ស្វែងរកពួកយើង:

ស្មាតហ្វូនបត់អេក្រង់បីបត់របស់ Xiaomi កំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍន៍ហើយ

ដោយ

Koun Jab Luffy

26 សីហា 2024 04:52 ល្ងាច

អាន 3 នាទី

Article image
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ទូរស័ព្ទស្មាតហ្វូនដែលអាចបត់បានបីតង់ ឬ Tri-foldable phone អាចក្លាយជានិន្នាការដ៏សំខាន់បន្ទាប់នៅក្នុងឧស្សាហកម្មស្មាតហ្វូន។ កាលពីខែឧសភា កន្លងទៅ ក្រុមហ៊ុន TCL បានបង្ហាញនូវគំរូទូរស័ព្ទដែលអាចបត់បានបីបត់ដំបូងបង្អស់របស់ពិភពលោកនៅឯកម្មវិធីតាំងពិព័រណ៍ Society for Information Display (SID) 2024 ទោះបីជាស្មាតហ្វូនបត់អេក្រង់បីតង់របស់ក្រុមហ៊ុនចិននេះមិនទាន់មានសម្រាប់ទិញក៏ដោយ។
ប៉ុន្តែ ក្រុមហ៊ុន Huawei ដែលត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមានស្មាតហ្វូនអបត់អេក្រង់បីតង់ ឬ Tri-foldable phone ដំបូងគេជាផ្លូវការនៅប៉ុន្មានខែខាងមុខនេះ អាចជាទូរស័ព្ទបត់បានបីដំបូងគេក្នុងពិភពលោក ដែលអាចរកជាវបានជាផ្លូវការណ៍។ ដោយឡែកបើតាមការអភិវឌ្ឍន៍ព័ត៌មានថ្មីនេះ គឺបានបង្ហាញថា Xiaomi ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏មានឥទ្ធិពលមួយក្នុងប្រទេសចិនក៏អាចនឹងបញ្ចេញស្មាតហ្វូនដែលអាចបត់បាន 3 តង់ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។
តាមរយះការទម្លាយព័ត៌មានថ្មីនៅលើគណនី Weibo ឈ្មោះថា Smart Pikachu បានឲ្យដឹងថា Xiaomi ពេលនេះ បាននឹងកំពុងធ្វើការអភិវឌ្ឍន៍លើស្មាតហ្វូនអេក្រង់បត់បីបត់ដំបូងរបស់ខ្លួន Tri-foldable (Three-foldable) smartphone ប៉ុន្តែ ប្រភពមិនបានបញ្ចេញព័ត៌មានលម្អិតណាមួយទាក់ទងនឹងស្មាតហ្វូនដ៏អស្ចារ្យរបស់ Xiaomi មួយនេះនោះទេ។
Article image
ហើយបើតាមប្រភពបានបញ្ជាក់ថា ស្មាតហ្វូន Three-foldable smartphone របស់ Xiaomi ទំនងជានឹងបង្ហាញវត្តមានផ្លូវការណ៍នៅពេលណាមួយនៃឆ្នាំ 2025។ Xiaomi Three-Foldable Smartphone នឹងដំណើរការដោយប្រតិបត្តិការ HyperOS2.0, ប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់របស់ Leica និងបំពាក់បន្ទះឈីបនាគរាជកំពូលរបស់ Qualcomm។
នៅក្នុងពេលបច្ចុប្បន្ន Xiaomi គឺជាក្រុមហ៊ុនដ៏មានសក្តានុពលមួយនៅក្នុងទីផ្សារស្មាតហ្វូនបត់អេក្រង់ជាមួយជម្រើសស្មាតហ្វូនបត់បែប laptop-style និង clamshell-style មានដូចជា Xiaomi MIX Fold 4 ដែលជាម៉ូដែលថ្មីចុងក្រោយបង្ហាញខ្លួនកាលពីខែមុន និងម៉ូដែល MIX Flip ដែលជាម៉ូដែល Flip ឬ Clamshell ដំបូងរបស់ក្រុមហ៊ុន។ បើតាមរបាយការណ៍ថ្មីចុងក្រោយបានបញ្ជាក់ថា Huawei នឹងធ្វើការប្រកាសចេញស្មាតហ្វូនអេក្រង់បត់បីបត់ដំបូងរបស់ខ្លួននៅដើមខែកញ្ញា ខាងមុខនេះ។
ស្មាតហ្វូនបត់អេក្រង់បីតង់ ឬ Tri-foldable phone ដំបូងរបស់ Huawei ជានិច្ចជាកាលគេតែងប្រទះឃើញលោក Richard Yu ដែលជានាយកប្រតិបត្តិជាន់ខ្ពស់ផ្នែក Consumer Bussiness Group របស់ Huawei តែធ្វើការកាន់ប្រើផ្ទាល់ដៃទៀតផង។ តាមការព្យាករណ៍បង្ហាញថា Huawei Tri-foldable phone នឹងប្រើត្រចៀកបត់ចំនួនពីរជាមួយនឹងការបំពាក់អេក្រង់ទំហំដល់ 10-inch នៅពេលពន្លា។ ហើយនៅលើអេក្រង់បត់ខាងក្នុងក៏អាចនឹងមានរន្ធទំលុះអេក្រង់មួយគ្រាប់ស្ថិតនៅជិតកែងខាងឆ្វេងជិតគែមខាងលើនៃអេក្រង់។
ស្មាតហ្វូនដ៏អស្ចារ្យរបស់ Huawei Tri-foldable phone ក៏នឹងបំពាក់កំពូលឈីប Kirin របស់ក្រុមហ៊ុនផ្ទាល់ថែមទៀតផង។ នៅក្នុងព្រឹត្តិការណ៍នាខែកញ្ញាខាងមុខនេះ Huawei ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញស្មាតហ្វូនអេក្រង់បត់បីបត់ដំបូងរបស់ខ្លួន រួមជាមួយស្មាតហ្វូនគ្រួសារ Nova 13 និងនាឡិកាដៃឆ្លាតវៃ Watch GT 5 Series ផងដែរ៕