
ជាទូទៅ ស្មាតហ្វូនត្រកូល Galaxy S ថ្មីៗ ដែលប្រកាសចេញជារៀងរាល់ឆ្នាំ គឺតែងតែបង្ហាញខ្លួនជាមួយនឹងពណ៌យ៉ាងស្រស់ស្អាតជាច្រើនដែលទាក់ភ្នែកក្នុងការប្រើប្រាស់។ នៅថ្ងៃនេះ យោងរបាយការណ៍ថ្មីមួយដែលចេញពី @UniverseIce បានទម្លាយថា ក្រុមហ៊ុន Samsung បានត្រៀមបញ្ចេញនូវពណ៌ខៀវថ្មីសម្រាប់ស្មាតហ្វូន Galaxy S25 Ultra នៅខែក្រោយនេះហើយ។ ក្រុមហ៊ុន Samsung បានជ្រើសរើសនូវពណ៌ Titanium Gray សម្រាប់ស្មាតហ្វូន Galaxy S24 Ultra របស់ខ្លួនកាលពីដើមឆ្នាំនេះ។
នៅក្នុងការផ្លាស់ប្តូរទៅកាន់ពណ៌ខៀវនោះ ស្មាតហ្វូនGalaxy S25 Ultra នេះ នឹងបង្ហាញខ្លួនជាមួយនឹងពណ៌ថ្មីនៅលើឆាកក្នុងព្រឹត្តិការណ៍ Unpacked ខាងមុខនេះ។ កាលពីប៉ុន្មានថ្ងៃមុននេះ បើមើលទៅលើ SIM tray របស់ស្មាតហ្វូន Galaxy S25 Ultra ក៏មានការបែកធ្លាយនូវពណ៌ថ្មីនេះដែរ។ បើមើលទៅលើពណ៌ខៀវរបស់ស្មាតហ្វូន Galaxy S25 Ultra នេះ អាចនឹងមានភាពស្រដៀងគ្នាទៅនឹងពណ៌ Navy Blue របស់ស្មាតហ្វូន Galaxy Z Fold 6 ផងដែរ។

ប្រសិនបើអ្នកមិនមែនជាអ្នកគាំទ្រទៅលើពណ៌ Navy Blue នោះទេ សម្រាប់ស្មាតហ្វូន Galaxy S25 Ultra នេះអាចនឹងមានពណ៌ថ្មីហៅថា Titanium Blue។ ទាក់ទងនេះ មានការរំពឹងថាស្មាតហ្វូន Ultra ជំនាន់ថ្មីនេះ នឹងមានពណ៌ថ្មីចំនួន 3 ទៀតរួមមានដូចជា Titanium Black, Titanium Gold និង Titanium Silver។ សូមជំរាបថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Samsung អាចនឹងបង្ហាញនូវស្មាតហ្វូន Galaxy S25 series ចំនួន 3 ម៉ូដែលនៅថ្ងៃទី 22 ខែមករាខាងមុខនេះ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវ One UI 7.0 ផងដែរ៕

