
ក្រៅពីការអភិវឌ្ឍទៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី 3 តង់ ក្រុមហ៊ុន Huawei បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានម៉ូដែលថ្មី Mate X6 ផងដែរ។ ម៉ូដែលថ្មីនេះ ត្រូវបានគេរាយការណ៌ថា នឹងមានការឌីស្សាញអេក្រង់ជំនាន់ថ្មី ដែកមានគែមរាបស្មើរថែមទៀតផង។ បើតាមការទម្លាយចុងក្រោយនេះ បាននិយាយថា នៅពេលនេះ ក្រុមហ៊ុន Huawei បានខិតខំធ្វើការយ៉ាងខ្លាំងទៅលើអេក្រង់បត់បាននេះ ដើម្បើធ្វើយ៉ាងណាអោយអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍កាន់តែប្រសើរ។
យោងតមការទម្លាយរបស់ @FixedFocus នៅពេលនេះ បានធ្វើការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Mate X6 នឹងមានការប្រើប្រាស់នូវបន្ទះអេក្រង់ជំនាន់ថ្មី Dynamic Flat និង Straight Screen។ លោកបានបន្តថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវអេក្រង់ដែលមានសមត្ថភាពខ្ពស់លើសពីការស្មាន ហើយអេក្រង់នេះ គឺនឹងមានការឌីស្សាញជាមួយនិងគែមរាបស្មើរថែមទៀតផង។ អេក្រង់ថ្មីនេះ នឹងមានការឌីស្សាញជាមួយនិងកម្រ៉ាស់ស្តើង ហើយនិងមានទម្ងន់ស្រាល ប្រៀបធៀបជាមួយនិងអេក្រង់ដែលប្រើប្រាស់នាបច្ចុប្បន្ននេះ។ ដូច្នេះជាមួយនិងវត្តមានស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឹនឹងធ្វើអោយអ្នកប្រើប្រាស់កាន់តែជឿជាក់ជាមួយនិងស្មាតហ្វូនរបស់ខ្លួន។

សូមជំរាបថាស្មាតហ្វូនអេក្រង់បត់បាន Huawei Mate X5 ដែលបានបង្ហាញវត្តមានមុននេះ គឺមានការប្រើប្រាស់នូវអេក្រង់គែមកោង foldable flexible OLED (LTPO) គាំទ្រដោយ Kunlun Glass ថែមទៀតផង។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Huawei អាចនឹងជ្រើសរើសនូវដំណោះស្រាយថ្មីសម្រាប់ស្មាតហ្វូនអេក្រង់បត់ម៉ូដែល Mate X6 តាមរយៈនៃការប្រើប្រាស់នូវសអេក្រង់បត់បានដែលមានផ្ទៃរាបស្មើរវិញ ព្រោះថា ក្រុមហ៊ុនអាចនឹងមើលឃើញនូវអត្ថប្រយោជន៌ថ្មីពីអេក្រង់នេះ ដោយវានឹងផ្តល់អោយអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលជាងមុន។

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Mate X6 ត្រូវបានគេរាយការណ៌ថា អាចនឹងមានការប្រកាសចេញជាផ្លូវការនៅខែកញ្ញាខាងមុខនេះហើយ។ ម៉ូដែលនេះត្រូវបានគេជឿជាក់ថា នឹងមានការអាប់ដែតជាងជំនាន់មុន។ បន្ថែមពីនេះ ស្មាតហ្វូនអេក្រង់បត់បាននេះ ក៏អាចនឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មីថែមទៀតផង។ ស្មាតហ្វូននេះ ត្រូវគេរាយការណ៌ថា នឹងបន្តប្រើប្រាស់នូវម៉ូឌុលកាមេរ៉ាដូចមុនៗដដែល។
