
កាលពីសប្តាហ៍មុននេះមានរបាយការណ៍មួយនិយាយថា Samsung បាននឹងកំពុងធ្វើការលើសង្វាក់ផលិតស្មាតហ្វូនអេក្រង់បត់បី បត់ ឬ Tri-foldable phone ដំបូងរបស់ខ្លួនដើម្បីប្រជែងជាមួយ Huawei Mate XT។ ទន្ទឹមនឹងនេះ Samsung ក៏ធ្លាប់បានប្រលយពាក្យថា ស្មាតហ្វូនអេក្រង់បត់ Tri-foldable phone របស់ខ្លួន នឹងបង្ហាញវត្តមាននៅឆមាសទីពីរក្នុងឆ្នាំ 2025 នេះ ក្នុងចំនួនមានកំនត់ ដោយមានចំនួនតិចជា 300,000 គ្រឿង។
ដោយឡែកនៅថ្ងៃនេះ ប្រភពព័ត៌មានចេញពីប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ឲ្យដឹងថា Samsung Tri-foldable phone ដំបូងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ នឹងត្រូវផលិតចេញជំហ៊ានដំបូងត្រឹមតែចំនួន 200,000 គ្រឿងប៉ុណ្ណោះ។ ផ្នែកនៃការផលិតស្មាតហ្វូនអេក្រង់បត់បីបត់ដំបូងរបស់ Samsung អាចនឹងត្រូវចាប់ផ្តើមនៅត្រីមាសទីពីរនៃឆ្នាំ 2025 (មេសា-មិថុនា)។
តាមប្រភពព័ត៌មានចចាមអារាមបាននិយាយ ថា Samsung ពេលនេះបានចែករំលែកផែនការរបស់ខ្លួនជាមួយនឹង "អ្នកផលិតគ្រឿងផ្សំសំខាន់ៗ" រួចហើយ។ Samsung tri-fold អាចនឹងមានទំហំអេក្រង់ត្រឹមតែ 10-inch នៅពេលដែលលាតពេញ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ របាយការណ៍ក៏បានអះអាងថា ការលក់ Galaxy Z Fold SE គឺមានតិចជាង 100,000 គ្រឿងមកទល់ពេលនេះ។ មានពាក្យចចាមអារ៉ាមនិយាយថា Samsung បាននឹងកំពុងអភិវឌ្ឍផលិតស្មាតហ្វូនអេក្រង់បត់ដែលមានតម្លៃធូរថ្លៃ គឺ Galaxy Z Flip FE សម្រាប់ឆ្នាំនេះ។

ក្រុមហ៊ុន Samsung រំពឹងថា ការលក់ស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនបានប្រហែល 7 លានគ្រឿងនៅឆ្នាំនេះ ដែលក្នុងនោះ 3 លានគ្រឿង គឺជាម៉ូដែល Flip7 និង 2 លានគ្រឿងជាម៉ូដែល Galaxy Z Fold7 ហើយនិងម៉ូដែល Galaxy Z Flip FE ចំនួន 900,000 គ្រឿង រួមនិង 200,000 គ្រឿង ជាម៉ូដែល Galaxy Tri-foldable តែម្តង៕
