
នៅឆ្នាំ 2026 នេះ ក្រុមហ៊ុន Xiaomi ត្រូវបានគេរាយការណ៌ថា មានផែនការដ៏គួរអោយចាប់អារម្មណ៍ជាច្រើន ទៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួនដែលនៅក្នុងនោះក៏មានការបង្ហាញពីស្មាតហ្វូនអេក្រង់បត់បាន 3 តង់ផងដែរ។ ក្រុមហ៊ុននេះអាចនឹងបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីចំនួន 5 នៅលើទីផ្សារនៅក្នុងឆ្នាំនេះ។ សូមជំរាបថា នៅក្នុងឆ្នាំ 2026 នេះ ម៉ាកយីហោស្មាតហ្វូនជាច្រើន នឹងមានការដាក់មកជាមួយនឹងមុខងារប្រកបដោយភាពច្នៃប្រឌិត និងមុខងារពិសេសៗជាច្រើន ដើម្បីពង្រឹងទៅលើបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យសម្រាប់អ្នកប្រើប្រាស់។

ដូច្នេះសម្រាប់ក្រុមហ៊ុន Xiaomi ក៏បានត្រៀមស្មាតហ្វូនជាច្រើនម៉ូដែលសម្រាប់ឆ្នាំ 2026 នេះដូចគ្នា នៅក្នុងនោះ ក៏មានស្មាតហ្វូនបត់បាន 3 តង់ផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែបញ្ចេញនូវស្មាតហ្វូនប្រណិតរបស់ខ្លួននោះគឺ Xiaomi 17 Ultra និង Leica Edition។ ស្មាតហ្វូនថ្មីនេះ គឺមានការផ្តោតទៅលើសមត្ថភាពនៃការថត Zoom ដ៏អស្ចារ្យបំផុតជាលក្ខណៈអាជីពតែម្តង។ វាហាក់ដូចជាក្រុមហ៊ុន Xiaomi មានគម្រោងក្នុងការបន្ថែមនូវសមាជិកជាច្រើនទៀតទៅលើស្មាតហ្វូនត្រកូល Xiaomi 17 flagship ថ្មីនេះ។ ពាក្យចចាមអារ៉ាមចុងក្រោយនេះទម្លាយថា ក្រុមហ៊ុននេះត្រៀមបញ្ចេញនូវស្មាតហ្វូនចំនួន 2 ទៀតនោះគឺ Xiaomi 17 Slim និង Xiaomi 17T series។

សម្រាប់ស្មាតហ្វូន Slim គឺដើម្បីប្រជែងជាមួយនឹងស្មាតហ្វូន iPhone Air នៅក្នុងទីផ្សារអ្នកប្រើប្រាស់ទូទៅ។ កាលពីឆ្នាំ 2025 កន្លងទៅនេះ ក្រុមហ៊ុន Xiaomi នៅមិនទាន់បញ្ចេញនូវស្មាតហ្វូនដែលមានអេក្រង់បត់បានរបស់ខ្លួននៅឡើយទេ។ ប៉ុន្តែសម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Xiaomi ត្រៀមបញ្ចេញស្មាតហ្វូនបត់បានជាច្រើនដូចជា Xiaomi 17 Fold, Xiaomi 17 Flip និងTriple-Fold ។ បច្ចុប្បន្ននេះ ស្មាតហ្វូនបត់បាននេះ នឹងប្រជែងជាមួយនឹងស្មាតហ្វូន Huawei Mate XTs និង Samsung Galaxy Z TriFold ។ ស្មាតហ្វូន Xiaomi 17T Series អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 នៅឆ្នាំនេះ៕
