ស្វែងរកពួកយើង:

ឡានអគ្គិសនីម៉ូដែលដំបូងរបស់ Peugeot-Citroen បង្ហាញចេញជាផ្លូវការនៅទីផ្សារចិនហើយ

ដោយ

Koun Jab Luffy

21 ឧសភា 2025 09:34 ព្រឹក

អាន 2 នាទី

Article image
Hedmos 06 ដែលជាឡានអគ្គិសនី SUV ផលិតឡើងរួមគ្នាដោយក្រុមហ៊ុន Peugeot-Citroen បានបង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ ជាមួយនិងតម្លៃ 15,000 ដុល្លារ។ សូមជំរាបថា Hedmos គឺជាម៉ាកយីហោរថយន្តអគ្គិសនីថ្មីមួយទៀតនៅលើទីផ្សារប្រទេសចិន ដែលមានការអភិវឌ្ឍឡើងរួមគ្នាដោយក្រុមហ៊ុន Dongfeng Peugeot-Citroen (DPC)។ នៅពេលនេះ ក្រុមហ៊ុននេះ បានបញ្ចេញនូវម៉ូដែលដំបូងរបស់ខ្លួន Hedmos 06 នេះ សម្រាប់ទីផ្សារប្រទេសចិនហើយ។
រថយន្តនេះ នឹងកា្លយជារថយន្តអគ្គិសនីថ្មីមួយទៀត ដែលនឹងមកប្រកួតប្រជែងជាមួយនិងរថយន្ត SUV ដែលមាននតម្លៃចាប់ពី 100,000 យ៉ន់ ទៅ 150,000 យ៉ន់ ដែលប្រហែលជាជាង 14,000 ដុល្លារទៅ 20800 ដុល្លារ។ សម្រាប់វត្តមានជាផ្លូវការណ៌របស់រថយន្តអគ្គិសនី Hedmos 06 គឺមានតម្លៃ 125,800 យ៉ន់ ប៉ុន្តែពេលនេះ មានការដាក់លក់ជាមួយតម្លៃពិសេត្រឹមតែ 108,800 យ៉ន់ ដែលស្មើរនឹង 15,000 ដុល្លារប៉ុណ្ណោះ។
Article image
គួរបញ្ជាក់ថា Hedmos 06 ត្រូវបានគេដឹងថាមិនមែនជាឈ្មោះនៃគំរូរថយន្តដើមនោះទេ ដែលដំបូងឡើយវាត្រូវបានគេស្គាល់ឈ្មោះថា Fukang 06។ រថយន្តប្រភេទ Compact all-electric SUV ម៉ូដែលថ្មីនេះ មានបណ្តោយខ្លួន 4,670mm/ ទទឹង 1,900mm/កំពស់ 1,617mm និងមានគម្លាតចន្លោះកង់មុខក្រោយប្រមាណ 2,775mm។
Hedmos 06 ត្រូវបានផលិតឡើងដោយឈរនៅលើគំរូស្ថាបត្យកម្ម DSMA architecture របស់ក្រុមហ៊ុន Dongfeng ដែលដំណើរការដោយប្រព័ន្ធម៉ូទរ័មួយប្រើនៅផ្នែកខាងមុខមានកំលាំង 160kW ដែលអាចជាន់សន្ទុះល្បឿនពី 0-100km/h ចាយពេលខ្ទង់ 6.9 វិនាទី នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់។
Hedmos 06 នឹងមកជាមួយកញ្ចប់ថ្មដែលមានទំហំ 62.3kWh ដែលសាកភ្លើងមួយពេញអាចជិះបានចម្ងាយផ្លូវប្រមាណ 520km តាមស្តង់ដារតេស្ត CLTC។ ទៅលើប្រព័ន្ធនៃកំលាំងសាកភ្លើងក្រុមហ៊ុនមិនទាន់បញ្ជាក់នៅឡើយទេ ប៉ុន្តែ គ្រាន់តែដឹងថារថយន្តអគ្គិសនីនេះគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលអាចសាកបញ្ចូលថាមពលថ្មពី 30% ទៅ 80% ចាយពេលប្រមាណ 28 នាទី។
Article image
សម្រាប់ផ្នែកខាងក្នុងឃើញថាមានការរចនាបែបប្រណិតទាន់សម័យជាមួយដៃចង្កូតរចនាជាពីរកាំរាងជាអក្សរ D មានអេក្រង់បង្ហាញព័ត៌មាននៅខាងក្រោយទំហំ 10.2-inch instrument panel និងអេក្រង់កម្សាន្តនៅកណ្តាលមានទំហំ 14.6-inch រីនៅផ្នែកស្នូរកណ្តាលឃើញមានកន្លែងដាក់កែវទឹកពីរ និងកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែផងដែរ៕