ស្វែងរកពួកយើង:

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ

Koun Jab Luffy

23 មករា 2026 04:03 ល្ងាច

អាន 3 នាទី

Article image
ឡានអគ្គិសនីស៊េរីថ្មីប្រភេទ Full-sized SUV ម៉ូដែល Yijing ដែលជាផលិតផលថ្មីពីក្រុមហ៊ុន Huawei និង Dongfeng បានឆ្លងការបើកបរសាកល្បងនៅក្នុងរដូវត្រជាក់ នៅមុនការបង្ហាញវត្តមាននៅក្នុងប្រទេសចិនក្នុងព្រឹត្តិការណ៍ Beijing Auto Show 2026 នៅខែមេសា។ Yijing SUV ថ្មីនេះ បានប្រើប្រាស់ប្រព័ន្ធសាក់ស៊ីថ្មី XMC Chassis របស់ Huawei។
បច្ចុប្បន្ន Dongfeng មានម៉ាករថយន្តដំណើរការដោយថាមពលថ្មី ឬ New Energy Vehicle តែបីប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន ដោយក្នុងនោះមានម៉ាក Nammi ដែលជាម៉ាកស្ថិតក្នុងស្រឡាយឡានអគ្គិសនីតម្លៃមធ្យម, ទីពីរ គឺម៉ាក eπ (Yipai) និងទីបី គឺ Voyah ដែលជាម៉ាករថយន្តស្ថិតក្នុងលំដាប់ថ្នាក់ប្រណិត ឬ Luxury brand។
នៅក្នុងឆ្នាំ 2023, Dongfeng បានធ្វើការលើម៉ាកឡានថ្មីមួយបន្ថែមទៀតដែលស្ថិតនៅក្នុងលំដាប់នៃម៉ាក eπ និង Voyah ដោយសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Huawei។ ការសហការគ្នារវាងក្រុមហ៊ុនទាំងពីរនេះ គឺបានបង្កើតនៅម៉ាកយីហោរថយន្តថ្មីមួយដែលមានកូដ DH (Dongfeng & Huawei)។ រហូតដល់ឆ្នាំ 2025 ក្រុមហ៊ុន Dongfeng-Huawei បានប្រកាសម៉ាកយីហោឡានថ្មីនេះជាផ្លូវការណ៍ដោយមានឈ្មោះថា Yijing ហើយនៅក្នុងឆ្នាំ 2026 រថយន្តស្ថិតក្រោមម៉ាក Yijing ដំបូងត្រូវបានគេប្រទះឃើញបើកបរសាកល្បងនៅលើដងផ្លូវ។
Article image
ម៉ាកឡានអគ្គិសនី SUV ថ្មី Yijing ត្រូវបានធ្វើការចែកចាយនៅគំរូផលិតកម្មដំបូងជាផ្លូវការណ៍នៅក្នុងខែធ្នូ ឆ្នាំ 2025។ មួយខែបន្ទាប់ ឡានអគ្គិសនីម៉ាកថ្មីរបស់ DH ក៏ត្រូវបានគេធ្វើតេស្តសាកល្បងបើកបរជាលើកដំបូងនៅក្នុងរដូវរងាស្ថិតនៅក្នុងតំបន់ Mohe និង Hulunbuir ក្នុងប្រទេសចិន។
Mohe គឺជាទីក្រុងភាគខាងជើងបំផុតរបស់ប្រទេសចិន ដែលមានសីតុណ្ហភាពទាបបំផុតគឺ -53 អង្សាសេ តាមកំនត់ត្រាក្នុងខែមករា ឆ្នាំ 2023។ DH Yijing គឺជាប្រភេទឡានអគ្គិសនី Flaship EV ខ្នាតធំមាន 6-កៅអី ដែលផលិតឡើងដោយប្រើប្រព័ន្ធសាក់ស៊ីថ្មី  XMC Qiankun chassis ដែលអភិវឌ្ឍន៍ដោយ Huawei ផ្ទាល់។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនប្រព័ន្ធសាក់ស៊ីថ្មីនេះ គឺវារក្សាលំនឹងរថយន្តបានល្អបំផុតនៅពេលបើកនៅលើផ្លូវទឹកកក និងផ្លូវព្រឹល។
ក្រៅតែពីប្រើប្រព័ន្ធសាក់ស៊ីថ្មីរបស់ Huawei ហើយឡាន SUV ថ្មីដំបូងម៉ាក Yijing ក៏គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាប្រើប្រាស់ទំនើបរបស់ Huawei ផងដែរ ក្នុងនោះមានដូចជាប្រព័ន្ធជំនួយការបើកបរ ADS, HarmonyOS cockpit និងប្រព័ន្ធ Qiankun vehicle control system ជាដើម។ ជាមួយគ្នានេះ ប្រព័ន្ធភ្លើង និង Cloud solution នៅក្នុងរថយន្ត Yijing ក៏ត្រូវបានអភិវឌ្ឍន៍ដោយ Huawei ផងដែរ។ ដូចនេះមានន័យថា Dongfeng គឺមានទំនួលខុសត្រូវចំពោះការផលិត ហើយនៅពេលអនាគតម៉ាករថយន្ត Yijing នឹងចេញលក់រថយន្តមួយម៉ូដែលជារៀងរាល់ឆ្នាំ។
Article image
ទោះជាយ៉ាងណាសម្រាប់លក្ខណៈសម្បត្តិបច្ចេកទេសផ្សេងៗដែលមាននៅលើ DH Yijing SUV ម៉ូដែលថ្មីនេះ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេក្នុងពេលនេះ។ Yijing SUV ថ្មីពី Dongfeng និង Huawei អាចជាប្រភេទរថយន្ត Plug-in-hybrid SUV ហើយឡាន SUV ថ្មីនេះអាចនឹងមានប្រវែងតួរខ្លួនប្រហាក់ប្រហែលគ្នានឹងម៉ាករថយន្ត Li Auto L9 ដែលមានប្រវែង 5.2 ម៉ែត្រ។ Yijing ជាម៉ូដែលស្ថិតនៅក្រោមម៉ូដែល Voyah ហើយវាអាចមានតម្លៃខ្ទង់ប្រហែល $50,190 នៅពេលចេញលក់នៅទីផ្សារប្រទេសចិន។ Yijing នឹងក្លាយជាគូប្រជែងទីផ្សារជាមួយនឹង Geely Galaxy M9 និង BYD Tang 9 ក្នុងទីផ្សារប្រទេសចិន៕
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ