Onvo គឺជាម៉ាករថយន្តរងដែលស្ថិតនៅក្រោមដំបូលរបស់ក្រុមហ៊ុន Nio។ ហើយថ្មីៗនេះ Onvo បានធ្វើការប្រកាសចេញលក់រថយន្ត mid-size SUV ម៉ូដែលថ្មី Onvo L60 នៅទីផ្សារប្រទេសចិន។ Onvo L60 ម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការ Upgrade ទៅលើចំនុចថ្មីៗសំខាន់ៗចំនួន 106 ចំនុចទៅលើវិមាត្រសំខាន់ៗចំនួនប្រាំមួយ ដោយក្នុងនោះមានរួមបញ្ចូលនៅការបំពាក់ប្រព័ន្ធសែនស័រ LiDAR សម្រាប់ដំណើរការប្រព័ន្ធជំនួយការបើកបរឆ្លាតវៃកម្រិតខ្ពស់ “Advanced Intelligent Driving System” និងប្រព័ន្ធមុខងារកម្សាន្តសម្រាប់អ្នកអង្គុយនៅកៅអីជួរខាងក្រោយជាដើម។

Onvo L60 ម៉ូដែលថ្មី មានជម្រើសចំនួនបីម៉ូដែលផ្សេងគ្នា។ ហើយអតិថិជនអាចធ្វើការជាមួយកញ្ចប់ទិញតម្លៃពេញ ឬ Full-purchase model ឬក៏ម៉ូដែលភ្ជាប់នូវគម្រោងសេវាកម្មផ្លាស់ប្តូរកញ្ចប់ថ្ម “Battery-as-a-Service (BaaS)”។ ក្នុងនោះសម្រាប់ម៉ូដែល L60 Pro តម្លៃពេញ $28,400/ BaaS មានតម្លៃ $20,000, L60 Max+ តម្លៃពេញ$29,800/ BaaS មានតម្លៃ $21,400 និង L60 Ultra+ មានតម្លៃពេញ $32,800/ BaaS មានតម្លៃ $24,400។ L60 មានការឌីស្សាញរូបរាងខាងក្រៅបែបស្ទាយរថយន្ត SUV-Coupe មានប្រវែងតួរខ្លួន 4,828mm/ ទទឹង 1,930mm/ កំពស់ 1,616mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,950mm។

Onvo L60 ម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការបន្ថែមមកជាមួយពណ៌ប្រផេះថ្មីហៅថា “Interstellar Grey”។ L60 មានបំពាក់នូវបន្ទះឈីបឆ្លាតវៃ “Shenji” NX9031 chip ខ្នាត 5nm ដែលអភិវឌ្ឍន៍ផលិតដោយក្រុមហ៊ុនផ្ទាល់តែម្តង សម្រាប់គាំទ្រដំណើរការប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ។ ផ្នែកខាងក្នុងរបស់ L60 ម៉ូដែលថ្មីត្រូវបានធ្វើការឌីស្សាញមកជាមួយស្បែកប្រភេទ “Anlan Blue” Nappa leather និងមានបំពាក់មកជាមួយអេក្រង់កម្សាន្តនៅកណ្តាលតាប់ឡូមានទំហំ 17.2-inch កម្រិតបង្ហាញ 3K ដំណើរការជាមួយប្រតិបត្តិការ  Nio’s SkyOS រួមនឹងអេក្រង់កម្សាន្តសម្រាប់អ្នកអង្គុយកៅអីជួរក្រោយមានទំហំ 17.3-inch Foldable Screen កម្រិតបង្ហាញ 3K, ដំបូលបើកពីរតង់ two-stage sunroof មានមុខងារបាំងកំដៅ “sunshade” និងមុខងារ ultra-fine velvet headliner។

Onvo L60 ម៉ូដែលថ្មីនេះត្រូវបានផលិតឡើងដោយប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងជំនាន់ទីបី NT3.0 platform របស់ Nio ជាមួយការភ្ជាប់នូវស្ថាបត្យកម្មភ្លើងកម្លាំងខ្លាំង 900V silicon carbide architecture។ រថយន្តអគ្គិសនី SUV-Coupe ម៉ូដែលថ្មីនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីមួយគ្រាប់កម្លាំង 322 សេះ និងម៉ូដែលម៉ូទ័រពីរគ្រាប់ “dual-motor AWD” មានកម្លាំងសរុប 456 សេះ។ L60 មានជម្រើសកញ្ចប់ថ្មទំហំ 60kWh និង 85kWh ជាមួយស្តង់ដារ CLTC-Driving-range ចម្ងាយបើកបរបាន 560km, 530km, 740km និង 707km ទៅតាមជម្រើសម៉ូដែល+កញ្ចប់ទំហំថ្ម៕