
ស្មាតហ្វូនស៊េរីថ្មី Honor X80 Pro Max នឹងបំពាក់នូវថាមពលថ្មទំហំ 11,000mAh
ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែទម្លាយអំពីការមកដល់នៃស្មាតហ្វូនស៊េរីថ្មីនៃត្រកូល X-series ម៉ូដែល Honor X80 Pro Max។ តាមប្រភពខាងលើបញ្ជាក់ថា ក្រុមហ៊ុននេះនឹងបង្ហាញចេញស្មាតហ្វូនថ្មីនេះ នៅខែនេះហើយ ដោយស្មាតហ្វូននេះ មានសមត្ថភាពខ្លាំងក្លាបំផុត នៅក្នុងចំណោមស្មាតហ្វូនថ្នាក់កណ្តាលនាពេលកន្លងមក។ ជាមួយនឹងការទម្លាយព័ត៌មានថ្មីនេះ ក្រុមហ៊ុន Honor បានទម្លាយថា ស្មាតហ្វូន X-series នេះ មានចំនួនអ្នកប្រើប្រាស់ច្រើនជាង 130 លាននាក់នៅជុំវិញពិភពលោក។
សូមជំរាបថា ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានភាពល្បីល្បាញដោយសារតែភាពធន់ និងការជឿជាក់របស់ស្មាតហ្វូននេះ អស់រយៈពេលជាយូរឆ្នាំមកហើយ។ នៅពេលនេះ ក្រុមហ៊ុនក៏ឈានដល់ពេលក្នុងការត្រៀមបង្ហាញចេញស្មាតហ្វូន X80 Pro Max ផងដែរ។ តាមការបែកធ្លាយជាច្រើននាពេលថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Honor X80 Pro Max នេះនឹងមានអេក្រង់ទំហំ 6.78-អ៊ីង OLED display ជាមួយនឹងកម្រិតភាពច្បាស់ 2788 x 1280 pixels។ ស្មាតហ្វូននេះនឹងមានពណ៌ក្រហម ខ្មៅ ស និងទឹកក្រូចសម្រាប់ប្រើប្រាស់។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 6 Gen 5។
សម្រាប់លក្ខណៈពិសេសមួយរបស់ស្មាតហ្វូននេះ គឺថាមពលថ្មទំហំ 11,000mAh ដែលត្រូវគេចាត់ទុកថា ធំជាងគេបំផុតនៅក្នុងចំណោមស្មាតហ្វូនរបស់ក្រុមហ៊ុននេះ។ បន្ថែមពីនេះ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន 90W wired charging និង 27W wired reverse charging ផងដែរ។ ស្មាតហ្វូន X80 Pro Max នេះ មានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB។ ហើយបើមើលទៅលើកាមេរ៉ាស្មាតហ្វូននេះ គឺមានកាមេរ៉ាខាងក្រោយទំហំ 50MP។

ដូចគ្នាទៅនឹងស្មាតហ្វូន Honor ជាច្រើនថ្មីៗនេះ ស្មាតហ្វូនថ្មីនេះ ក៏នឹងដំណើរការនូវ MagicOS 10 នៅលើ Android 16។ ក្រុមហ៊ុន Honor នៅមិនទាន់បញ្ជាក់អំពីលក្ខណៈសម្បត្តិផ្លូវការ ឬតម្លៃរបស់ស្មាតហ្វូន X80 Pro Max នៅឡើយទេ។ សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូននេះ នឹងទម្លាយបន្ថែមទៀតមុនការប្រកាសជាផ្លូវការនៅខែនេះ។ សម្រាប់ global version របស់ស្មាតហ្វូននេះ អាចនឹងមានឈ្មោះហៅថា Honor Magic 9 Lite ៕
