ស្វែងរកពួកយើង:

ស្មាតហ្វូនមានកម្រ៉ាស់ស្តើង Samsung Galaxy S25 Edge នឹងបង្ហាញខ្លួននៅខែនេះហើយ

ដោយ

Koun Jab Luffy

02 មេសា 2025 08:31 ព្រឹក

អាន 2 នាទី

Article image
កាលពីចុងខែមករាកន្លងទៅនេះ នៅក្នុងកំឡុងព្រឹត្តិការណ៌ Galaxy Unpacked 2025 ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung បានបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មី Galaxy S25 Series ចំនួន 3 ម៉ូដែល។ ហើយនៅពេលនោះដែរ ក្រុមហ៊ុននេះ ក៏បានញ្ចេញនូវគំរូរបស់ស្មាតហ្វូនម៉ូដែលពិសេសមួយទៀតនៃត្រកូល S25-Series នេះផងដែរ នោះគឺ Galaxy S25 Edge។
នៅថ្ងៃនេះ តាមការទម្លាយជាថ្មីមួយ បានសសេរថា យើងប្រហែលជាមិនត្រូវចំណាយពេលវេលាយូរទៀតនោះទេ នៅក្នុងការទន្ទឹងរង់ចាំវត្តមានរបស់ស្មាតហ្វូនដែលមានកម្រាស់ស្តើងមួយនេះ ដោយសារតែស្មាតហ្វូន Edge នេះ នឹងបង្ហាញខ្លួននៅខែនេះហើយ។ បើតាមការបង្ហោះរបស់គណនី @chunvn8888 បានបញ្ជាក់ថា ស្មាតហ្វូន Galaxy S25 Edge នឹងមានលក់ជាផ្លូវការណ៌នៅក្នុងខែមេសានេះហើយ ដោយនឹងមានលក់ផ្តាច់មុខនៅ MWG នៅក្នុងប្រទេសវៀតណាមថែមទៀតផង។
Article image
សូមជំរាបថា មុននេះ គឺមានពាក្យចចាមអារ៉ាមបញ្ជាក់ថា កាលបរិច្ឆេទនៃការប្រកាសជាផ្លូវការរបស់ស្មាតហ្វូននេះ នឹងមាននៅថ្ងៃទី 15 ខែមេសាខាងមុខនេះ។ សម្រាប់ MWG គឺជាហាងលក់រាយដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសវៀតណាម។ គួរបញ្ជាក់ថា មុននេះស្មាតហ្វូន Samsung Galaxy S25 Edge ត្រូវបានគេទម្លាយរូបភាពគំនូសព្រាងជាច្រើនរួចមកហើយ។ ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ដូចទៅនឹងស្មាតហ្វូន Galaxy S25 Series ផ្សេងៗទៀតអញ្ចឹងដែរ។
Article image
នៅលើស្មាតហ្វូនមានកម្រ៉ាស់ស្តើងនេះ នឹងមានថាមពលថ្មទំហំ 3,900mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 25W charging ហើយនឹងមានអេក្រង់ទំហំ 6.65 អ៊ីងមានកម្រាស់ត្រឹមតែ 5.84mm ព្រមទាំងមានទម្ងន់ប្រហែលជា 160g ប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា សម្រាប់ថេប្លេត Samsung Galaxy Tab S10 FE និង Tab S10 FE+ ក៏អាចនឹងបង្ហាញខ្លួននៅក្នុងខែមេសានេះផងដែរ៕
ស្មាតហ្វូនមានកម្រ៉ាស់ស្តើង Samsung Galaxy S25 Edge នឹងបង្ហាញខ្លួននៅខែនេះហើយ