
ក្រុមហ៊ុន Toyota បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីចង្កូតស្តាំម៉ូដែល bZ3X ជាផ្លូវការណ៍នៅទីផ្សារហុងកុង។ រថយន្តអគ្គិសនីប្រភេទ SUV មួយនេះត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃខ្ទង់ 229,600 ដុល្លារហុងកុង ឬស្មើរនឹងប្រមាណ 29,500 ដុល្លារអាមេរិក ដែលធ្វើឲ្យ bZ3X ក្លាយជាម៉ូដែលរបស់ Toyota ដែលមានតម្លៃធូរថ្លៃបំផុតមួយនៅទីផ្សារហុងកុង នៅខណៈដែលម៉ូដែល Sienta Luxury មានតម្លៃដល់ទៅខ្ទង់ $30,800។
Toyota bz3X គឺជារថយន្តអគ្គិសនីស៊េរីថ្មីដែលកើតចេញពីក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនផលិតរថយន្តចិន GAC Group និងក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corperation ឬហៅថា GAC-Toyota ដែលមានរោងចក្រផលិតនៅក្នុងតំបន់ Nansha ខេត្ត Guangzhou ប្រទេសចិន។ GAC-Toyota bZ3X ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិនចាប់តាំងពីខែមីនា ឆ្នាំ2025 ដែលមកទល់បច្ចុប្បន្នការលក់ គឺបានចំនួនជាង 46,000 គ្រឿង ក្លាយជាម៉ូដែលឡាន SUV EV ដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន។ ទីផ្សាររថយន្តអគ្គិសនីសុទ្ធនៅទីផ្សារហុងកុងមានការកើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានរថយន្តអគ្គិសនីថ្មីដល់ជិត 70% នៃការចុះបញ្ចីរថយន្តសរុប។

យោងតាមអនុប្រធានប្រតិបត្តិក្រុមហ៊ុន GAC Toyota លោក Wen Dali បានលើកឡើងថា bZ3X "នឹងចូលមកបំពេញចន្លោះនៅក្នុងត្រកូលរថយន្តម៉ាក Toyota ក្នុងទីក្រុងហុងកុង ហើយនិងឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក"។ ចំពោះម៉ូដែល bZ3X ដែលចេញលក់នៅទីផ្សារហុងកុង គឺមានបំពាក់មកជាមួយម៉ូទ័រអគ្គិសនីប្រភេទ permanent-magnet synchronous motor កម្លាំង 150kW ទទួលថាមពលផ្ទាល់ពីកញ្ចប់ថ្មដែលមានទំហំ 70kWh ជាប្រភេទថ្ម lithium-iron-phosphate (LFP) battery ដែលការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 565km (តាមស្តង់ដារវ៉ាស់ចម្ងាយពី NEDC)។ រថយន្តអគ្គិសនី SUV នេះ មានតួរខ្លួនប្រវែង 4,600mm/ ទទឹង 1,850mm/ កំពស់ 1,660mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,765mm។

សម្រាប់ការសាកភ្លើងវិញ Toyota bZ3X គាំទ្រនូវប្រព័ន្ធសាកភ្លើង AC កម្លាំង 6.6kW និង DC Fast Charging កម្លាំង 90kW ព្រមទាំងមានមុខងារ V2L សម្រាប់ការផ្ទេរថាមពលភ្លើងសម្រាប់ប្រើប្រាស់ជាមួយគ្រឿងបរិក្ខាអេឡិចត្រូនិចផ្សេងៗបានផងដែរ។ នៅផ្នែកកាប៊ីនខាងក្នុងមានបំពាក់នូវអេក្រង់ Digital instrument Panel ទំហំ 8.88-inch ជាមួយអេក្រង់កម្សាន្តនៅកណ្តាល Dashboard ទំហំធំដល់ 14.6-inch ជាមួយមុខងារ navigation, audio និង System control នៅលើអេក្រង់ផ្ទាល់តែម្តង។ បន្ថែមពីនេះ bZ3X ក៏គាំទ្រមុខងារបញ្ជាដោយសំឡេងជាភាសាអង់គ្លេស, អាចភ្ជាប់ជាមួយ Apple CarPlay, ប្រព័ន្ធបំពងសំឡេង Yamaha Speaker ចំនួន 11 គ្រាប់ និងកៅអីខាងមុខមានមុខងារកំដៅត្រជាក់ ហើយកៅអីជួរក្រោយអាចធ្វើការទម្រេតបានក្នុងកម្រិត 117 ទៅ 137 ដឺក្រេ ថែមទៀតផង។

បន្ទាប់ពីការចេញលក់នៅទីផ្សារហុងកុង Toyota bZ3X ក៏នឹងបន្តចេញលក់នៅលើទីផ្សារផ្សេងៗទៀតដូចជា ជប៉ុន ចក្រភពអង់គ្លេស សិង្ហបុរី រួមនឹងអូស្ត្រាលីផងដែរ៕

