
Santana គឺជាម៉ាកយីហោក្រុមហ៊ុនផលិតរថយន្តរបស់អេស្ប៉ាញ ដែលត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ 1950 ហើយនៅពេលនេះ ក្រុមហ៊ុននេះបានធ្វើការបញ្ជាក់ពីលក្ខណៈបច្ចេកទេស និងតម្លៃ សម្រាប់រថយន្តភីកអាប់ដំបូងរបស់ខ្លួនដែលត្រូវផលិតស្ថិតនៅក្រោមកិច្ចសហការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនចិន និងជប៉ុន។
Santana បានទទួលអាជ្ញាប័ណ្ណផលិតរថយន្ត Land Rover ក្នុងទសវត្សរ៍ឆ្នាំ 1958 និងបានចាប់ផ្តើមផលិតម៉ូដែល Suzuki Jimny ក្នុងឆ្នាំ 1986 ហើយក្រោយមកទៀត Santanaបានចាប់ផ្តើមផលិតរថយន្ត off-road ផ្ទាល់ខ្លួន សម្រាប់ការប្រើប្រាស់ក្នុងកិច្ចការយោធា។ យ៉ាងណាមិញការផលិតបានបញ្ឈប់នៅឆ្នាំ 2011 ដោយសារតែការលក់ធ្លាក់ចុះតម្រូវការ និងមានវិបត្តិផ្នែកហិរញ្ញវត្ថុ។

ជាមួយការត្រឡប់មកសារជាថ្មីម្តងទៀតនេះ Spanish Santana ត្រៀមបញ្ចេញឡាន Pick up ដំបូងរបស់ខ្លួនចំនួនពីរម៉ូដែលនៅទីផ្សារប្រទេសចិន ដែល Pick up ថ្មីទាំងពីរម៉ូដែល គឺមានម៉ូដែល 400D Diesel ប្រើម៉ាស៊ីនម៉ាស៊ូត និង 400 PHEV ប្រើម៉ាស៊ីន Plug-in-hybrid។ ឡាន Pick up ថ្មីទាំងពីរម៉ូដែលរបស់ Santana គឺប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹង (Platform) ដូចគ្នានឹងម៉ូដែល Dongfeng Z9 និង Nissan Frontier Pro ដែលផលិតដោយសម្ព័ន្ធមិត្តក្រុមហ៊ុន Zhengzhou Nissan។ មិនត្រឹមតែប្រើប្រាស់ Platform ដូចគ្នានឹង Z9 នោះទេ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងក៏មានលក្ខណៈដូចគ្នាថែមទៀតផង ក្នុងនោះមានដូចជាការបំពាក់អេក្រង់ថាច់ស្រ្គីនទំហំ 14.6-inch នៅលើ Dashboard, ប្រព័ន្ធកៅអីក្តៅត្រជាក់ និងប្រព័ន្ធជំនួយការបើកបរ driver-assistance system ជាដើម។

ចំពោះតម្លៃវិញ ត្រូវបាន Santana បញ្ជាក់ថា ម៉ូដែល 400D diesel មានតម្លៃខ្ទង់ $47,100 និងម៉ូដែល 400 PHEV មានតម្លៃខ្ទង់ $29,900 ធៀបនឹង Ford Ranger ដែលមានតម្លៃខ្ទង់ $31,050 នៅទីផ្សារអេស្ប៉ាញ។ Santana 400D បំពាក់នូវម៉ាស៊ីនម៉ាស៊ូតប្រភេទ turbocharged diesel engine ទំហំ 2.3-litre អាចផលិតកម្លាំងបាន 190 សេះ និងកម្លាំងរមួល 500N.m ភ្ជាប់ដំណើរការដោយប្រអប់លេខដៃ 6-វគ្គ ឬប្រអប់លេខស្វ័យប្រវត្តិ 8-វគ្គ។ ចំនែកម៉ូដែល Santana 400 PHEV វិញ ដំណើរការនៅលើម៉ាស៊ីនសាំងប្រភេទ turbocharged engine ទំហំ 1.5-litre ជាប្រព័ន្ធដំណើរការម៉ូទ័រអគ្គិសនី electric drive system ដែលមានសមត្ថភាពផលិតកម្លាំងបាន 315kW និងកម្លាំង 800N.m ដែលអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ប្រើពេលខ្ទង់ 6.5 វិនាទី ហើយអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយផ្លូវដល់ 120km។

ជាមួយគ្នានេះ ក្រុមហ៊ុន BAIC ត្រៀមប្រកាសចេញលក់ម៉ូដែល BJ40 និង BJ30 off-road នៅពាក់កណ្តាលឆ្នាំ 2026 ហើយ BAIC ក៏មានគម្រោងធ្វើការអភិវឌ្ឍយានយន្តផ្តាច់មុខសម្រាប់ក្រុមហ៊ុន Santana ដោយផ្អែក BAIC platforms នាពេលអនាគតផងដែរ។ ឡានភីកអាប់របស់ Santana ដែលបានប្តូរម៉ាកយីហោ និងម៉ូដែលប្រើប្រាស់ BAIC platforms នាពេលអនាគតនឹងចូលទៅក្នុងផ្នែកឡាន off-road នៅអឺរ៉ុប និងចិន ជាមួយនឹងលក្ខណៈបច្ចេកទេស និងតម្លៃដែលអាចប្រៀបធៀបទៅនឹងដៃគូប្រកួតប្រជែងដែលកំពុងមានវត្តមាននៅលើទីផ្សារបច្ចុប្បន្នស្រាប់ថែមទៀតផង៕
