
បន្ទាប់ពីមានការទម្លាយចេញនូវជម្រើសពណ៌របស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 series នៅថ្ងៃនេះ ហាងលក់រាយមួយចំនួនហ្វាំងឡង់បានចាប់ផ្តើមបង្ហាញចេញនូវអង្គចងចាំនៅលើស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Samsung ថែមទៀតហើយ។ នៅក្នុងនោះក៏មានការបញ្ចេញនូវសម្បកការពាររបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series ផងដែរ។
បើតាមបង្ហាញពីបណ្តាហាងលក់រាយខាងលើនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូនម៉ូដែលស្តង់ដាររបស់ Samsung Galaxy S25 នឹងមានអង្គចងចាំទំហំ 128GB ឬ 256GB ខណៈដែលរ៉េមនឹងមានការអាប់ដែតទំហំជាងមុន។ ចំពោះស្មាតហ្វូន Galaxy S25+ គឺនឹងមានការប្រើប្រាស់នូវអង្គចងចាំទំហំ 256GB ឬ 512GB ស្របពេលដែលស្មាតហ្វូនធំជាងគេ Galaxy S25 Ultra ក៏នឹងមានការបន្ថែមអង្គចងចាំទំហំដល់ 1TB ហើយស្មាតហ្វូនម៉ូដែល Ultra នេះ ក៏នឹងមានការពង្រីករ៉េមទំហដល់ទៅ 16GB ថែមទៀតផង។ ជាមួយគ្នានេះក៏មានការបញ្ជាក់ទៀតថា ស្មាតហ្វូនម៉ូដែល Ultra ក៏នឹងមានការឌីស្សាញស៊ុមពី titanium ខណៈដែល 2 ម៉ូដែលទៀត នឹងមានការប្រើប្រាស់នូវ Armor Aluminum ដដែល។

ជាមួយនិងការប្រកាសចេញនៅលើទីផ្សារក្នុងឆ្នាំនេះ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25, S25+ និង Galaxy S25 Ultra នឹងមានការភ្ជាប់ជាមួយ “Magnet Cases” ហើយនិងអាចផ្លាស់ប្តូរពណ៌ថែមទៀតផង។ សូមជំរាបថា ស្រោមការពារដែលមានប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S-Series ថ្មីនេះ គឺមានការផ្គត់ផ្គង់ដោយ Kindsuit ដែលកន្លងមកធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Series ផងដែរ។
