ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី OnePlus Open 2 នឹងបំពាក់ថាមពលថ្មទំហំដល់ 6,000mAh និងប្រើបន្ទះឈីប Snapdragon 8 Gen 4

ដោយ

Koun Jab Luffy

24 កក្កដា 2024 05:33 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតស្មាតហ្វូន OnePlus ត្រូវបានគេរាយការណ៍ថាបាននឹងកំពុងធ្វើការលើសង្វាក់ផលិតស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីដែលមានថាមពលថ្មទំហំធំបំផុត។ គណនីទម្លាយព័ត៌មាន Digital Chat Station បានបង្ហើបថា ស្មាតហ្វូនអេក្រង់ជំនាន់ថ្មីរបស់ OnePlus គឺ OnePlus 2 នឹងបំពាក់ថាមពលថ្មដែលមានទំហំធំបំផុតដល់ 6,000mAh។ ហើយ OnePlus 2 នឹងបង្ហាញវត្តមាននៅត្រីមាសដំបូងក្នុងឆ្នាំ 2025 ជាមួយការបំពាក់នូវបន្ទះឈីបកំពូលជំនាន់ថ្មីចុងក្រោយរបស់ Qualcomm គឺ Snapdragon 8 Gen 4។
សម្រាប់គុណភាព Cell របស់ថ្មដែលមានទំហំធំនេះ ត្រូវបានគេដឹងថា នឹងប្រើនូវបច្ចេកវិទ្យា Glacier Battery technology ដែល OnePlus បានធ្វើការបង្ហាញចេញកាលពីពេលថ្មីៗនេះនៅប្រទេសចិន។ ដោយបច្ចេកវិទ្យាថ្មនេះ គឺកើតឡើងពីការសហការគ្នារវាង OnePlus និង CATL។ បច្ចេកវិទ្យាថ្មថ្មីនេះប្រើប្រាស់នូវសារធាតុ Silicon-carbon solution ដែលផ្តល់នូវប្រសិទ្ធិភាព ភាពធន់ និងបង្កើននូវបន្ទុកថាមពលថ្មខ្លាំង។ OnePlus Ace 3 Pro ត្រូវបានគេរំពឹងថា គឺជាស្មាតហ្វូនដំបូងរបស់ OnePlus ដែលប្រើប្រាស់កញ្ចប់បច្ចេកវិទ្យាថ្មថ្មីនេះជាមួយទំហំ 763Wh/L ដែលមានគុណភាពប្រសើរជាង Li-Ion Cell បច្ចុប្បន្នប្រមាណ 23%។
Article image
នៅលើ OnePlus Open បច្ចុប្បន្ន គឺបំពាក់ថាមពលថ្មទំហំ 4,805mAh ដែលវាមានប្រសិទ្ធិភាពខ្ពស់សម្រាប់ការធ្វើតេស្តទៅលើអាយុកាលប្រើប្រាស់បានល្អប្រសើរជាងស្មាតហ្វូនផ្សេង។ ទៅលើបច្ចេកវិទ្យាថ្មថ្មី ដែលមានថាមពលខ្លាំងនឹងធ្វើឲ្យ OnePlus Open 2 ក្លាយជាគូប្រជែងជាមួយស្មាតហ្វូនអេក្រង់បត់ផ្សេងទៀត ដូចជា Vivo X Fold 3 Pro និង Honor Magic V3 ដែលប្រើប្រាស់ថ្មប្រភេទ Si/Co batteries ដែលមានថាមពល 5,700mAh និង 5,150mAh៕