ស្វែងរកពួកយើង:

ឡានប្រណិត Onvo L90 Black Knight Edition តម្លៃជាង 3 ម៉ឺនដុល្លារ នឹងមានតែ 999 គ្រឿងប៉ុណ្ណោះ

ដោយ

Koun Jab Luffy

22 វិច្ឆិកា 2025 09:09 ព្រឹក

អាន 2 នាទី

Article image
Onvo ដែលជាស្លាកយីហោឡានប្រណិតមួយរបស់ក្រុមហ៊ុន Nio បានធ្វើការបញ្ចេញនៅរថយន្តម៉ូដែលពិសេស Black Knight Edition នៃម៉ូដែល Onvo L90។ ឡានម៉ូដែលពិសេស Limited Edition នេះ ត្រូវបានក្រុមហ៊ុនដាក់បង្ហាញចេញនៅក្នុងព្រឹត្តិការណ៍ Guangzhou Auto Show 2025 ថ្មីៗនេះ។ Onvo L90 Black Knight Edition ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា ផលិតត្រឹមតែចំនួន 999 គ្រឿងតែប៉ុណ្ណោះ ហើយសម្រាប់លក់តែក្នុងទីផ្សារប្រទេសចិន។ សម្រាប់តម្លៃវិញ Onvo ដាក់លក់ក្នុងតម្លៃខ្ទង់ $31,060។
រថយន្ត full-size crossover របស់ Nio Onvo នេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់ដំបូងក្នុងថ្ងៃទី 31 ខែកក្តដា ឆ្នាំ 2025 ហើយក៏ជាប់ជារថយន្ត Crossover ដែលលក់ដាច់ខ្លាំងផងដែរនៅទីផ្សារប្រទេសចិន។ បើយោងតាមទិន្នន័យរបស់ China EV DataTracker បានបញ្ជាក់ថា Onvo L90 លក់បានចំនួន 33,294 គ្រឿង គិតចាប់ពីខែសីហា ដល់ខែតុលា ឆ្នាំ 2025។ ហើយនៅក្នុងព្រឹត្តិការណ៍ Guangzhou Auto Show ថ្ងៃទី 21 វិច្ឆិកា ឆ្នាំ 2025 ម្សិលមិញនេះ Onvo ក៏បានដាក់បង្ហាញម៉ូដែលពិសេស Black Knight Limited Edition ដើម្បីជម្រុញការលក់បន្ថែមទៀត។
Article image
លក្ខណៈពិសេសរបស់ Onvo L90 Black Knight Edition គឺត្រូវបានក្រុមហ៊ុនធ្វើឌីស្សាញឡើងជាមួយនឹងតួរខ្លួនទាំងមួលមានពណ៌ខ្មៅតែម្តងសូម្បីតែយ៉ាន់កង់។ ចំនែកខាងក្នុងវិញត្រូវបានឌីស្សាញឡើងជាមួយនឹងពណ៌ត្នោត។ L90 Black Knight Edition មានមកជាមួយកៅអីចំនួន 6 រៀបជា 2x2x2 ដែលកៅអីជួរពីជាប្រភេទ zero-gravity។
Article image
រថយន្ត Full-size Crossover នេះ ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនី 2 ឬប៉ុងពីរ ដែលម៉ូទ័រទាំងពីររបស់ L90 អាចផលិតកម្លាំងសរុប 440kW ឬ 590 សេះ។ ចំពោះកញ្ចប់ថ្មវិញ គឺមានទំហំ 85kWh ដែលសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 570km។ Onvo L90 Black Knight Edition មានបណ្តោយ 5,145mm/ទទឹង 1,998mm/កំពស់ 1,786mm និងគម្លាតចន្លោះកង់មុខទៅក្រោយ 3,110mm។
Article image
នៅផ្នែកចំហៀងរបស់ Onvo L90 មានបំពាក់ឈ្នាន់ជាន់ និងប្រើយ៉ាន់កង់ទំហំ 21-inch។ ដោយសារតែ L90 ជាឡានអគ្គិសនីសុទ្ធ ដូច្នេះនៅក្បាលខាងមុខមានកន្លែងដាក់អីវ៉ាន់បានទំហំ 240L ខណៈឈ្លប់គូទក្រោយអាចអាចផ្ទុកទំងន់បាន 430L។ Onvo L90 Black Knight Edition មានតម្លៃថ្លៃជាងម៉ូដែល L90 Ultra ប្រហែល $980 ហើយក៏ធូរថ្លៃជាង Tesla Model Y ដែលផលិតក្នុងប្រទេសចិនផងដែរ៕