
ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីនៅក្នុងត្រកូល Huawei P70 Series ខ្លួននៅចុងខែមីនា ឬដើមខែមេសាខាងមុខនេះហើយ។ ស្របពេលដែលមានសេចក្តីរាយការណ៌ខាងលើនេះ យើងក៏ធ្លាប់បានលឺព័ត៌មានជាច្រើនអំពីស្មាតហ្វូនជំនាន់ថ្មីនេះរួចហើយផងដែរ។ បើតាមការបញ្ជាក់នៅក្នុងការបែកធ្លាយមួយកាលពីសប្តាហ៍មុននេះ ក៏មាននិយាយលម្អិតអំពីលក្ខណៈសម្បត្តិកាមេរ៉ារបស់ស្មាតហ្វូននេះដូចគ្នា។
យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយរបស់ Digital Chat Station កាលពីពេលថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូន Huawei P70 ថ្មីនេះ នឹងមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 50 ចំនួន 3 គ្រាប់តែម្តង ដោយកាមេរ៉ាគោលទំហំ 50MP Sony IMX989 គាំទ្រជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ា variable aperture និងមួយគ្រាប់ទៀតក៏មានកាមេរ៉ា 50MP ផងដែរ គឺជាប្រភេទឡែន ultrawide ខណៈដែលគ្រាប់ទីបីមានទំហំ 50MP ហ៊្សូម 4x periscope telephoto។
ជាមួយគ្នានេះ ប្រភពមួយផ្សេងទៀត បាននិយាយដែរថា ស្មាតហ្វូនថ្មីនេះ ក៏អាចនឹងមានកាមេរ៉ាគោលទំហំ 50MP ដែលសិនស័រ OmniVision OV50H ផងដែរ។ សម្រាប់សិនស័រ Sony ត្រូវបានគេរំពឹងថា អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Huawei P70 Art។ រីឯសិនស័រ OmniVision sensor អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Huawei P70 Pro។

Digital Chat Station បានបន្តទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei P70 ក៏អាចនឹងប្រើប្រាស់នូវអេក្រង់ទំហំ 2 ផ្សេងគ្នាផងដែរ ដែលមានដូចជាទំហំ 6.5 និងទំហំ 6.8 អ៊ីង។ អេក្រង់ទាំងពីរនេះ មានកម្រិតភាពច្បាស់ 1.5K resolution និងមានការគាំទ្រនូវបច្ចេកវិទ្យា LTPO។ អេក្រង់ស្មាតហ្វូននេះ ក៏នឹងមានកម្រិតកោងនៅលើគែមគ្រប់ជ្រុងថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មី Huawei P70 Series ក៏នឹងមានបន្ទះឈីប HiSilicon ដែលមានបច្ចេកវិទ្យា 5G ផងដែរ។ ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9000S SoC ដូចទៅនឹងស្មាតហ្វូន Huawei Mate 60 ដែលលក់កន្លងមកដែរ។ បើតាមការបញ្ជាក់របស់លោក Ming-Chi Kuo គឺបានបង្ហាញថា ស្មាតហ្វូនម៉ូដែល Art ថ្មីនេះ នឹងមាន 1G6P glass-plastic hybrid lenses ថែមទៀតផង៕
