ក្រុមហ៊ុន Lexus Australia បាននិយាយថា ខ្លួនកំពុងស្ថិតក្នុងពិចារណា ថាតើត្រូវនាំយករថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល Lexus TZ ឆ្នាំ 2027 ដែលមាន 6-កៅអី ទៅដាក់តាំងបង្ហាញនៅក្នុងបន្ទប់តាំងលក់រថយន្តរបស់ក្រុមហ៊ុននៅអូស្ត្រាលី ឬក៏អត់ទេ នៅមុនដំណាច់ឆ្នាំ 2026 នេះ។ កាលពីខែមុននេះ Lexus TZ ត្រូវបានក្រុមហ៊ុនធ្វើការដាក់បានបង្ហាញនៅក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដែលជាកន្លែងរថយន្តអគ្គិសនីស៊េរីថ្មីនេះនឹងត្រូវបានផលិត ដូចនេះ ក្រុមហ៊ុនក៏កំពុងធ្វើការសិក្សា និធ្វើការវាយតម្លៃសម្រាប់ការនាំយក TZ ចូលទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី រួមទាំងការសិក្សាលើរថយន្ត SUV អគ្គិសនីខ្នាតធំៗផ្សេងទៀតផងដែរ។
លោក Jack Hobbs នាយកប្រតិបត្តិក្រុមហ៊ុន Lexus Australia បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា Lexus នឹងធ្វើការបញ្ជាក់ផ្លូវការណ៍នៅចុងឆ្នាំនេះ ថាតើ រថយន្ត TZ ដែលជារថយន្តអគ្គិសនីដ៏ប្រណីតដែលជាសែស្រឡាយរបស់ម៉ូដែល Toyota Highlander EV (Kluger) ដែលបច្ចុប្បន្នមិនទាន់ត្រូវបានធ្វើការប្រកាសចេញលក់សម្រាប់ប្រទេសអូស្ត្រាលីនៅឡើយ ថានឹងត្រូវ “ចេញលក់” ឬ “មិនចេញ”។ លោក Hobbs បានមានប្រសាសន៍បន្តថា “យើងពិតជាកំពុងស្ថិតក្រោមដំណាក់កាលធ្វើការវាយតម្លៃម៉ូដែលនោះនៅពេលនេះ ហើយក្រុមការងារ Lexus របស់យើងក្នុងប្រទេសអូស្ត្រាលីមួយចំនួន គឺមានឱកាសសម្រាប់បទពិសោធន៍ក្នុងការបើកបរ Lexuz TZ 2027 នៅប្រទេសជប៉ុន”។
ប្រសិនបើ Lexus TZ EV 2027 ពិតជាបានចេញលក់នៅទីផ្សារអូស្ត្រាលីពិតមែននោះ វានឹងក្លាយជាគូប្រជែងទីផ្សារជាមួយនឹងឡាន SUV ស៊េរីថ្មីៗដូចជា Volvo EX90 និង Cadillac Vistiq 6-កៅអី ឬ 7-កៅអី ក៏ដូចជា Hyundai Ioniq 9 និង Kia EV9 ដែលមានតម្លៃចន្លោះពី $100,000 ទៅ $130,000។ Lexus TZ EV 2027 នឹងត្រូវផលិតនៅក្នុងរោងចក្ររបស់ Toyota ក្នុងប្រទេសជប៉ុនដែលជាប្រទេសប្រើប្រាស់រថយន្តចង្កូតស្តាំស្រាប់ដូចនឹងប្រទេសអូស្ត្រាលីដែរ។ ការផលិត Lexus TZ EV 2027 គឺផ្អែកលើកំណែកែប្រែនៃស្ថាបត្យកម្មគ្រោងឆ្អឹង GA-K Platform ស្រដៀងគ្នាទៅនឹងរថយន្តអគ្គិសនី Lexuz ES sedan និង ES Hybrid ស៊េរីថ្មី ជាជាងការប្រើប្រាស់ស្ថាបត្យកម្មគ្រោងឆ្អឹងឡានអគ្គិសនី e-TNGA Architecture ដែលប្រើសម្រាប់ការផលិតម៉ូដែល Lexus RX និង Toyota bZ-Series។
Lexus TZ EV 2027 មានតួរខ្លួនប្រវែង 5,100mm/ទទឹង 1,990mm/ កំពស់ 1,705mm និងគម្លាតកង់មុខទៅកង់ក្រោយប្រវែង 3,050mm។ TZ EV 2027 ប្រើប្រាស់បំពាក់ម៉ូទ័រអគ្គិសនីដែលមានកម្លាំងសរុប 300kW ទទួលថាមពលដំណើរការពីកញ្ចប់ថ្ម lithium-ion ដែលមានជម្រើសទំហំ 76.96kWh ឬ 95.82kWh (USA-Model) ដែលតាមស្តង់ដារ WLTP-Driving-Range ការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវដល់ 530km។ ហើយសម្រាប់ព័ត៌មានលម្អិតពីលក្ខណៈបច្ចេកទេស និងបច្ចេកវិទ្យា រួមនឹងតម្លៃផ្លូវការណ៍របស់ Lexus TZ EV 2027 នឹងត្រូវបញ្ជាក់ផ្លូវការណ៍នៅចុងឆ្នាំ 2026 នេះ៕




