ឡានអគ្គិសនី Ford Explorer ស៊េរីថ្មីបំពាក់បច្ចេកវិទ្យាកាន់តែទំនើបឆ្លាតវៃ និងអាចបើកបរបានចម្ងាយឆ្លាយជាងមុនមានតម្លៃជាង 4 ម៉ឺនដុល្លារ
ក្រុមហ៊ុន Ford ទើបតែបានបញ្ចេញឡានអគ្គិសនីស៊េរីថ្មីម៉ូដែល Explorer ដែលមានការកែលម្អកាន់តែល្អប្រសើរជាមួយការបំពាក់នូវបច្ចេកវិទ្យាប្រើប្រាស់កាន់តែទំនើប និងអាចបើកបរបានចម្ងាយឆ្ងាយជាងម៉ូដែលមុន។ ឡានអគ្គិសនីប្រភេទ Crossover ម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុន Ford ធ្វើការរចនាឡើងជាពិសេសសម្រាប់អ្នកបើកបរនៅក្នុងតំបន់អឺរ៉ុប។ ក្នុងនោះ Ford បានធ្វើការកែប្រែការបំពាក់នូវទំហំកញ្ចប់ថ្មកាន់តែល្អប្រសើរ មានថាមពលប្រើប្រាស់ខ្លាំង បូករួមនឹងបច្ចេកវិទ្យាប្រើប្រាស់កាន់តែទំនើបឆ្លាតវៃជាងមុន។
ចំនុចនៃការផ្លាស់ប្តូរដ៏ធំបំផុតមួយសម្រាប់ម៉ូដែល Ford Explorer Standard Range គឺការផ្លាស់ប្តូរកញ្ចប់ថ្ម។ ដោយ Ford បានធ្វើការផ្លាស់ប្តូរកញ្ចប់ថ្មថ្មីដោយប្រើកញ្ចប់ថ្មប្រភេទ Lithium iron Phosphate (LFP) ដែលជាប្រភេទថ្មត្រូវបានគេទទួលស្គាល់ជាទូទៅថា មានភាពធន់ក្នុងការប្រើប្រាស់ មានអាយុកាលនៃការប្រើប្រាស់បានយូរឆ្នាំ និងភាពសន្សំសំចៃខ្ពស់។ Ford Explorer EV ម៉ូដែលថ្មីបំពាក់ប្រព័ន្ធម៉ូទ័រអគ្គិសនីមានសមត្ថភាពប្រសើរជាងមុន ជាមួយកម្លាំង 188hp និងកម្លាំងរមួល350N.m។ បើធៀបជាមួយកម្លាំងម៉ូទ័រដែលប្រើនៅលើម៉ូដែលមុន គឺខ្លាំងជាងប្រមាណ 20hp និងកម្លាំងរមួលខ្លាំងជាង 30N.m ដែលធ្វើឲ្យ Explorer EV ម៉ូដែលថ្មីអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 8.0 វិនាទី។ Explorer EV ម៉ូដែលថ្មី អាចបើកបរបានចម្ងាយដល់ 444km ស្តង់ដារ WLTP នៅពេលសាកភ្លើងពេញម្តង បើកបានឆ្ងាយជាងម៉ូដែលមុន 60km។
ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ Explorer EV ម៉ូដែលថ្មី បានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃ Intelligent Adaptive Cruise Control system ដែលរួមបញ្ចូលនូវមុខងារចាប់ភ្លើងសញ្ញាចរាចរ Traffic Light Recognition ថែមទៀតផង។ Traffic Light Recognition មានភាពឆ្លាតវៃក្នុងការចាប់ភ្លើងសញ្ញាចរាចរខៀវ ឬក្រហមជាមុន បន្ទាប់មកធ្វើការបន្ថយល្បឿនយឺតៗបន្តិចម្តងៗរហូតដល់បញ្ឈប់រថយន្តទាំងស្រុង។ មុខងារ Reversing Assist ថ្មីនៅលើ Explorer នឹងធ្វើការចងចាំចម្ងាយ 50 ម៉ែត្រចុងក្រោយដែលរថយន្តបានធ្វើដំណើរទៅមុខ បន្ទាប់មកវាអាចគ្រប់គ្រងចង្កូតដើម្បីថយរថយន្តទៅក្រោយចេញពីចំណុចផ្លូវចង្អៀត។មុខងារ Trained Park Assist អាចឲ្យ Explorer EV ថ្មី ស្វែងរកចំណោតចូលចតដោយខ្លួនឯងនៅរយះចម្ងាយ 50m ដោយរថយន្តអាចគ្រប់គ្រងដៃចង្កូត ប្រព័ន្ធហ្វ្រាំង និងល្បឿន ដោយខ្លួនឯងផ្ទាល់។
នៅខាងក្នុងកាប៊ីនរបស់ឡាន Crossover EV ថ្មីមានបំពាក់អេក្រង់កម្សាន្តទំហំ 14.6-inch គាំទ្រដំណើរការដោយ Android ជំនាន់ថ្មី ដែលមានដំណើរការរលូន និងងាយស្រួលប្រើប្រាស់ជាងមុន។ បន្ថែមពីនេះ Ford Explorer EV ម៉ូដែលថ្មី ក៏មានមុខងារ One-pedal driving mode ដែលអាចឲ្យរថយន្តបន្ថយល្បឿនបើកបរដោយខ្លួនឯង ដោយគ្រាន់តែអ្នកបើកបរដកជើងចេញពីហ្គ៊ែរប៉ុណ្ណោះ។មុខងារជំនួយការបើកបរ Driver State Assist, មុខងារ 2.3 kW Pro Power Onboard សម្រាប់ទាញភ្លើងសម្រាប់ប្រើប្រាស់ជាមួយឧបករណ៍អេឡិចត្រូនិចផ្សេងៗ។
ក្រៅពីម៉ូដែលស្តង់ដារទៅ Explorer EV ម៉ូដែលថ្មីក៏មានម៉ូដែលពិសេសមួយផ្សេងទៀតដែលមានឈ្មោះថា Explorer Collection។ Collection Model មានពណ៌ប្រផេះហៅថា Cactus Grey និងបំពាក់យ៉ាន់កង់ទំហំ 20-inch មានពណ៌ខ្មៅជាពណ៌ Satin Black, ដំបូលពណ៌ខ្មៅ, តែមពណ៌ខ្មៅ, របាំងការពារខាងក្រោម និងផ្នែកមួយចំនួនលើតួរខ្លួនមានពណ៌ខ្មៅ។ នៅខាងក្នុងឌីស្សាញរំលេចដោយពណ៌ខ្មៅ Black Onyx រំលេចជាមួយកៅអី និងតាប់ឡូពណ៌ទឹកក្រូច។
បច្ចុប្បន្ន Ford បានបើកទទួលការកក់ទុកមុនសម្រាប់ឡានអគ្គិសនី Explorer EV ម៉ូដែលថ្មីរបស់ខ្លួនជាផ្លូវការណ៍ ដោយក្នុងនោះម៉ូដែលស្តង់ដារ ឬ Entry-level model មានតម្លៃខ្ទង់ $48,457 ក្នុងទីផ្សារចក្រភពអង់គ្លេស និង $68,644 សម្រាប់ម៉ូដែលកំពូល Top-level AWD៕