ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បាន Samsung Galaxy Z Fold FE និង Z Flip FE ទំនងជានឹងបង្ហាញវត្តមាននៅលើទីផ្សារក្នុងឆ្នាំនេះ

ដោយ

Koun Jab Luffy

05 មេសា 2024 09:24 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ពិភពលោករបស់ប្រទេសកូរ៉េខាងត្បូង Samsung Electronics នឹងធ្វើការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold 6 និង Z Flip 6 នៅក្នុងឆ្នាំនេះ អាចក្នុងខែកក្តដា ឬដើមខែសីហា។ ហើយបើតាមប្រភពព័ត៌មាន ឆ្នាំនេះ Samsung អាចនឹងមានការបញ្ចេញនូវ Galaxy Z Fold 6 និង Galaxy Z Fold 6 Ultra ឬក៏ Galaxy Z Fold 6 និង Z Fold 6 FE។ ទោះជាយ៉ាងណាព័ត៌មាននេះ គឺស្ថិតនៅក្នុងភាពមិនច្បាស់លាស់នោះទេ។
ដោយឡែកនៅពេលនេះវិញ ក៏មានប្រភពរបាយការណ៍ថ្មីមួយទៀតចេញពីប្រទេសចិន ដោយបានបង្ហើបថា Samsung នឹងធ្វើការបញ្ចេញស្មាតហ្វូនអេក្រង់បត់ម៉ូដែល Fan Edition ដែលមានទាំងម៉ូដែល Galaxy Z Fold 6 FE និង Z Flip 6 FE ផងដែរ។ ជាមួយគ្នានេះប្រភពក៏បានធ្វើការបង្ហាញពីទំហំវិមាត្រ បន្ទះឈីប និងគុណសម្បត្តិមួយចំនួនផ្សេងទៀតរបស់ Galaxy Z Fold FE ថ្មីនេះថែមទៀតផង។
ដោយក្នុងនោះសម្រាប់ Galaxy Z Fold 6 FE នៅពេលបត់ គឺមានទំហំ 155.1 x 67.1 x 14.2 mm ខណៈម៉ូដែល Galaxy Z Flip 6 FE នៅពេលពន្លា គឺមានទំហំ 165.2 x 71.9 x 6.9 mm។ សម្រាប់ម៉ូដែល Galaxy Z Flip 6 FE នឹងប្រើបន្ទះឈីប Snapdragon 7s Gen 2 ចំនែក Galaxy Z Fold 6 FE នឹងមានជម្រើសប្រើឈីប Snapdragon និង Exynos Series អាស្រ័យទៅតាមទីផ្សារដែលត្រូវចេញលក់។
Article image
ហើយបន្ទះឈីបដែលត្រូវប្រើនៅលើ Galaxy Z Fold 6 FE ទំនងជា Exynos 2300 របស់ Samsung ដែលក្រុមហ៊ុនមិនទាន់បានប្រកាសចេញ។ ប្រភពដដែលក៏បានបង្ហាញពីទំហំរបស់រ៉េម និងម៉េមូរីផ្ទុកទិន្នន័យផងដែរ។ ដោយក្នុងនោះម៉ូដែល Galaxy Fold 6 FE អាចនឹងមានជម្រើសរ៉េមទំហំ 12GB ដល់ 16GB ខណៈ Galaxy Z Flip FE នឹងមានជម្រើសរ៉េមទំហំ 8GB។ ហើយសម្រាប់ Galaxy Fold 6 FE ក៏នឹងមានម៉េមូរីទំហំ 256GB ដល់ 512GB រី Galaxy Z Flip 6 FE នឹងមានម៉េមូរីទំហំ 256GB៕
ស្មាតហ្វូនអេក្រង់បត់បាន Samsung Galaxy Z Fold FE និង Z Flip FE ទំនងជានឹងបង្ហាញវត្តមាននៅលើទីផ្សារក្នុងឆ្នាំនេះ