ស្វែងរកពួកយើង:

ឡានអគ្គិសនី Nissan N7 សាកភ្លើងមួយជិះបានចម្ងាយ 625km តម្លៃជាង 1 ម៉ឺន ត្រៀមចូលទីផ្សារអូស្ត្រាលីឆាប់ៗនេះ

ដោយ

ជុំ ប៉េងលីន

18 មេសា 2026 05:37 ល្ងាច

អាន 3 នាទី


Nissan N7 EV ដែលជាឡានអគ្គិសនីប្រភេទ sedan ស៊េរីថ្មី ផលិតឡើងដោយការសហការគ្នារវាងក្រុមហ៊ុន Dongfeng-Nissan ដែលទើបតែមានលក់នៅលើទីផ្សារប្រទេសចិនក្នុងតម្លៃខ្ទង់ $16,450 ត្រូវបានគេរាយការណ៌ថា ត្រៀមខ្លួនចូលទៅកាន់ទីផ្សារអូស្ត្រាលីនាពេលឆាប់ៗនេះហើយ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Drive.com.au របស់ប្រទេសអូស្រ្តាលីកាលពីពេលថ្មីៗនេះ។
Article image
សូមជំរាបថា ឡានអគ្គិសនី Nissan N7 Sedan ស៊េរីថ្មីនេះ គឺមានការឌីស្សាញ និងប្រើប្រាស់នូវបច្ចេកវិទ្យាប្រហាក់ប្រហែលគ្នានឹងម៉ូដែល Dongfeng eπ 007 sedan ដែរ។ Nissan N7 EV ប្រើប្រាស់ស្ថាបត្យកម្មគ្រោងឆ្អឹងប្រភេទ Tianyan Architecture ដែលផលិតឡើងសម្រាប់ប្រើជាមួយរថយន្តប្រភេទ EV, PHEV និង EREV។ N7 EV មានការឌីស្សាញរូបរាងឡើងជារាងអក្សរ V ឬហៅថា V-Motion ដោយមានអំពូល LED មួយឆ្នូតរចនាបែបស្លីមប្រណិតអូសកាត់ក្បាល់រថយន្តពីម្ខាងទៅម្ខាង និងរំលេចជាមួយចង្កៀងរចនាជារាងអក្សរ V។
Article image
ទៅលើផ្នែកចំហៀងនៃរថយន្តបំពាក់នូវដៃទ្វារជាប្រភេទ retractable door handle ជាមួយយ៉ាន់កង់ប្រភេទអាលុយមីញ៉ូមរចនាជាកាំរាយពណ៌ទឹកប្រាក់លាយខ្មៅ ដោយមានជម្រើសពីរទំហំ គឺ R17 និង R19។ Nissan N7 EV មានបណ្តោយខ្លួនប្រវែង 4,930mm/ ទទឹង 1,895mm/ កំពស់ 1,487mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,915mm។ Nissan N7 EV មានជម្រើសចំនួន 6 ពណ៌ ដូចជា ពណ៌ខៀវ ទឹកប្រាក់ ផ្ទៃមេឃ ស និងខ្មៅ។

 ចូលមកខាងក្នុងត្រូវបានរចនារៀងចំតុបតែងឡើងបែបទំនើបនិយមប្រកបដោយផាសុខភាពក្នុងការបើកបរ ដោយក្នុងនោះមានបំពាក់ដោយដៃចង្កូតស្បែករចនាជាពីរកាំជាមួយប៊ូតុងបញ្ជាក់មុខងារមួយចំនួននៅលើដៃចង្កូត មានអេក្រង់កម្សាន្តទំហំធំដល់ទៅ 15.6-inch គាំទ្រកម្រិតភាពច្បាស់ដល់ 2.5K, អេក្រង់បង្ហាញព័ត៌មានរបស់រថយន្តប្រភេទ LCD នៅក្រោយដៃចង្កូត, កន្លែងសាកថ្មទូរស័ព្ទឥតខ្សែកំលាំង 50W, រន្ធដោតប្រភេទ USB-C ចំនួនបី រួមនឹងកន្លែងដាក់កែវទឹកចំនួនពីរផងដែរ។ នៅផ្នែកខាងក្នុងរបស់ N7 EV ជម្រើសពីរពណ៌ គឺប្រផេះហៅថា Light Gray និងសហៅថា Green-white។

ទៅលើប្រព័ន្ធជំនួយការបើកបរវិញ Nissan N7 EV គាំទ្រដំណើរការជាមួយប្រព័ន្ធឆ្លាតវៃច intelligent driving system ដែលសហការផលិតដោយក្រុមហ៊ុន Dongfeng Nissan និង Momenta និងគាំទ្រដោយបន្ទះឈីប Snapdragon 8259P របស់ Qualcomm។ សម្រាប់ប្រព័ន្ធជំនួយការប្រើប្រាស់ឆ្លាតវៃនៅលើ Nissan N7 EV មានដូចជា ការបញ្ជាដោយសំឡេង AI voice assistant ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា DeepSeek-R1 model ជាដើម។ រថយន្តនេះអាចធ្វើការភ្ជាប់ដំណើរការជាមួយនឹងមុខងារ HiCar, Carlink, និង CarPlay ផងដែរ។ សម្រាប់កៅអីខាងមុខរបស់ N7 EV គាំទ្រនូវមុខងារម៉ាស្សា 12 ចំនុច។

បន្ថែមពីនេះ N7 EV មានបំពាក់នូវប្រព័ន្ធ Speaker ចំនួន 14 គ្រាប់, មានភ្លើង Ambient light បំភ្លឺតាមកាប៊ីនចំនួន 256 ពណ៌, មានទូរទឹកកក, ដំបូលបើក panoramic sunroof និងឃ្លប់ខាងក្រោយអាចផ្ទុកអីវ៉ាន់បានដល់ 504 លីត្រ។ Nissan N7 EV មានជម្រើស Powertrain ពីរផ្សេងគ្នា ដោយជម្រើសម៉ូដែលទីមួយបំពាក់កញ្ចប់ថ្ម LFP ទំហំ 58kWh ផលិតដោយក្រុមហ៊ុន Sunwoda និងដំណើរការដោយម៉ូទ័រអគ្គិសនីមួយមានកំលាំង 160kW (215hp) ភ្ជាប់នៅខាងក្រោយ។

ម៉ូដែលនេះ សាកភ្លើងពេញម្តងអាចជិះបានចម្ងាយចន្លោះពី 510km ទៅ 540km។ ជម្រើសម៉ូដែលទីពីរបំពាក់កញ្ចប់ថ្ម LFP ទំហំ 73kWh ផលិតដោយក្រុមហ៊ុន Sunwoda ដូចគ្នា និងប្រើម៉ូទ័រអគ្គិសនី e-Motor មួយកំលាំង 200kW (268hp) ដែលជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលប្រមាណ 6.9 វិនាទី ហើយសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 625km៕
Article image
Article image
Article image