
មកដល់ពេលនេះ ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា គឺជាក្រុមហ៊ុនតែមួយគត់ដែលមានភាពជោគជ័យខ្លាំងជាងគេនៅលើទីផ្សារស្មាតហ្វូនអេក្រង់បត់បាន។ ស្របពេលដែលមានជោគជ័យនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងនេះ ក៏រងនូវការប្រកួតប្រជែងពីសំណាក់ដៃគូរជាច្រើនដូចគ្នា ដើម្បីបន្តតំណែងជាអ្នកនាំមុខ។ ថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏មានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានម៉ូដែលថ្មី Galaxy Z Fold 6 ផងដែរ។ ស្មាតហ្វូននេះ មានការអាប់ដែតរូបរាងតិចតួចប៉ុណ្ណោះ។
ប៉ុន្តែបើមើលទៅលើក្រុមហ៊ុនផលិតស្មាតហ្វូនធំៗរបស់ប្រទេសចិនវិញ គឺពិតជាមានការអាប់ដែតខ្លាំងមែនទែនប្រៀបធៀបជាមួយនិងក្រុមហ៊ុន Samsung។ ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុន Honor ក៏ទើបតែបានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន Honor Magic V3 ផងដែរ ដោយម៉ូដែលនេះ គឺមានកម្រ៉ាស់ស្តើងត្រឹមតែ 9.2mm ប៉ុណ្ណោះ នៅពេលដែលបត់ ដែលជាកម្រ៉ាស់ស្តើងជាងគេបំផុតនៅក្នុងចំណោមស្មាតហ្វូនអេក្រង់បត់បាននៅលើទីផ្សារនាពេលបច្ចុប្បន្ន។ ប្រៀបធៀបជាមួយនិងស្មាតហ្វូន Z Fold 6 គឺមានកម្រ៉ាស់ 12.1mm គឺក្រាស់ជាង Honor Magic V3 កម្រ៉ាស់ 2.9mm។

ដូច្នេះដើម្បីប្រជែងជាមួយនិងដៃគូនោះ នៅថ្ងៃនេះមានរបាយការណ៌របស់ Naver បាននិយាយថា ក្រុមហ៊ុន Samsung បាននឹងធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន ដែលមានកម្រ៉ាស់ស្តើងត្រឹមតែ 7mm ប៉ុណ្ណោះនៅពេលដែលបិទ។ បើសិនជាក្រុមហ៊ុនកូរ៉េខាងត្បូងនេះធ្វើបានមែន ម៉ូដែលថ្មីនេះ នឹងក្លាយជាម៉ូដែលថ្មី ដែលមានកម្រ៉ាស់ស្តើងជាង Honor Magic V3 ជាក់ជាមិនខាន។ ប្រភពខាងលើនេះបន្តថា ប្រសិនបើមានការផ្លាស់ប្តូររូបរាងមែននោះ ក្រុមហ៊ុននេះ នឹងមានការដកចេញនូវផ្នែកខ្លះដែលមាននៅឡើស្មាតហ្វូនបច្ចុប្បន្ន ក្នុងនោះមានដូចជា S Pen និងថ្មជាដើម។

គួរបញ្ជាក់ថា ថ្មីៗនេះ មានពាក្យចចាមអារ៉ាម និងសេចក្តីរាយការណ៌ជាច្រើនរួចមកហើយ ទាក់ទងជាមួយនិងស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy Z Fold 6 Slim ប៉ុន្តែទាក់ទងនឹងព័ត៌មានពីម៉ូដែលថ្មីដែលមានកម្រ៉ាស់ស្តើងត្រឹម 7mm នេះ គេមិនទាន់បញ្ជាក់ថា អាចជាម៉ូដែលថ្មី Galaxy Z Fold 6 Slim នៅឡើយទេ។
