ក្រុមហ៊ុន Toyota ត្រៀមពង្រីកវត្តមានម៉ាកយីហោរថយន្តដំណើរការដោយថាមពលអគ្គិសនីរបស់ខ្លួននៅទីផ្សារអឺរ៉ុបឲ្យបានកាន់តែខ្លាំងឡើងថែមមួយកម្រិតទៀត។ ដោយក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ បានត្រៀមធ្វើការប្រកាសចេញលក់ឡានអគ្គិសនីស៊េរីថ្មីម៉ូដែល Toyota C-HR+ ក្នុងពេលឆាប់ៗក្នុងខែមីនានេះ។ ឡានអគ្គិសនីដែលមានការឌីស្សាញរូបរាងបែប Coupe-Style SUV នេះ គឺជាផ្នែកមួយនៃការបង្កើនកេរ្តិ៍ឈ្មោះឡានអគ្គិសនីរបស់ Toyota។ C-HR+ បានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង eTNGA Platform ដូចគ្នានឹងស្រឡាយ bZ-Series ដែលគ្រោងឆ្អឹងរថយន្តនេះ ត្រូវបានអភិវឌ្ឍន៍យ៉ាងពិសេសដោយ Toyota ផ្ទាល់តែម្តង។"
Toyota C-HR+ EV ដែលត្រៀមចេញលក់នៅទីផ្សារអឺរ៉ុបខាងមុខនេះ មានជម្រើសបីម៉ូដែលផ្សេងគ្នា គឺ Mid, Mid+ និង High។ All-New Toyota C-HR+ មានជម្រើសកញ្ចប់ថ្មពីទំហំ គឺ 57.7kWh និង 77kWh។ សម្រាប់ C-HR+ ប្រើម៉ូទ័រអគ្គិសនីមួយ (FWD) ជាមួយកញ្ចប់ថ្មទំហំ 77kWh អាចបើកបរបានចម្ងាយផ្លូវ 607km នៅពេលសាកភ្លើងពេញម្តង ដែលជាចម្ងាយបើកបរបានឆ្ងាយមិនធ្លាប់មានពីមុនក្នុងស្រឡាយឡានអគ្គិសនីរបស់ Toyota។ ចំនែកម៉ូដែលខ្លាំងបំផុតរបស់ C-HR+ គឺបំពាក់ដោយម៉ូទ័រអគ្គិសនីពីរ (AWD) អាចជាន់ស្ទុះពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 5.2 វិនាទី។
Toyota C-HR+ EV Series គាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្លាំង 150kW ដែលសាកចូលពី 10% ទៅ 80% ប្រើពេល 28 នាទី។ ជាមួយគ្នានេះ នៅលើម៉ូដែល C-HR+ High ក៏អាចសាកភ្លើង AC កម្លាំង 22kW ដែលអាចសាកភ្លើងនៅផ្ទះ ឬកន្លែងធ្វើការបាន ដោយម៉ូដែលមានថ្មទំហំ 57.7kWh សាកពេញម្តងប្រើពេលជាង 2 ម៉ោង។ ទៅលើការឌីស្សាញផ្នែកខាងមុខរបស់ C-HR+ EV គឺខុសគ្នាពីម៉ូដែល Hybrid ដោយវាបានប្រើប្រាស់នូវទម្រង់ឌីស្សាញបែប “Hammerhead” រំលេចជាមួយបណ្តុំចង្កៀង LED Light រចនាបែបស្លីម រួមនឹងភ្លើងបំភ្លឺពេលថ្ងៃ Daytime running light រាងអក្សរ “C”។
Toyota C-HR+ EV មានតួរខ្លួនប្រវែង 4,530mm វែងជាង C-HR ម៉ូដែលស្តង់ដារ 170mm ដែលផ្តល់នៅទំហំខាងក្នុងធំទូលាយដោយចន្លោះកៅអីជួរមុខ និងជួរក្រោយមានប្រវែង 900mm ផ្តល់ភាពងាយស្រួលក្នុងការដាក់ជើងសម្រាប់អ្នកដំណើរកៅអីជួរក្រោយ។ មកផ្នែកកាប៊ីនរបស់ C-HR+ វិញមានបំពាក់ អេក្រង់ Touchscreen ទំហំ 14-inch និងអេក្រង់ Digital LCD ទំហំ 7-inch នៅក្រោយដៃចង្កូតសម្រាប់បង្ហាញព័ត៌សំខាន់ៗរបស់រថយន្ត។ ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការអ្នកបើកបរវិញ Toyota C-HR+ EV គាំទ្រនូវកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota T-Mate ដែលមានភ្ជាប់មកជាមួយសែនស័រកាមេរ៉ា និងសែនស័រសំខាន់ៗក្នុងការចាប់សញ្ញាឧបសគ្គគ្រោះថ្នាក់ផ្សេងៗ។
បន្ថែមពីនេះ C-HR+ ក៏មានមុខងារបើកបរ និងចាប់ហ្រ្វាំងស្វ័យប្រវត្តិ ដើម្បីបញ្ជៀសការបុកប៉ះទង្គិច, ប្រព័ន្ធសែនស័រភ្លើងបំភ្លឺជុំវិញរថយន្ត “ambient lighting” ដែលវានឹងប្រែទៅជាពណ៌ក្រហមភ្លាមៗដើម្បីព្រមានយើងឲ្យបានដឹងថាមានកង់ ម៉ូតូ ក៏ដូចជាយានយន្តកំពុងមកពីក្រោយនៅពេលបើកទ្វាររថយន្តជាដើម។ យ៉ាងណាមិញសម្រាប់តម្លៃរបស់ All-New Toyota C-HR+ ដែលត្រៀមចេញលក់នៅទីផ្សារអឺរ៉ុបក្រុមហ៊ុនមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕





