ស្វែងរកពួកយើង:

ឡានអគ្គិសនីដំបូងរបស់ Hyundai ជិះបានចម្ងាយ 722km នឹងចេញលក់មុននៅថ្ងៃទី 16 ខែតុលាខាងមុខ

ដោយ

Koun Jab Luffy

13 តុលា 2025 12:33 ថ្ងៃត្រង់

អាន 3 នាទី

Article image
រថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai សម្រាប់ទីផ្សារប្រទេសចិន និងជារថយន្តផលិតដោយក្រុមហ៊ុនវិនិយោគទុនរួមគ្នារវាង Beijing និង Hyundai ម៉ូដែល Elexio EO នឹងរំកឹលចេញពីខ្សែសង្វាក់ផលិតកម្មផ្លូវការណ៍នៅថ្ងៃទី 16 ខែតុលា ខាងមុខនេះ ហើយការចេញលក់មុន ឬ Pre-Sale ក៏នឹងចាប់ផ្តើមក្នុងថ្ងៃនោះផងដែរ។ Elexio EO ត្រូវបានផលិតឡើងដោយប្រើប្រព័ន្ធគ្រោងឆ្អឹង E-GMP (Electric Global Modular Platform) របស់ Hyundai ផ្ទាល់ និងដំណើរការប្រព័ន្ធទូទៅដោយបន្ទះឈីប  Qualcomm Snapdragon SA8295P។ រថយន្តអគ្គិសនីសុទ្ធដំបូងរបស់ Hyundai សម្រាប់ទីផ្សារប្រទេសចិននេះ សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 722km តាមស្តង់ដារវាស់ចម្ងាយ CLTC។
នៅផ្នែកខាងមុខរបស់ Elexio EO មានការឌីស្សាញជាមួយបណ្តុំចង្កៀងអំពូលគុជម្ខាង 4 គ្រាប់ ដែលប្រើប្រាស់នូវអំពូលភ្លើង LED ចំនួន 152 គ្រាប់ និងមានភ្លើង LED រចនាបែបស្លីមនៅខាងក្រោមអូសកាត់ពីម្ខាងទៅម្ខាង ដ៏ទាក់ទាញ។ Hyundai Elexio EO មានបណ្តោយ 4,615mm/ទទឹង1,875mm/ កំពស់ 1,675mm និងគម្លាតចម្លោះកង់មុខទៅកង់ក្រោយ 2,750mm។
Article image
រថយន្តអគ្គិសនីស៊េរីថ្មីមួយនេះមានជម្រើស 7 ពណ៌ ដូចជា ស្វាយ purple, ទឹកប្រាក់ silver, ស pearl white, ខៀវblue, ស matte white, ខ្មៅ black, និងប្រផេះ gray។ Elexio EO មានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ (FWD) និងម៉ូទ័រពីរ (AWD)។ សម្រាប់ម៉ូដែលប្រើម៉ូទ័រមួយ ឬ (FWD) អាចផលិតកម្លាំង 160kW (215hp) ខណៈម៉ូដែលប្រើម៉ូទ័រពីរ (AWD) បានបន្ថែមម៉ូទ័រខាងក្រោយមួយទៀតដែលមានកម្លាំង 73kW (98hp)។
Article image
បើតាមការបញ្ជាក់នៅលើបញ្ជី MIIT បានបញ្ជាក់ថា Hyundai Elexio EO មានជម្រើសកញ្ចប់ថ្មទំហំ 64.2 kWh, 64.2 kWh, និង 88.1 kWh ដែលអាចជិះបានចម្ងាយ  518 km, 540 km, 590 km, 692 km, និង722km ទៅតាមជម្រើសម៉ូដែលផ្សេងៗគ្នា តាមស្តង់ដារ CLTC។ សម្រាប់ការសាកភ្លើងវិញ ឡានអគ្គិសនីស៊េរីថ្មីនេះ គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលសាកពី 30% ទៅ 80% ចាយពេលខ្ទង់ 27 នាទី។ នៅក្នុងកាប៊ីនវិញ ត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាអេក្រង់ទ្រវែងទំហំធំដល់ 27-inch គាទ្រកម្រិតបង្ហាញ 4K ជាមួយកម្រិតពន្លឺ 1000 cd/m² ។ បន្ថែមពីនេះ Hyundai Elexio EO ក៏មានមុខងារ Head up  display (HUD)។
Article image
បន្ទាប់ពីការប្រកាសចេញឡានអគ្គិសនី Elexio EO ដំបូងក្នុងទីផ្សារប្រទេសចិន ក្រុមហ៊ុន Beijing-Hyundai ក៏មានគម្រោងក្នុងការដាក់លក់រថយន្តដំណើរការដោយថាមពលថ្មីពី 2 ទៅ 3 គ្រឿងជារៀងរាល់ឆ្នាំក្នុងរយៈពេល 4 ឆ្នាំខាងមុខ ដែលក្នុងនោះរួមមានរថយន្តប្រភេទ Sedans, SUVs និង MPVs ហើយនិងមានជាប្រភេទ BEV, PHEV និង EREV ផងដែរ។ នៅក្នុងខែកញ្ញា ឆ្នាំ 2025 ក្រុមហ៊ុន Beijing-Hyundai លក់រថយន្តបាន 17871 គ្រឿង កើនឡើង 8% ពីមួយឆ្នាំទៅមួយឆ្នាំ និង 19% ពីមួយខែទៅមួយខែ៕