ស្វែងរកពួកយើង:

ស្មាតហ្វូនបត់បាន 3 តង់របស់ Samsung នឹងបង្ហាញខ្លួននៅត្រីមាសទី 3 ឆ្នាំ 2025

ដោយ

Koun Jab Luffy

22 មករា 2025 03:13 រសៀល

អាន 2 នាទី

នៅទីបំផុត ក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការបង្ហាញនូវស្មាតហ្វូនបត់បាន 3 តង់របស់ខ្លួន។ តាមរបាយការណ៍ថ្មីមួយចេញពីប្រទេសកូរ៉េខាងត្បូងអោយដឹងថា ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ឆ្នាំ 2025 ខាងមុខដែលពេលវេលានេះ គឺស្របគ្នាជាមួយបង្ហាញនូវស្មាតហ្វូនបត់បានរបស់ខ្លួន។ ដូច្នេះមានន័យថា ក្រុមហ៊ុន Samsung អាចនឹងមានប្រកាសស្មាតហ្វូនបត់បាន 3 តង់នេះជាមួយនឹងស្មាតហ្វូន Galaxy Z Fold 7 និង Galaxy Z Flip 7 ដែលគ្រោងនឹងមានវត្តមាននៅឆ្នាំនេះហើយ។
ផ្នែកតាមការបញ្ជាក់នេះ ប្រសិនបើរបាយការណ៍នេះគឺជាការពិតនោះ ក្រុមហ៊ុន  Samsung អាចនឹងបញ្ចេញនូវស្មាតហ្វូនបត់បាន 3 តង់ ដើម្បីប្រជែងជាមួយនឹងស្មាតហ្វូន Mate XT របស់ក្រុមហ៊ុន Huawei ហើយ។ តាមរបាយការណ៍នេះ ស្មាតហ្វូនបត់បាន 3 តង់របស់ក្រុមហ៊ុន Samsung នេះនឹងមានអេក្រង់ចន្លោះពី 9.9″ ទៅ 10″ ដែលមានទម្រង់ដូចទៅនឹងថេប្លេតដែលអាចដាក់នៅក្នុងហោប៉ាវរបស់អ្នកបាន។ ស្មាតហ្វូនថ្មីនេះ ក៏នឹងមានការប្រើប្រាស់នូវយន្តការបត់បានដ៏ពិសេសដែលការពារអេក្រង់នៅពេលវាបត់នោះ ហើយវាប្លែកមិនមែនជាអ្វីដែលស្មាតហ្វូន Mate XT ធ្វើបាននោះទេ។
ក្រុមហ៊ុន Samsung មិនបញ្ឈប់ត្រឹមវត្តមានរបស់ស្មាតហ្វូនបត់បាន 3 តង់នេះទេ។ ស្មាតហ្វូនGalaxy Z Flip FE ក៏នឹងបង្ហាញខ្លួនផងដែរ ដែលយើងអាចនឹងឃើញនូវស្មាតហ្វូនបត់បានជាច្រើនម៉ូឌែលសម្រាប់ឆ្នាំ 2025។ ស្មាតហ្វូន Fold 7 ដូចទៅនឹងស្មាតហ្វូន Z Fold Special Edition ផងដែរអាចនឹងប្រើប្រាស់នូវ S Pen ផងដែរ។
ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា សម្រាប់ស្មាតហ្វូនបត់បានជាច្រើននេះ នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Exynos 2500 ដែលនឹងមានវត្តមាននៅលើស្មាតហ្វូន Z Fold 7, Z Flip 7 និងស្មាតហ្វូន 3 តង់ផងដែរ។ សម្រាប់ស្មាតហ្វូន Flip FE នឹងប្រើប្រាស់នូវបន្ទះឈីប  Exynos 2400e ដែលជា version មួយទៀតរបស់បន្ទះឈីប  Exynos 2400 ៕
ស្មាតហ្វូនបត់បាន 3 តង់របស់ Samsung នឹងបង្ហាញខ្លួននៅត្រីមាសទី 3 ឆ្នាំ 2025