
មកដល់ពេលនេះ បើនិយាយពីព័ត៌មានរបស់ iPhone អេក្រង់បត់នោះ គឺមានពាក្យចចាមអារ៉ាមជាច្រើនរួចមកហើយ។ ថ្មីៗនេះ មានការលេចធ្លាយនូវដំណឹងថ្មីពីស្មាតហ្វូនថ្មីនេះ ថែមទៀតហើយ ដោយនៅក្នុងនោះមានការបញ្ជាក់ថា ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Apple បានចុះកិចព្រមព្រៀងជាមួយគ្នា នៅក្នុងការនាំយកនូវបន្ទះអេក្រង់របស់ Samsung មកប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់របស់ Apple។ ប៉ុន្តែនៅក្នុងរបាយការណ៌ខាងលើនេះ មិនទាន់មានការបញ្ជាក់ច្បាស់ទេថា Samsung នឹងផ្គត់ផ្គង់អេក្រង់ទាំងពីរឬយ៉ាងណានោះទេ។
គួរបញ្ជាក់ផងដែរថា អេក្រង់របស់ក្រុមហ៊ុន Samsung Display គឺត្រូវបានប្រើប្រាស់នៅលើទូរស័ព្ទ iPhones និង MacBooks រួចមកហើយ ដូច្នេះជាមួយនិងព័ត៌មានថ្មីនេះ ហាក់ដូចជាមិនមានអ្វីប្លែកនោះទេ ប្រសិនបើក្រុមហ៊ុនអាមេរិកាំងមួយនេះ នៅតបន្តប្រើប្រាស់អេក្រង់របស់ Samsung នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននោះ។ គិតមកដល់ពេលនេះ ក្រុមហ៊ុន Samsung បានកំពុងតែនាំមុខគេនៅលើទីផ្សារស្មាតហ្វូនអេក្រង់បាននៅទូទាំងពិភពលោក។ ហើយបើក្រឡេកមកមើលការឌីស្សាញរូបរាងរបស់ស្មាតហ្វូនអេក្រង់បត់របស់ Apple គឺនៅមិនទាន់មានការទម្លាយចេញនៅឡើយទេ ខណៈដែលការពាក្យចចាមអារ៉ានិយាយថា ស្មាតហ្វូននេះ នឹងមានការឌីស្សាញជាគ្រំ ដែលស្រដៀងគ្នាទៅហ្នឹងស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Flip អញ្ចឹង។ នៅក្នុងនោះក៏មានការទម្លាយថា ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំធំ ហើយនិងមានរាងធំដូចជាថេប្លេតប្រសិនបើបកអេក្រង់។ ប៉ុន្តែបើមើលទៅលើប៉ាតង់របស់ Apple គឺមានភាពខុសគ្នា។

សូមជំរាបថា ព័ត៌មានខាងលើនេះ គឺគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ មិនមានមែនជាព័ត៌មានផ្លូវការនោះទេ ខណៈដែលក្រុមហ៊ុន Apple គឺមិនងាយនឹងបញ្ចេញនូវព័ត៌មានរបស់ស្មាតហ្វូនជំមាន់ថ្មីរបស់ខ្លួននោះទេ។ គិតមកដល់ពេលនេះ ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា មានភាពយឺតយ៉ាវនៅក្នុងការប្រកាសចេញស្មាតហ្វូនអេក្រង់បត់បាន ស្របពេលដែលក្រុមហ៊ុន Samsung បានត្រៀមបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនថែមទៀតហើយ។ ថ្មីៗនេះ ក្រុមហ៊ុន Apple ក៏មានការផ្តោតខ្លាំងទៅលើឧបករណ៌អេក្រង់បត់ ដែលមានអេក្រង់ទំហំ ដល់ទៅ 20 អ៊ីងផងដែរ។
