
កាលពីខែមិថុនាកន្លងទៅនេះ ស្មាតហ្វូនអេក្រង់បត់បានថ្មីម៉ូដែល vivo X Fold 3 Pro បានបង្ហាញខ្លួនជាផ្លូវការណ៌នៅលើទីផ្សារប្រទេសឥណ្ឌា នៅក្នុងនាមជាស្មាតហ្វូនបត់បាន Flagship ស៊េរីថ្មីចុងក្រោយ ដែលមានកម្រ៉ាស់ស្តើងបំផុត។ ស្មាតហ្វូននេះ គឺមានកាមេរ៉ាដ៏ទាក់ទាញ ហើយថែមទាំងមានការឌីស្សាញរាងស្លីមស្អាតមែនទែន។ យោងតាមដំណឹងថ្មីនៅពេលនេះ បាននិយាយថា ស្មាតហ្វូនដ៏ប្រណិតនេះ គឺមានការបង្ហាញខ្លួនជាមួយនឹងម៉ូដែលថ្មីមួយទៀតមានឈ្មោះថា Lunar White limited edition ហើយនឹងមានការផ្តល់ជូននូវតម្លៃយ៉ាងពិសេសទៀតផង។
សូមជំរាបថា កាលពីដើមឆ្នាំនេះ ស្មាតហ្វូនអេក្រង់បត់បានថ្មីម៉ូដែល Vivo X Fold 3 Pro នេះ គឺបង្ហាញវត្តមានជាមួយនិងជម្រើសពណ៌ខ្មៅ Celestial Black ហើយសម្រាប់ពេលនេះ ក្រុមហ៊ុននេះ បានបង្ហាញនូវពណ៌ Limited Edition Lunar White វិញម្តង។ ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានលក្ខណៈសម្បត្តិដូចទៅនឹងស្មាតហ្វូនអេក្រង់បត់បានពណ៌ Black ដែលបង្ហាញវត្តមានកន្លងមកអញ្ចឹង។ ស្មាតហ្វូនអេក្រង់បត់បាននេះ មានអេក្រង់ខាងក្នុងប្រភេទ AMOLED display ទំហំ 8.03-អ៊ីង ហើយនិងអេក្រង់ខាងក្រៅ AMOLED cover ទំហំ 6.53-អ៊ីង។

ស្មាតហ្វូនអេក្រង់បត់បានថ្មីម៉ូដែលដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 3 SoC រ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB។ សម្រាប់ការថតរូបនៅលើស្មាតហ្វូននេះ គឺមានការបំពាក់នូវកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50-Megapixel និងកាមេរ៉ាខាងមុខទំហំ 32-Megapixel។ ស្មាតហ្វូនអេក្រង់បត់បាននេះ មានថាមពលថ្មទំហំ 5,700mAh និងបច្ចេកវិទ្យាសាកថ្មលឿន 100W wired fast charging និង 50W wireless fast charging ។ ស្មាតហ្វូននេះ មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់, Bluetooth 5.4, stereo speakers ហើយនិងមានបច្ចេកវិទ្យាការពារទឹកកម្រិត IPX8 ថែមទៀតផង។

ស្មាតហ្វូនអេក្រង់បត់បានថ្មីម៉ូដែល Vivo X Fold 3 Pro នេះ មានតម្លៃ 159,999 INR នៅក្នុងប្រទេសឥណ្ឌា ហើយក៏នឹងមានលក់នៅលើ Vivo India eStore, Flipkart រួមនិងហាងលក់រាយជាដៃគូជាច្រើនទៀតផងដែរ។ ការលក់ដំបូង គឺចាប់ផ្តើមនៅថ្ងៃនេះ។ ក្រុមហ៊ុននេះ ក៏ផ្តល់នូវគម្រោងនៃការបង់រំលោះឥតការប្រាក់ដល់ទៅ 24 ខែ។ វាបង់ត្រឹមតែ 6666 INR ក្នុងមួយខែ៕
