ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់ 3 តង់របស់ Samsung នឹងមានការប្រើប្រាស់ឈ្មោះថ្មីថា “Galaxy Z TriFold”

ដោយ

Koun Jab Luffy

20 កក្កដា 2025 10:54 ព្រឹក

អាន 2 នាទី

Article image
តាមការបែកធ្លាយជាច្រើននាពេលថ្មីៗនេះ មានការព្យាករណ៌ថា ក្រុមហ៊ុន Samsung ហាក់ដូចជាត្រៀមខ្លួនក្នុងការប្រកាសស្មាតហ្វូនបត់បាន 3 តង់របស់ខ្លួនជាផ្លូវការហើយ ខណៈដែលមានការបញ្ជាក់ជាថ្មីនេះថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមិនមែនមានឈ្មោះហៅថា “Galaxy G Fold” នោះទេ។ តាមការចុះបញ្ជីនៅក្នុងពាណិជ្ជសញ្ញា Trademark ថ្មីមួយ មានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ អាចនឹងប្រើប្រាស់នូវឈ្មោះ Galaxy Z Series របស់ក្រុមហ៊ុន Samsung ដែលធ្លាប់ប្រើប្រាស់នៅលើ Z Fold និង Z Flip អញ្ចឹង។
យោងតាមការទម្លាយជាលើកដំបូងបំផុតកាលខែមករាឆ្នាំ 2025 កន្លងទៅនេះ នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2025 បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះនឹងបង្ហាញខ្លួននៅលើទីផ្សារនៅក្នុងខែធ្នូឆ្នាំនេះ 2025។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន Samsung ទើបតែបង្ហាញស្មាតហ្វូនបត់បាន Galaxy Z Fold7 និង Z Flip7 កាលពីដើមខែនេះដូចគ្នា ដូច្នេះហើយស្មាតហ្វូនបត់បាន 3 តង់នេះ អាចនឹងមិនទាន់មានវត្តមាននៅឡើយទេ។ ប៉ុន្តែបើតាមប្រទះឃើញដោយ GalaxyClub នៅក្នុងពាណិជ្ជសញ្ញា Trademark ថ្មី ដែលបានចុះបញ្ជីនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ បញ្ជាក់ថា គឺមានឈ្មោះហៅថា “Galaxy Z TriFold”។
Article image
សម្រាប់ឈ្មោះកូដរបស់ស្មាតហ្វូនថ្មីនេះ គឺមានឈ្មោះថា Q7M ដែលមានអេក្រង់ខាងក្នុងទំហំ 10-អ៊ីង នៅពេលដែលបើក ហើយអេក្រង់ខាងក្រៅមានទំហំ 6.49-អ៊ីង គាំទ្រជាមួយនឹងបន្ទះឈីប Snapdragon 8 Elite របស់ក្រុមហ៊ុន Qualcomm។ ស្មាតហ្វូនថ្មីនេះ គឺនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន និងកូរ៉េខាងត្បូងប៉ុណ្ណោះ។ ប្រសិនបើក្រុមហ៊ុន Samsung ធ្វើតាមផែនការរបស់ខ្លួននោះ ស្មាតហ្វូនបត់បាន 3 តង់នេះ នឹងបង្ហាញខ្លួននៅឆ្នាំនេះ ហើយនឹងក្លាយជាកូរប្រជែងជាមួយនឹងស្មាតហ្វូនបត់បាន Mate XT របស់ Huawei ផងដែរ៕
Article image