
នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថ្មីថា ឡានអគ្គិសនីជំនាន់ថ្មីម៉ូដែល Xiaomi YU7 ចំនួន 500 គ្រឿង ត្រូវបានក្រុមហ៊ុនធ្វើការផលិតចេញពីរោងចក្ររួចរាល់ហើយ ដើម្បីព្រឹត្តិការណ៌នៅថ្ងៃ 26 ខែមិថុនាស្អែកនេះ។ ឡានទាំងនេះ គឺមិនមែនសម្រាប់លក់នោះទេ គឺសម្រាប់ដាក់តាំងបង្ហាញតែប៉ុណ្ណោះ។ នៅពេលនេះ ក្រុមហ៊ុនទើបតែដំណើរការផលិតនៅរោងចក្រ F1 មួយតែប៉ុណ្ណោះ សម្រាប់ F2 នៅមិនទាន់បានដាក់អោយដំណើរការទេ ដោយខ្លាចមានការប៉ះពាល់ដល់ការផលិតទៅ SU7 Sedan និងបន្តអោយអ្នកបញ្ជាទិញរង់ចាំកាន់តែយូរជាងនេះ។
Xiaomi YU7 គឺជាឡានអគ្គិសនី electric SUV ដែលត្រូវបានប្រកាសចេញនៅលើទីផ្សារប្រទេសចិន កាលពីថ្ងៃទី 22 ខែមិថុនា ហើយក៏បានដាក់អោយបញ្ជាទិញមុនផងដែរ ហើយស្របពេលជាមួយគ្នានេះ ម៉ូដែលថ្មីនេះ ក៏មានការបង្ហាញវត្តមាននៅតាមហាងលក់រថយន្តជាច្រើននៅប្រទេសចិនក្នុងពេលតែមួយផងដែរ។ ដោយសារតែមានការចាប់អារម្មណ៍ខ្លាំងទៅលើម៉ូដែលថ្មីនេះ លោក Lei Jun ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិ Xiaomi Auto បានចេញមកបញ្ជាក់ថា ឡានអគ្គិសនី SUV ម៉ូដែល YU7 នឹងមានការដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី 26 ខែមិថុនានេះ។ នៅថ្ងៃទី 25 ខែមិថុនា National Business Daily (NBD) បានរាយការណ៍ពីលក្ខណៈសម្បត្តិទូទៅស្តីពីការផលិតរថយន្ត YU7។

យោងតាមរបាយការណ៌ខាងលើនេះ បានបញ្ជាក់ថា Xiaomi មានគោលបំណងបង្ហាញនូវរថយន្តនេះចំនួន 500 គ្រឿងនៅតាមហាងលក់រថយន្តអោយបានមុនថ្ងៃទី 26 មិថុនាស្អែកនេះ។ ប្រភពខាងលើនេះបន្ថែមថា ឡាន YU7 ថ្មីនេះ គឺបានបញ្ចប់ការផលិតរួចរាល់ហើយពីរោងចក្រ Xiaomi F1 ដែលកន្លងមក ទីនេះ ក៏ជាកន្លែងផលិតរថយន្ត SU7 sedan ហើយនិង SU7 Ultra sports car ផងដែរ។ តាមបុគ្គលិកមួយរូបនៅរោងចក្រនោះ បាននិយាយថា រថយន្ត YU7 ជាច្រើនគ្រឿង ត្រូវបានផលិតចេញជារៀងរាល់ថ្ងៃ ដោយក្រុមហ៊ុនផ្តោតខ្លាំងធ្វើយ៉ាងណាអោយរួចរាល់សម្រាប់ការដាក់តាំងនៅតាមហាងលក់រថយន្តនានានៅទូទាំងប្រទេស។

គួរបញ្ជាក់ផងដែរថា កាលពីមុននេះលោក Lei Jun ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិ Xiaomi Auto ធ្លាប់បានបញ្ជាក់ថា ការផលិតនូវឡានអគ្គិសនី YU7 SUV ថ្មីនេះ គឺមានចំណែកត្រឹមតែ 10% ប៉ុណ្ណោះប្រៀបធៀបជាមួយនិងម៉ូដែល SU7 sedan នេះគឺដោយសារតែការផលិតនូវម៉ូដែលផ្សេងនៅលើរោងចក្រតែមួយ។ តាមរយៈនៃលើកឡើងនេះ មានការព្យាករណ៌ថា ការរង់ចាំរបស់អតិថិជន SU7 គឺនឹងបន្តអូសបន្លាយកាន់តែយូរជាងមុន។

