ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី HMD Legend និង LegendPro បង្ហាញវត្តមាននៅលើ Geekbench ជាមួយឈីប Unisoc

ដោយ

Koun Jab Luffy

12 កុម្ភៈ 2024 05:40 ល្ងាច

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា ក្រុមហ៊ុន HMD នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដែលស្ថិតនៅក្រោមម៉ាកយីហោរបស់ខ្លួនហើយ។ បើតាមរបាយការណ៌ខាងលើបញ្ជាក់ថា យ៉ាងហោចណាស់ក៏មានស្មាតហ្វូនស៊េរីថ្មីចំនួន 9 ដែរ ដែលនឹងមានការសម្ពោធនៅលើទីផ្សារៅនៅពេលដ៏ខ្លីនេះ។ សូមជំរាបថា កាលពីពេលមុននេះ មានការបែកធ្លាយនូវរូបភាពថ្មីដោយមានការបង្ហាញនូវកាមេរ៉ាគោលដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនថ្មីនេះផងដែរ។ សម្រាប់ថ្ងៃនេះ គឺមានស្មាតហ្វូនថ្មីៗចំនួន 2 បន្ថែមទៀតបានបង្ហាញវត្តមាននៅលើបញ្ជី Geekbench ថែមទៀតហើយ។
នៅលើបញ្ជីរបស់ Geekbench នេះ បានបង្ហាញថា ស្មាតហ្វូនថ្មីៗទាំងពីរម៉ូដែលរបស់ក្រុមហ៊ុន HMD នេះ គឺមានឈ្មោះថា Legend និង LegendPro។ នៅក្នុងនោះក៏មានការបញ្ជាក់ពីរ៉េមនៅលើស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូនទាំងនេះ គឺដំណើរការនៅលើបន្ទះឈីប Unisoc T606 ហើយសម្រាប់ម៉ូដែល Legend នឹងមានរ៉េម 4GB RAM និង LegendPro មានរ៉េម 8GB RAM។ ស្មាតហ្វូនទាំងពីររត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 14។
គួរបញ្ជាក់ផងដែរ ថ្មីៗនេះក្រុមហ៊ុន HMD ក៏បានបញ្ចេញនូវព័ត៌មានរបស់ស្មាតហ្វូនរបស់ខ្លួនដែលមានការបំពាក់នូវកាមេរ៉ាទំហំ 108MP ដែលមានការគាំទ្រនូវមុខងារ OIS ផងដែរ។ បើតាមការទម្លាយចេញពីលោក Evan Blass នាពេលថ្មីៗនេះ ក៏បានចែករំលែកនូវឈ្មោះស្មាតហ្វូនរបស់ក្រុមហ៊ុន HMD នេះ ចំនួន 6 គ្រឿងថែមទៀត។ ក្រៅពី Legend និង LegendPro ស្មាតហ្វូនថ្មីៗនោះ នឹងមានឈ្មោះថា Pulse, Pulse+, PulsePro និង Legend។
Article image
ក្រុមហ៊ុន HMD ត្រូវបានគេដឹងថា នឹងមានការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ MWC 2024 ដែលរៀបចំនៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះ។ ដូច្នេះស្មាតហ្វូនថ្មីៗទាំងនេះ នឹងមានវត្តមានៅក្នុងឱកាសនោះក៏ថាបាន។ ប៉ុន្តែនៅមិនទាន់ដឹងថា ក្រុមហ៊ុន HMD នៅបន្តប្រកាសចេញនូវស្មាតហ្វូនរបស់ Nokia ទៀតនោះទេ ខណដែលនៅឆ្នាំ 2024 នេះ ក្រុមហ៊ុននេះ នឹងមានការប្រកាសចេញនូវស្មាតហ្វូនថ្មីៗរបស់ខ្លួនចំនួន 17 ម៉ូដែល។
ស្មាតហ្វូនជំនាន់ថ្មី HMD Legend និង LegendPro បង្ហាញវត្តមាននៅលើ Geekbench ជាមួយឈីប Unisoc