ក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីឈ្មោះរបស់អ៊ីតាលី Ferrari បានធ្វើការដាក់តាំងបង្ហាញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនម៉ូដែល Luce EV sedan នៅទីក្រុងរ៉ូមកាលពីចុងខែឧសភា ឆ្នាំ 2026។ ហើយនៅពេលនេះ Ferrari បានធ្វើការប្រកាសចេញលក់ Luce EV របស់ខ្លួននៅទីផ្សារប្រទេសចិនជាមួយតម្លៃខ្ទង់ $586,600 និងបានលក់បានចំនួន 88 គ្រឿងភ្លាមៗបន្ទាប់ពីការចេញលក់។
តម្លៃរបស់ Ferrari Luce EV នៅទីផ្សារប្រទេសចិន គឺធូរថ្លៃជាងប្រមាណ 7% ធៀបនឹងតម្លៃលក់នៅទីផ្សារអឺរ៉ុបដែលមានតម្លៃដល់ $626,000។ Ferrari Luce EV គឺក្លាយជាដៃគូប្រកូតប្រជែងទីផ្សារជាមួយនឹង Supercar EV ដ៏ល្បីល្បាញរបស់ក្រុមហ៊ុនចិន Yangwang U9 របស់ BYD បើទោះបីជាតម្លៃរបស់ U9 ធូរថ្លៃជាងពាក់កណ្តាលរបស់តម្លៃ Luce មានសន្ទុះល្បឿនលឿនជាង និងកម្លាំងសេះខ្លាំងជាងដល់ជាង 200 សេះក៏ដោយ។ ក្រៅពី Yangwang U9 របស់ BYD ក៏មាន Supercar ផ្សេងទៀតដូចជា Hyptec SSR របស់ GAC ដែលមានតម្លៃខ្ទង់ $189,200 ដែលជាតម្លៃធូរថ្លៃខ្លាំងជាង Luce។ Hyptec SSR មានសមត្ថភាពខ្លាំងដែលអាចជាន់ស្ទុះល្បឿនពី 0-100km/h ចាយពេលខ្ទង់ 1.9 វិនាទីប៉ុណ្ណោះ។
ទោះជាយ៉ាងណា Ferrari Luce EV មិនមែនជាប្រភេទឡាន Supercar ដូចជា Yangwang U9 និង Hyptec SSR នោះទេ។ ឡានអគ្គិសនីដំបូងចេញពី Ferrari នេះ គឺជាប្រភេទរថយន្តមាន 5-កៅអី។ Luce EV មានប្រវែងតួរខ្លួន 5,026mm/ ទទឹង 1,999mm/ កំពស់ 1,544mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,961mm និងមានទំងន់សរុប 2,260kg។ ឡានអគ្គិសនីនេះ ប្រើប្រាស់យ៉ាន់កង់មុខទំហំ 23-inch ជាមួយសម្បកខ្នាត 265/35 R23 និងយ៉ាន់ក្រោយទំហំ 24-inch សម្បកខ្នាត 315/30 R24។
Ferrari Luce EV ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីរហូតដល់ទៅ 12 គ្រាប់ ដែលភ្ជាប់នៅលើកង់នីមួយៗអាចផលិតកម្លាំងសរុបបាន 772kW (1,035hp) និងកម្លាំងរមួល 990N.m អាចជាន់ស្ទុះល្បឿនពី 0-100km/h ប្រើពេលប្រមាណ 2.5 វិនាទី និងអាចជាន់ល្បឿនលឿនបំផុត 310km/h។ Luce EV មានបំពាក់មកជាមួយកញ្ចប់ថ្មទំហំ 122kWh ជាប្រភេទថ្ម 15-module មានថាមពល 305Wh/kg និងគាំទ្រប្រព័ន្ធភ្លើងកម្លាំងខ្លាំងដល់ 800V high-voltage ហើយការសាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 530km ក្រោមស្តង់ដារ WLTP៕



