ស្វែងរកពួកយើង:

ឡាន Beijing BJ40 EREV គូប្រជែង Ford Bronco ថ្មី ចេញលក់ផ្លូវការណ៍ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

16 វិច្ឆិកា 2025 01:54 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្ត Beijing ដែលជាម៉ាកយីហោរងមួយរបស់សម្ព័ន្ធក្រុមហ៊ុនរថយន្ត BAIC បានធ្វើការប្រកាសចេញលក់រថយន្ត off-road EREV ស៊េរីថ្មីដែលមានឈ្មោះថា BJ40 Yuanjing Zhixing Edition ក្នុងតម្លៃខ្ទង់ $28,700 នៅទីផ្សារប្រទេសចិន។ រថយន្តស៊េរីថ្មីនេះ មានការបង្កើននូវប្រសិទ្ធភាពលើប្រព័ន្ធជំនួយការបើកបរ Advanced driver-assistance system ហៅកាត់ថា ADAS ដែលបានរួមបញ្ចូលមកនូវមុខងារថ្មីដូចជា high-speed NOA ឬ Navigation on Autopilot ដើម្បីបង្កើនប្រសិទ្ធិភាពកាន់តែខ្ពស់នូវពេលបើកបរនៅក្នុងទីក្រុង ឬទីប្រជុំជន។
ទៅលើការឌីស្សាញរបស់ BJ40 EREV គឺរក្សាទម្រង់បែបប្រអប់ហៅថា “square-box design” ដូចម៉ូដែលប្រើម៉ាស៊ីនសុទ្ធដែរ ដោយផ្នែកខាងមុខរបស់ BJ40 ថ្មី មានឌីស្សាញប៉ាណារំលេចដោយអំពូល LED ដាច់លើក្រោមចេញជា 5 ចន្លោះភ្ជាប់ជាមួយចង្កៀង ភ្ជាប់ដោយភ្លើង daytime running light រាងអក្សរ C មានបន្ទាត់ឆ្នូតម្ខាងបួននៅកណ្តាល។ ផ្នែកខាងក្នុងមានសភាពធំទូលាយ ជាមួយនឹងការឌីស្សាញទ្វារក្រោយបើកចំហៀងមួយកំណាត់ភ្ជាប់ដោយកង់សាគូ និងមួយកំណាត់បើកឡើងទៅលើ រួមជាមួយនឹងចង្កៀងស្តុបសងខាងឌីស្សាញជារអក្សរ F។ ផ្នែកចំហៀងមានបំពាក់ឈ្នាន់ជាន់ និងដៃទ្វារធម្មតាដូចឡាន off-road ទូទៅដែរ។
Article image
ចូលមកផ្នែកខាងក្នុងមានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ភ្លោះនៅកណ្តាល Dashboard ដែលអេក្រង់នីមួយៗមានទំហំ 12.8-inch មួយជាអេក្រង់កម្សាន្ត និងមួយទៀតជាអេក្រង់កម្សាន្តសម្រាប់អ្នករួមដំណើរខាងមុខ។ បន្ថែមពីនេះ ក៏មានអេក្រង់បង្ហាញព័ត៌មាន LCD ទំហំ 10.25-inch និងកញ្ចក់មើលក្រោយប្រភេទ  streaming rear-view mirror ទំហំ 9-inch ផងដែរ។ សម្រាប់ប្រព័ន្ធដំណើរការងារទូទៅខាងក្នុងកាប៊ីន Beijing BJ40 ថ្មីនេះ ទ្រទ្រង់ដោយបន្ទះឈីប Qualcomm Snapdragon 8155 គាំទ្រមុខងារបញ្ជាដោយសំឡេងឆ្លាតវៃ AI voice-activated។ BJ40 EREV បំពាក់មកជាមួយ Speaker ចំនួន 10 គ្រាប់ភ្ជាប់ជាមួយប្រព័ន្ធ amplifier ដាច់ ដែលផ្តល់នូវគុណភាពសំឡេងដ៏ពិរោះអស្ចារ្យ។
Article image
កាន់តែពិសេស Beijing  BJ40 Extended-Range Yuanjing Zhixing Edition គាំទ្រនូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ  “Yuanjing Intelligent technology” ដែលប្រតិបត្តិការជាមួយសែនស័រកម្រិត high-precision sensor ចំនួន 26 គ្រាប់ ហើយសែនស័រទាំងអស់ត្រូវបានភ្ជាប់ឲ្យដំណើរការនូវប្រព័ន្ធ ADAS ដែលមានមុខងារជំនួយការបើកបរដូចជា high-speed NOA, intelligent parking assist និង memory parking ជាដើម។ រថយន្ត off-road ស៊េរីថ្មីនេះ បំពាក់មកជាមួយម៉ាស៊ីនសាំងប្រភេទ 1.5T សម្រាប់ជំនួយដល់ប្រព័ន្ធ Extended-range electric មានជំនួយពីប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរជាប្រភេទ permanent magnet synchronous motors។ សម្រាប់ម៉ាស៊ីន គឺអាចផលិតកម្លាំងបាន 188 សេះ ខណៈម៉ូទ័រអគ្គិសនីទាំងពីរអាចផលិតកម្លាំងសរុបបាន 548 សេះ និងកម្លាំងរមួល 655Nm។
Article image
BJ40 Extended-Range Yuanjing Zhixing Edition ប្រើប្រាស់កញ្ចប់អាគុយទំហំ 40.3kWh ដែលសាកភ្លើងពេញម្តងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 152km ខណៈចម្ងាយបើកបរសរុបដែលឡាន Off-road ថ្មីនេះ អាចបើកបានក្រុមហ៊ុនមិនបញ្ជាក់នោះទេ។ សូមបញ្ជាក់ថា Beijing BJ40 EREV Yuanjing Zhixing Edition គឺជាកំនែប្រែថ្មីចេញពី BJ40 ដែលប្រើម៉ាស៊ីនសុទ្ធ ហើយម៉ូដែលថ្មីនេះត្រូវបានក្រុមហ៊ុនកែកុនឲ្យដំណើរការជាមួយនឹងម៉ាស៊ីន និងអគ្គិសនី រួមទាំងការបង្កើនប្រសិទ្ធិភាពកាន់តែប្រសើរទៅលើប្រព័ន្ធជំនួយការបើកបរ Advanced driver-assistance system ឬហៅកាត់ថា ADAS ថែមទៀតផង៕
Article image
ឡាន Beijing BJ40 EREV គូប្រជែង Ford Bronco ថ្មី ចេញលក់ផ្លូវការណ៍ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ