
ក្រុមហ៊ុន Xiaomi បានបញ្ជាក់ជាផ្លូវការណ៍នៅថ្ងៃនៃការបង្ហាញវត្តមានស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Xiaomi Mix Fold 4 គឺនៅថ្ងៃសុក្រ ទី 19 ខែកក្តដា សប្តាហ៍នេះ នាវេលាម៉ោង 7PM ម៉ោងនៅក្នុងប្រទេសចិន។ ទោះបីជា Xiaomi មិនបានបញ្ជាក់ពីវត្តមានរបស់ម៉ូដែល Mix Flip និង Redmi K70 Ultra ក៏ដោយ ប៉ុន្តែ បើតាមប្រភពព័ត៌មាន បានបញ្ជាក់ថា ស្មាតហ្វូនទាំងពីរម៉ូដែលនេះ ក៏នឹងត្រូវបង្ហាញវត្តមានក្នុងថ្ងៃតែមួយជាមួយ Mix Fold 4 ផងដែរ។
បើតាមការទម្លាយព័ត៌មានពី Xiaomi ផ្ទាល់បានបង្ហាញថា Mix Fold 4 នឹងមានជម្រើសពីរពណ៌ គឺខៀវ និង ស។ ប៉ុន្តែ ក៏មានព័ត៌មានចចាមអារាមផ្សេងទៀតបាននិយាយថា Xiaomi Mix Fold 4 ក៏នឹងមានជម្រើសពណ៌ខ្មៅផងដែរ។ នៅលើផ្នែកខ្នងខាងក្រោយរបស់ Mix Fold 4 មានការឌីស្សាញកញ្ចប់កាមេរ៉ារាងចតុកោណធំទទឹងខ្លួនជាមួយនឹងភាពកោងគែមជុំវិញបន្តិចផងដែរ នេះបើមើលតាមរូបភាព។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ទីបួនរបស់ Xiaomi នេះ នឹងបំពាក់បន្ទះឈីប Qualcomm snapdragon 8 Gen 3 ដូចគ្នានឹងស្មាតហ្វូនអេក្រង់បត់ផ្សេងទៀតដូចជា Vivo X Fold 3 Pro, Honor Magic V3 និង Samsung Galaxy Z Fold 6 ដែរ។
យោងទៅលើរបាយការណ៍បានបញ្ជាក់ថា Xiaomi Mix Fold 4 នឹងមានជម្រើសរ៉េមទំហំធំដល់ 16GB និងអង្គផ្ទុកទិន្នន័យដល់ 1TB។ តាមការបញ្ជាក់ពី Xiaomi បានឲ្យដឹងថា Mix Fold 4 នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ក្រុមហ៊ុនដែលបំពាក់ត្រចៀកបត់ Dragon Bone Hinge 2.0 ដែលជាត្រចៀកបត់មានភាពរឹងមាំ និងជួយឲ្យទូរស័ព្ទមានកម្រាស់ស្តើង និងទម្ងន់ស្រាលផងដែរ។
ត្រចៀកបត់ថ្មីនេះប្រើនូវគ្រឿងបង្គុំជាប្រភេទ T800H high-strength carbon fiber full-carbon architecture។ Xiaomi Mix Fold 4 នឹងមានទំងន់ប្រមាណ 226 ក្រាម និងកម្រាស់ស្តើងបំផុតត្រឹម 9.47mm។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ ក៏នឹងមានប្រព័ន្ធការពារទឹក និងធូលីកម្រិត IPX8 ផងដែរ។

សម្រាប់ប្រព័ន្ធកាមេរ៉ាវិញ Xiaomi Mix Fold 4 នឹងប្រើកញ្ចប់លែនកាមេរ៉ា Leica ទាំងបួនគ្រាប់ ដោយក្នុងនោះរួមមានសែនស័រ 5x Periscope និង Portrait telephoto ដែលអាចថតរូបភាពកម្រិត telephoto macro បានផងដែរ។ បន្ថែមពីនេះ Xiaomi Mix Fold 4 ក៏នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងឥតខ្សែកំលាំង 50W Wireless Charging និងប្រព័ន្ធភ្ជាប់ផ្កាយរណប two-way satellite communication ថែមទៀតផង៕
