
យោងតាមការទម្លាយព័ត៌មានកន្លងមក បានអោយដឹងថា ព្រឹត្តិការណ៍ Unpacked 2024 លើកទី 2 របស់ Samsung ដែលជាក្រុមហ៊ុនបច្ចេកវិតទ្យាយក្សកូរ៉េខាងត្បូង ត្រូវគេរំពឺងថា នឹងប្រារព្ធឡើងនៅក្នុងខែកក្កដាខាងមុខនេះ នៅក្នុងទីក្រុងប៉ារីស នៅមុនព្រឹត្តិការណ៍ Olympics។ ព្រឹត្តិការណ៍នេះ នឹងមានការបង្ហាញនូវស្មាតហ្វូនបត់បាន Galaxy Z Flip 6, Z Fold 6 ស្មាតវ៉ច Galaxy Watch និងកាសស្តាប់ Galaxy Buds ផងដែរ។
នៅថ្ងៃនេះ មានការបែកធ្លាយថ្មីមួយដែលនិយាយពីស្មាតហ្វូនបត់បាន Galaxy Z Fold 6 នេះថែមទៀតហើយ ដោយបានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងការឌីស្សាញអេក្រង់ខាងក្រៅធំជាងម៉ូដែលមុន។ ការបែកធ្លាយនេះ គឺទម្លាយចេញពី IceUniverse។ អ្នកទម្លាយរូបនេះ បានចែករំលែកនូវរូបភាពអំពីផ្នែកអេក្រង់ខាងក្រៅរបស់ស្មាតហ្វូន Z Fold 6 នៅលើ X។

ខណៈពេលដែលមិនមានការបង្ហាញនូវរូបរាងពេញលេញរបស់ស្មាតហ្វូននេះនៅឡើយនោះ ការបែកធ្លាយខាងលើនេះ គឺបានទម្លាយអំពីគែម Bezels អេក្រង់ខាងក្រៅស្មាតហ្វូននេះថា មានកម្រ៉ាស់ស្តើងបំផុត។ ក្រុមហ៊ុន Samsung ត្រូវគេរាយការណ៍ថា នឹងបង្កើនទៅលើទំហំ Ratio នៃអេក្រង់របស់ស្មាតហ្វូនខាងក្រៅនេះ ដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យ។

IceUniverse បានបញ្ជាក់បន្ថែមថា ការប្រកាសចេញនូវវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់ថ្មីនេះ គឺមានតែម៉ូដែល Z Fold 6 ប៉ុណ្ណោះនៅក្នុងឆ្នាំនេះ។ សម្រាប់វត្តមានស្មាតហ្វូន Z Fold 6 Ultra អាចនឹងបង្ហាញខ្លួននៅពេលក្រោយ។ នៅក្នុងក៏មានពាក្យចចាមអារ៉ាមជាច្រើន បាននិយាយអំពីស្មាតហ្វូនបត់បាន Galaxy Z Fold FE ហើយក៏មានការបញ្ជាក់ថា ស្មាតហ្វូន Galaxy Z Fold ក៏ស្ថិតនៅក្នុងការអភិវឌ្ឍផងដែរ។ ដូច្នេះនៅពេលខាងមុខនេះ យើងនឹងដឹងព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូន Galaxy Z Fold 6 និងម៉ូដែលជាច្រើនទៀតនាពេលខាងមុខនេះ៕
