ស្វែងរកពួកយើង:

អេក្រង់ កាមេរ៉ា និងបន្ទះឈីប ដែលមាននៅលើ vivo X Fold 5 ត្រូវបានគេទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

09 ឧសភា 2025 04:51 ល្ងាច

អាន 2 នាទី

Article image
vivo ត្រូវបានមើលឃើញថា បានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន X Fold 3 របស់ខ្លួននៅខែមេសាឆ្នាំ 2024 ដូច្នេះសម្រាប់ឆ្នាំ 2025 នេះ មានសេចក្តីរាយការណ៌ថា ក្រុមហ៊ុននេះ ក៏អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានថ្មីរបស់ខ្លួននៅក្នុងពេលដូចគ្នាដែរនេះ ប៉ុន្តែអ្វីៗនៅមិនទាន់បានបញ្ជាក់ច្បាស់ទេ ដោយសារតែក្រុមហ៊ុននេះ បានសម្រេចបោះបង់ចោលនូវលេខ 4 ដែលជាលេខមិនល្អសម្រាប់ប្រទេសចិនហើយ។ សម្រាប់ម៉ូដែលថ្មីនេះ អាចនឹងជាស្មាតហ្វូនអេក្រង់បត់បាន X Fold 5។
យោងតាមការបែកធ្លាយពី XpertPick បានបង្ហាញព័ត៌នមានជាច្រើនរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះហើយ ខណៈដែលការសម្ពោធជាផ្លូវការណ៌នៅមិនទាន់ច្បាស់នោះទេ។ នៅក្នុងការបែកធ្លាយនេះ បានបញ្ជាក់ថា X Fold 5 នឹងមានអេក្រង់ខាងក្រៅទំហំ 6.53-អ៊ីង LTPO OLED រត់លើល្បឿន 120Hz refresh rate ខណៈដែលអេក្រង់ខាងក្នុងមានទំហំ 8.03 អ៊ីងដែលជាអេក្រង់ AMOLED រត់ជាមួយល្បឿន 120Hz refresh rate កម្រិត 2K resolution។ ស្មាតហ្វូននេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ដូចគ្នាជាមួយនិង X Fold 3 Pro អញ្ចឹង ហើយនឹងមានរ៉េមទំហំ 16GB និងអង្គចងចាំ 512GB។
Article image
ប្រភពដដែលនេះបន្តថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP ដែលជាសិនស័រ Sony IMX921 និងមួយគ្រាប់ទៀតជា ultrawide ភ្ជាប់ជាមួយនិង autofocus ខណៈដែលគ្រាប់ចុងក្រោយជា Sony IMX882 telephoto ហ៊្សូមបាន 3x optical zoom។ ចំពោះកាមេរ៉ាមុខមាន 2 គ្រាប់ទំហំ 32MP ដោយមួយនៅលើអេក្រង់ខាងក្នុង និងមួយទៀតនៅលើអេក្រង់ខាងក្រៅ។
Article image
ស្មាតហ្វូននេះ នឹងមានថ្មទំហំ 6000mAh ហើយនិងមានតួខ្លួនត្រឹមតែ 4.3mm នៅពេលដែលបើក និង 9.3mm នៅពេលដែលបត់។ សម្រាប់ការសាកថ្មនៅលើស្មាតហ្វូននេះ ត្រូវបានគេនិយាយថា អាចនឹងមានកម្លាំង 90W wired និង 30W wireless។ ស្មាតហ្វូននេះ នឹងមានការបំពាក់នូវសិនស័រស្កែនក្រយ៉ៅដៃនៅលើចំហៀងតួ និងមានប៊ូតងុង Alert Slider ហើយនឹងអាចបញ្ជាទៅលើមុខងារ AI បានផងដែរ។ នៅលើស្មាតហ្វូននេះ ក៏នូវមានមុខងារការពារទឹកនិងធូលីកម្រិត IP rating ទៀតផង។