
យោងតាមការចេញផ្សាយថ្មីពីបណ្តាញសារព័ត៌មានជាច្រើននៅប្រទេសចិននៅថ្ងៃនេះ បានអោយដឹងថា ឡានអគ្គិសនី Ford Bronco នឹងមានចាប់ផ្តើមដាក់អោយមានការ Pre-Sales នៅប្រទេសចិន នៅថ្ងៃទី 18 ខែវិច្ឆិកាខាងមុខនេះហើយ។ ការចេញលក់មុននេះ ត្រូវបានគេមើលឃើញថា គឺនឹងធ្វើអោយក្រុមហ៊ុនផលិតឡានរបស់អាមេរិកាំងមួយនេះ អាចពង្រីកទីផ្សារឡានអគ្គិសនីរបស់ខ្លួនកាន់តែធំទូលាយថែមទៀតសម្រាប់ទីផ្សារឡានអគ្គិសនីដែលកំពុងតែមាសនការប្រកួតប្រជែងមួយនេះ។
ខណៈដែលព័ត៌មានថ្មីនេះត្រូវបានសារព័ត៌មានចិនជាច្រើនបានរាយការណ៌នោះ នៅលើបណ្តាញសង្គមផ្លូវការរបស់ក្រុមហ៊ុន Ford នៅប្រទេសចិន នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ សូមជំរាបថ Ford បានប្រកាសចេញនូវវត្តមានឡានអគ្គិសនី Bronco នេះជាសកលនៅក្នុងព្រឹត្តិការណ៌ 2025 Chengdu auto show ដែលរៀនចំកាលពីចុងខែសីហាកន្លងមក ប៉ុន្តែមិនទាន់មានការបញ្ចេញនូវតម្លៃនៅឡើយទេ។

Ford Bronco បានបង្ហាញខ្លួនមានពីរជម្រើស គឺជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និងប្រើម៉ាស៊ីន Hybrid ឬ EREV។ យោងតាមក្រុមហ៊ុន Ford រថយន្ត SUV ស៊េរីថ្មីនេះនឹងចាប់ផ្តើមចេញលក់មុននៅក្នុងកម្មវិធី Guangzhou Auto Show នាពេលខាងមុខ ហើយនឹងដាក់លក់ជាផ្លូវការនៅចុងឆ្នាំនេះ។

Ford Bronco បំពាក់មកជាមួយប្រព័ន្ធ LiDAR នៅលើដំបូលខាងមុខ ប្រព័ន្ធសែនស័រចាប់សញ្ញាកម្រិតខ្ពស់ ឬ high-precision sensors និងកាមេរ៉ាកម្រិតខ្ពស់ចំនួន 30 គ្រាប់។ Bronco ក៏មានមកនូវមុខងារ "Off-road Logbook" ដែលមានកត់ត្រាស្រាប់នូវស្ថានភាពផ្លូវផ្សេងចំនួន 20 ដែលរៀបចំយ៉ាងយ៉ាងពិសេសដោយក្រុមហ៊ុន Ford ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានលទ្ធភាពក្នុងរៀបចំផែនការធ្វើដំណើរតាមរយៈប្រព័ន្ធព័ត៌មានកម្សាន្តរបស់រថយន្ត។

Ford Bronco ម៉ូដែល EREV មានប្រវែង 5,025mm/ ទទឹង 1,960mm/ កំពស់ 1,825mm ឬ 1815/1840mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,950mm ខណៈម៉ូដែល BEV មានប្រវែង 5025mm/ ទទឹង 1,960mm/ កំពស់ 1,815 ទៅ 1825mm។ សម្រាប់ Ford Bronco ប្រើអគ្គិសនីសុទ្ធ ឬ BEV ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ ខណៈម៉ូដែល EREV បានបំពាក់បន្ថែមនៅម៉ាស៊ីន Hybrid 1.5T turbocharged Engine។ ទោះជាយ៉ាងណាសម្រាប់អនុភាព Powertrain របស់ Bronco ទាំងពីរស៊េរីក្រុមហ៊ុនមិនទាន់បញ្ជាក់នៅឡើយទេ។

ដោយឡែកសម្រាប់ Ford Bronco BEV បំពាក់មកជាមួយកញ្ចប់ថ្មទំហំ 105.4kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 650km ចំនែកម៉ូដែល EREV វិញ បំពាក់នូវកញ្ចប់ថ្មទំហំ 43.7kWh ដែលការសាកភ្លើងពេញម្តងអាចជិះបានបាន 220km ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងដល់ 1,220km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង៕
