
ក្រុមហ៊ុន Honor បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការបង្ហាញស្មាតហ្វូន Honor 400 Series ដែលជាម៉ូដែលថ្មីរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី។ ស្មាតហ្វូនថ្មីនេះ នឹងមាន 2 រួមមានដូចជា Honor 400 និង Honor 400 Pro។ យោងតាមទម្លាយថ្មីចេញពីក្រុមហ៊ុន Honor នៅពេលនេះ គឺបានបង្ហាញអំពីការឌីស្សាញទៅលើកាមេរ៉ារបស់ស្មាតហ្វូន Hono 400 series ថែមទៀតហើយ។
តាមរូបភាពថ្មីទម្លាយអំពីកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Honor ថ្មីនេះ ត្រូវបានគេបញ្ជាក់ថា គឺជាការអាប់ដែតថ្មីមួយទៅលើស្មាតហ្វូន Honor 400 Series។ សម្រាប់ការឌីស្សាញកាមេរ៉របស់ស្មាតហ្វូននេះ គឺមានទម្រង់ជាត្រីកោណដែលមានកាមេរ៉ា 3 គ្រាប់។ យោងតាមរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Honor 400 នេះ នឹងមានកាមេរ៉ា 2គ្រាប់ ខណៈពេលដែលស្មាតហ្វូន Pro Edition គឺមានកាមេរ៉ា 3 គ្រាប់។ បន្ថែមពីនេះ វាក៏មានការបង្ហាញនូវពាក្យថា “Next-Gen AI Imaging” ដែលនៅខាងលើនៃកាមេរ៉ានេះផងដែរ ដែលមានការបញ្ជាក់ថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវកាមេរ៉ា AI ។
សម្រាប់ពាក្យ “Coming Soon” ដែលក្រុមហ៊ុនបានសសេរនេះ អាចនឹងបង្ហាញថា ការសបង្ហាញវត្តមានរបស់ស្មាតហ្វូននេះគឺនៅក្នុងខែឧសភានេះហើយ។ គួរបញ្ជាក់ថា កន្លងមកក៏ធ្លាប់មានរបាយការណ៍ជាច្រើន បានអោយដឹងថា ស្មាតហ្វូន Honor 400 នេះ នឹងមានអេក្រង់រាប់ស្មើរទំហំ 6.55-អ៊ីងជាកញ្ចក់ AMOLED គាំទ្រជាមួយនឹងកម្រិតល្បឿន 120Hz refresh rate និងកម្រិតពន្លឺ 5000nits។

ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានបន្ទះឈីប Snapdragon 7 Gen 3 គាំទ្រជាមួយនឹងរ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB ឬ512GB។ កាមេរ៉ារបស់ស្មាតហ្វូននេះ មានទំហំ 200-Megapixel, 12-Megapixel Ultrawide Lens និងកាមេរ៉ាខាងមុខទំហំ 50-Megapixel។ ថាមពលថ្មរបស់ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 5,300mAh ដែលទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាសាក កម្លាំង 66W fast charging។ ស្មាតហ្វូននេះ ក៏នឹងមានបំពាក់នូវ IP65 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ។ ស្មាតហ្វូននេះ មានទម្ងន់ 184g និងកម្រាស់ស្តើងត្រឹមតែ 7.3mm ហើយនឹងមានពណ៌ខ្មៅ និងមាស/ប្រផេះ។
សម្រាប់ស្មាតហ្វូន Honor 400 Pro វិញ គឺមានអេក្រង់គែមកោងមានទំហំ 6.7-អ៊ីង ជាកញ្ចក់ AMOLED កម្រិត 1.5K ល្បឿន 120Hz និងទ្រទ្រង់ជាមួយនឹងពន្លឺ 5000nits ។ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 8 Gen 3 SoC, រ៉េមទំហំ 12GB ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ ក៏មានទំហំ 200-Megapixel អមជាមួយនឹងមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 50-Megapixel Telephoto lens និងគ្រាប់ទីបីមានទំហំ 12-Megapixel ultrawide។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 50-Megapixel។

ស្មាតហ្វូន Honor 400 Pro នេះមានថាមពលថ្មទំហំ 5300mAh គាំទ្រជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន 100W wired fast charging។ ស្មាតហ្វូន Honor 400 Pro នឹងបំពាក់នូវបច្ចេកវិទ្យា IP68/IP69 សម្រាប់ការពារការជ្រាបទឹក និងធូលី មានទម្ងន់ 205g និងកម្រាស់ស្តើងត្រឹមតែ 8.1mm ប៉ុណ្ណោះ។ ក្រុមហ៊ុន Honor នឹងបង្ហាញស្មាតហ្វូន Honor 400 series នៅប្រទេសចិននៅក្នុងខែនេះហើយ៕
