
Pura X គឺជាស្លាកឈ្មោះស្មាតហ្វូនបត់ថ្មីមួយផ្សេងទៀតរបស់ Huawei ដែលត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញដំបូងក្នុងខែមិនា ឆ្នាំ 2025 នេះ។ លក្ខណៈសំគាល់ពិសេសរបស់ Pura X របស់ Huawei ខុសពីស្មាតហ្វូន Flip ម៉ាកផ្សេងៗទៀតដែលមានវត្តមាននៅលើទីផ្សារ គឺជាការឌីស្សាញស្ទើរតែជារាងការ៉េជាមួយការបត់មកចំហៀង ឬហៅថា “Vertical” Fold ដែលធ្វើឲ្យអេក្រង់ Pura X មានទំហំទទឹងធំជាមួយខ្នាតបង្ហាញ 16:10 ដែលខុសពីស្មាតហ្វូន Flip ដែលបត់ឡើងទៅលើជាមួយខ្នាតអេក្រង់រាងទ្រវែង។
នៅពេលនេះ ក៏មានលេចលឺព័ត៌មានថ្មីមកថា Huawei បាននឹងកំពុងធ្វើការលើម៉ូដែលទីពីរ ឬជំនាន់ទីពីររបស់ Pura X គឺ Pura X2 ផងដែរ។ Huawei Pura X2 អាចនឹងបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងត្រីមាសដំបូងក្នុងឆ្នាំ 2026 ចន្លោះខែមករា និងខែមិនា។យ៉ាងណាមិញមិនទាន់មានព័ត៌មានលម្អិតពីគុណសម្បត្តិរបស់ Pura X2 នៅឡើយទេក្នុងពេលនេះ ដោយគ្រាន់តែមានការព្យាករណ៍ថា Pura X2 នឹងបង្ហាញខ្លួនមកជាមួយការបំពាក់នូវបន្ទះឈីប Huawei Kirin 9030 ជំនួសឲ្យ Kirin 9020 ដែលប្រើនៅលើ Pura X បច្ចុប្បន្ន។

សូមជំរាបថា សម្រាប់បន្ទះឈីបជំនាន់ថ្មី Kirin 9030 ត្រូវបាន Huawei ប្រើប្រាស់នៅលើកំពូលស្មាតហ្វូនត្រកូល Huawei Mate 80 Series ដែលបានប្រកាសចេញនៅទីផ្សារប្រទេសចិនថ្មីៗនេះផងដែរ៕
