ក្រុមហ៊ុន Xiaomi ត្រូវគេរំពឹងថា នឹងបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Xiaomi 18, Xiaomi 18 Pro និង Xiaomi 18 Pro Max នៅប្រទេសចិន នៅក្នុងខែកញ្ញាខាងមុខនេះហើយ។ ខណៈដែលស្មាតហ្វូន Xiaomi 18 និង Xiaomi 18 Pro នឹងមានរូបរាងតូចនោះ សម្រាប់ស្មាតហ្វូន Xiaomi 18 Pro Max Edition អាចនឹងក្លាយជាម៉ូឌែលដែលមានទំហំធំជាងគេ។ គួររំលឹកផងដែរថា ស្មាតហ្វូន Xiaomi 17 Pro Max បង្ហាញខ្លួនកាលពីឆ្នាំមុននេះ មានថាមពលថ្មទំហំត្រឹមតែ 7,500mAh ប៉ុណ្ណោះ។ នៅពេលនេះ មានការបែកធ្លាយថ្មីមួយបានបង្ហើបពីថាមពលថ្មរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Pro Max ហើយ ដោយនិយាយថា អាចនឹងមានទំហំធំជាងស្មាតហ្វូនជំនាន់មុន។


យោងតាមការបញ្ជាក់របស់អ្នកទម្លាយ Digital Chat Station ដែលបង្ហោះនៅលើ Weibo បានបញ្ជាក់ថា ស្មាតហ្វូនលំដាប់ Flagship នេះ បាននឹងកំពុងតែតេស្តជាមួយនឹងថាមពលថ្មដែលចាប់ពីលេខ 8។ សម្រាប់ទំហំរបស់ស្មាតហ្វូននេះអាចនឹងមានទំហំ 8,500mAh។ ស្មាតហ្វូន Xiaomi 18 Pro Max ថ្មីនេះ អាចនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 100W fast charging ជាមួយនឹងបច្ចេកវិទ្យា wireless charging ថែមទៀតផង។
គួរបញ្ជាក់ថា កាលពីពេលមុននេះ មានរបាយការណ៍ជាច្រើន បានទម្លាយថា កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Xiaomi 18 Pro Max នេះនឹងមានទំហំ 200MP ពីរគ្រាប់ និងគ្រាប់ទីបីមានទំហំ 50MP ជាឡែន ultra-wide lens ។ ទៅលើកាមេរ៉ា គោលរបស់ស្មាតហ្វូននេះ គឺមានទំហំ 200MP គាំទ្រដោយសិនស័ររបស់ក្រុមហ៊ុន SmartSens។ ហើយបើមើលទៅលើផ្នែកខាងមុខស្មាតហ្វូន Xiaomi 18 Pro Max នេះវិញ គឺមានអេក្រង់រាបស្មើធំជាមួយនឹងគែម Ultra-Narrow bezels ជាមួយនឹងកម្រិត High Resolution ខ្ពស់ថែមទៀតផង។ ស្មាតហ្វូននេះ អាចនឹងមានអេក្រង់ទំហំ 6.9 អ៊ីង។

ស្មាតហ្វូនស៊េរីថ្មី Xiaomi 18 Pro Max ថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 series ជំនាន់ថ្មីរបស់ក្រុមហ៊ុន Qualcomm ជាមួយនឹងដំណើរការ 2nm ហើយក៏មានការពង្រឹងទៅលើល្បឿន multitasking ថែមទៀតផងដែរ។ បន្ថែមពីនេះ ស្មាតហ្វូនស៊េរីថ្មី Xiaomi 18 Pro Max នេះនឹងមានអេក្រង់ទី 2 នៅខាងក្រោយផងដែរសម្រាប់បង្ហាញព័ត៌មានសំខាន់ៗជាច្រើនដូចគ្នា៕
