
មួយរយៈចុងក្រោយនេះ មានពាក្យចចាមអារ៉ាមជាច្រើន បាននិយាយពីស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ក្រុមហ៊ុន Huawei ដោយបានលើកឡើងថា ស្មាតហ្វូនដែលមានរូបរាងថ្មីនេះ នឹងមានវត្តមាននៅលើទីផ្សារឆាប់ៗនេះហើយ។ ដើម្បីបញ្ចប់នូវការជជែកវែកញែកខាងលើនេះ នៅថ្ងៃនេះ មានដំនឹងថា ក្រុមហ៊ុន Huawei នឹងប្រកាសចេញនៅក្នុងខែកញ្ញាខាងមុខនេះហើយ។ បើតាមការបែកធ្លាយមួយបានបង្ហាញថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ អាចនឹងមានការបង្ហាញនូវស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ពិភពលោកនៅខែក្រោយនេះ។
បើតាមអ្នកទម្លាយ @FixedFocus បានបង្ហើបថា ស្មាតហ្វូនបត់បាន 3 តង់របស់ក្រុមហ៊ុន Huawei នេះ អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកញ្ញានេះ។ គាត់ប្រើប្រាស់នូវពាក្យថា “electronic Moutai” ដែលអះអាងថា ស្មាតហ្វូនបត់បានខាងមុខនេះ អាចនឹងក្លាយជាផលិតផលដែលមានតម្លៃថ្លៃបំផុតរបស់ក្រុមហ៊ុន Huawei សម្រាប់ទីផ្សារអ្នកប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ននេះ។
Moutai សំដៅទៅលើស្រាពណ៌ស (ថ្លា) នៅក្នុងប្រទេសចិន។ សមាសភាគថ្មីនេះ អាចនឹងមានការផលិតចចេញពីស្រូវសាឡី និង ទឹកដ៏ល្អឥតខ្ចោះចេញពីទន្លេ Chishui River ថែមទៀតផង។ សម្រាប់ Kweichow Moutai នេះវិញ ត្រូវបានគេស្គាល់ថា គឺជាម៉ាកស្រាដ៏មានកិត្យានុភាព និងថ្លៃបំផុតនៅក្នុងពិភពលោក។ អ្នកទម្លាយរូបនេះ បាននិយាយថា ស្មាតហ្វូនបត់បាន 3 តង់របស់ក្រុមហ៊ុន Huawei នេះ គឺនឹងបង្ហាញខ្លួនជា electronic Moutai។ លោកអ្នកអាចនឹងឃើញនូវវត្តមានរបស់ស្មាតហ្វូនបត់បានដ៏អស្ចារ្យនេះនៅខែក្រោយនេះ។
ជាមួយគ្នានេះ មានអ្នកលេងអ៊ីនធឺណិតមួយចំនួន បានឆ្លើយតបទៅអ្នកទម្លាយនេះថា ស្មាតហ្វូនបត់បាននេះ អាចនឹងមិនពេញនិយមនោះទេ ដោយសារតែតម្លៃខ្ពស់ពេក។ ក្រុមហ៊ុននេះ អាចនឹងទម្លាក់ទៅលើតម្លៃរបស់ស្មាតហ្វូននេះផងដែរ។ ប៉ុន្តែគំនិតនេះ មិនទាន់ច្បាស់នៅឡើយទេ។ ការបែកធ្លាយចុងក្រោយនេះ បាននិយាយទៀតថា ស្មាតហ្វូនបត់បាន 3 តង់ របស់ក្រុមហ៊ុន Huawei នេះ គឺស្ថិតនៅក្នុងដំណាក់កាលនៃការផលិតផងដែរ។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនមុនវត្តមានរបស់ស្មាតហ្វូន Mate 70 Series។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ក៏បានត្រៀមខ្លួនបង្ហាញនូវស្មាតហ្វូនបត់បាន 3 បត់បាននេះដែលអាចនឹងបង្ហាញខ្លួននៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ជាមួយនឹងស្មាតហ្វូនបត់បាន 3 តង់នេះ ក្រុមហ៊ុន Huawei នឹងអាចប្រកួតប្រជែងយ៉ាងខ្លាំងនៅលើទីផ្សារជាមួយនឹងក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀតដូចជា Samsung។ ម៉ុដែលនេះ ក៏នឹងអាចប្រកួតប្រជែងជាមួយនឹងផលិតផល Apple iPad ដោយសារតែការឌីស្សាញយ៉ាងពិសេសជាមួយអេក្រង់ទំហំធំ។ យ៉ាងណាមិញ តម្លៃដ៏ខ្ពស់នេះ ក៏អាចនឹងបង្កើននូវបញ្ហាជាច្រើនសម្រាប់ក្រុមហ៊ុននេះផងដែរនៅពេលខាងមុខនេះ៕
