
កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Samsung បានធ្វើការពង្រីកអេក្រង់ខាងក្រៅរបស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip5 ទំហំធំដល់ទៅ 3.4-អ៊ីងបន្ទាប់ពីស្មាតហ្វូនជំនាន់មុនៗ ដូចជា Z Flip4 និង Flip3 មានអេក្រង់ខាងក្រៅមានទំហំត្រឹមតែ 1.9-អ៊ីង។ យោងតាមពាក្យចចាមអារ៉ាមនៅថ្ងៃនេះ ដែលបានចែកចាយដោយប្រភពជឿជាក់បាន @TheGalox_ បានទម្លាយថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Flip6 គឺនឹងមានការបំពាក់នូវអេក្រង់ខាងក្រៅទំហំធំជាងមុនដល់ទៅ 3.9-អ៊ីង។ ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនអេក្រង់បត់បាននេះ ក៏នឹងមានការការពារអេក្រង់ដោយកញ្ចក់ Gorilla Glass Armor នៅលើអេក្រង់ខាងក្រៅនេះទៀតផង។
ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ក៏ត្រូវបានគេបញ្ជាក់ថា នឹងមានការបំពាក់អេក្រង់ខាងក្រៅទំហំ 6.7-អ៊ីង ហើយថែមទាំង មានការពង្រឹងបន្ថែមទៅលើគន្លឹះភ្ជាប់កាន់តែមានសមត្ថភាពខ្ពស់ រួមជាមួយនិងប្រព័ន្ធត្រជាក់ក្នុងម៉ាស៊ីនធំជាងមុនថែមទៀត ។ ស្មាតហ្វូនអេក្រង់បត់បាននេះ ត្រូវបានគេរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 និងមានរ៉េមទំហំ 12GB ដែលជាទំហំរ៉េមធំជាងគេបំផុតសម្រាប់ស្មាតហ្វូនអេក្រង់បត់បាន Samsung Flip series។

និយាយពីកាមេរ៉ានៅលើស្មាតហ្វូនអេក្រង់បត់បាននេះវិញ ត្រូវបានគេបញ្ជាក់ថា នឹងមានការបំពាក់នូវសិនស័រគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 12MP ultrawide lens។ ក្រុមហ៊ុន Samsung ក៏នឹងមានការដាក់អោយប្រើប្រាស់នូវបច្ចេក វិទ្យា Galaxy AI នៅលើស្មាតហ្វូននេះផងដែរ។ អ្វីដែលពិសេសនោះ ក្រុមហ៊ុននេះ ក៏នឹងមានការដាក់អោយប្រើប្រាស់នូវការ អាប់ដែតដល់ទៅ 7 ឆ្នាំ សម្រាប់ software និង Security updates ដូចអ្វីដែលយើងឃើញនៅលើស្មាតហ្វូណ Galaxy S24 series អញ្ចឹង។ Flip6 ត្រូវគេរាយការណ៌ថា នឹងមានថ្មទំហំ 4,000mAh។ Samsung នឹងមានការប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូនអេក្រង់បត់បាន Flip6 នេះ នៅក្នុងព្រឹត្តិការណ៌ Galaxy Unpacked នៅក្នុងខែកក្កដា ជាមួយនិង Fold6 និង Galaxy Ring ផងដែរ។
