
នៅពេលនេះ ក្រុមហ៊ុន Motorola បាននឹងកំពុងតែត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Edge 50 Pro នៅក្នុងប្រទេសឥណ្ឌានាពេលឆាប់ៗនេះហើយ។ ក្រុមហ៊ុនផលិតស្មាតហ្វូន ដែលគ្រប់គ្រងដោយ Lenovo មួយនេះបានបញ្ជាក់រួចហើយអំពីបន្ទះឈីបដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូននេះ។ នៅពេលនេះ ព័ត៌មានលម្អិតអំពីអេក្រង់ និងកាមេរ៉ារបស់ស្មាតហ្វូននេះ ក៏មានការទម្លាយនៅលើវេបសាយ Flipkart ផងដែរ។
ស្មាតហ្វូន Motorola Edge 50 Pro ថ្មីនេះ នឹងមានអេក្រង់ប្រភេទ POLED ឌីស្សាញជាមួយគែមកោង ហើយនិងមានរន្ធប្រហោងមួយគ្រាប់ស្ថិតនៅកណ្តាលអេក្រង់ ដែលញាត់កាមេរ៉ា Selfie នៅខាងក្នុង។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.7-អ៊ីង គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ហើយនិងមានល្បឿន 144Hz refresh rate។ អេក្រង់នេះ មានកម្រិតពន្លឺ 2,000 nits, HDR10+ និងមានការទ្រទ្រង់ដោយកម្រិត 100% DCI-P3 colour gamut ថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានប្រព័ន្ថស្កេនក្រយ៉ោដៃក្រោមអេក្រង់ថែមទៀត។ អេក្រង់នេះ ក៏មានការទទួលស្គាល់ដោយវិញ្ញាបនបត្រ Pantone Validated ដែលមានការបញ្ចាក់អំពីពណ៌ និង tones ផងដែរ។
ស្មាតហ្វូន Motorola Edge 50 Pro នេះ គឺនឹងមានការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា Pantone Validated ដំបូងបំផុតរបស់ពិភពលោក។ នេះមានន័យថា សម្រាប់ពណ៌ និង Skin Tone ថតចេញពីស្មាតហ្វូននេះ គឺទទួលបាននូវការផ្ទៀងផ្ទាត់ចេញពី Pantone។ កាមេរ៉ានៅខាងក្រោយស្មាតហ្វូននេះ មាន 3 គ្រាប់ ដោយកាមេរ៉ាមេមានទំហំ 50MP បំពាក់នូវបច្ចេកវិទ្យា AI ជាមួយនឹង adaptive stabilization, autofocus tracking, tilt mode និងមុខងារថតរូបជាច្រើនទៀត។
បន្ថែមពីនេះ នៅលើកាមេរ៉ានេះ ក៏នឹងមាន Generative AI ដែលងាយស្រួលក្នុងការបង្កើតនូវ Wallpaper ដែលបំពាក់នូវ AI ថែមទៀតផង។ ស្មាតហ្វូន Motorola Edge 50 Pro នេះនឹងមាន 3 ពណ៌សម្រាប់ជ្រើសរើស ហើយវានឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 7 Gen 3 ថែមទៀតផង៕
