើមើលទៅលើស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold Series វិញគឺនៅតែបន្តប្រើប្រាស់ថ្មទំហំ 4,400mAh ដូចមុនដដែល ខណៈដែលក្រុមហ៊ុនប្រកួតប្រជែងមានការបង្កើនជារៀងរាល់ឆ្នាំ។ ផ្អែកតាមការបែកធ្លាយនៅថ្ងៃនេះ បានបង្ហើបថា ឆ្នាំនេះ អាចនឹងមានការប្រែប្រួលហើយទាក់ទងទំហំថ្មនេះ។

យោងតាមរបាយការណ៌ថ្មីចេញពី GalaxyClub បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 8 អាចនឹងមានការបង្កើនទំហំថ្ម ដោយនៅលើស្មាតហ្វូននេះ ត្រូវបានគេនិយាយថា អាចនឹងមានថ្មទំហំ 4,854mAh ដោយមួយគ្រាប់ទំហំ 2,369mAh និងមួយគ្រាប់ទៀតមានទំហំ 2,485mAh។ តាមទំហំថ្មនេះ ក្រុមហ៊ុន Samsung នឹងអាចបន្ថែមត្រឹម 5,000mAh ដែលបង្កើនបាន 13% ប្រៀបធៀបជាមួយនិងម៉ូដែលមុននេះ។

ប្រភពខាងលើនេះ បន្តថា Fold 8 អាចនឹងប្រកាសចេញនៅខែកក្កដា ជាមួយនិង Galaxy Z Flip 8។ ទាក់ទងនឹងព័ត៌មាននេះដែរ ក៏មានការប្រទះឃើញនូវថ្មមួយទៀតដែលមានទំហំ 2,393mAh ត្រូវបានគេធ្វើតេស្តផងដែរ ប៉ុន្តែមិនទាន់ច្បាស់ថា នឹងមានការប្រើប្រាស់សម្រាប់ស្មាតហ្វូនម៉ូដែលនៅឡើយទេ ខណៈដែលក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា បានត្រៀមប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានម៉ូដែលថ្មី “Galaxy Wide Fold”។ មានការរំពឹងទុកថា ថ្មនេះអាចនឹងសម្រាប់ម៉ូដែលនេះហើយ។
