ស្វែងរកពួកយើង:

អ្នកកក់ឡានអគ្គិសនី Xiaomi SU7 នឹងត្រូវពន្យាពេលរហូតដល់ទៅ 50 សប្តាហ៍ទើបទទួលបានឡាន

ដោយ

Koun Jab Luffy

04 មិថុនា 2025 11:00 ថ្ងៃត្រង់

អាន 3 នាទី

Article image
ពេលវេលារង់ចាំក្នុងការដឹកជញ្ជូនរថយន្តអគ្គិសនី Xiaomi SU7 ត្រូវបានធ្វើការពន្យារហូតដល់ 350 ថ្ងៃនៅក្នុងប្រទេសចិន។ ដូចនេះ អតិថិជនដែលបានបញ្ជាទិញ Xiaomi SU7 នឹងត្រូវរង់ចាំរហូតដល់ 50 សប្តាហ៍ ដើម្បីទទួលបានរថយន្តរបស់ខ្លួន។ កត្តាដែលនាំឲ្យមានការពន្យាពេលក្នុងការចែកចាយ Xiaomi SU7 គឺបណ្តាលមកពីតម្រូវការខ្លាំងសម្រាប់ម៉ូដែលនេះ និងសមត្ថភាពផលិតកម្មរបស់ Xiaomi នៅមានកំណត់។
ឡានអគ្គិសនីដំបូងរបស់ Xiaomi គឺ SU7 ត្រូវបានដាក់លក់ជាផ្លូវការណ៍នៅក្នុងប្រទេសចិនក្នុងខែមីនា ឆ្នាំ 2024។ ហើយមកទល់នឹងពេលបច្ចុប្បន្នការនាំចេញការចែកចាយ Xiaomi SU7 គឺមានចំនួនជាង 271,000 គ្រឿង នេះបើយោងតាមទិន្នន័យ China EV DataTracker។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការលើសសម្រាប់ Xiaomi SU7 បានក្លាយជាបញ្ហារបស់ក្រុមហ៊ុនផលិតរថយន្តវ័យក្មេងមួយន។ នៅពេលនៃការប្រកាសចេញលក់ដំបូងក្រុមហ៊ុន Xiaomi បានប្រកាសថា ការនាំចេញរបស់ SU7 គឺលើសពី 25 សប្តាហ៍។ ហើយនៅខែមីនាឆ្នាំ 2025 ការនាំចេញក៏បានឈានដល់ 46 សប្តាហ៍ និងលើកទីបីនេះ គឺឈានដល់ 50 សប្តាហ៍។
Article image
យោងតាមកម្មវិធី Xiaomi Auto App បានបញ្ជាក់ថា ពេលវេលារង់ចាំការនាំចេញរថយន្តអគ្គិសនី SU7 Pro ស្ថិតនៅក្នុងចន្លោះពី 47 ទៅ 50 សប្តាហ៍ ដែលមានន័យថា រថយន្តនឹងត្រូវបាននាំចេញក្នុងរយៈពេល 329 ទៅ 350 ថ្ងៃបន្ទាប់ពីការបញ្ជាទិញ។ សម្រាប់ភាពច្បាស់លាស់ អតិថិជនដែលបានកក់រថយន្តនៅថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2025 នឹងទទួលបានរថយន្តរបស់ពួកគេក្នុងចន្លោះរវាងថ្ងៃទី 27 ខែមេសា និងថ្ងៃទី 18 ខែឧសភា ឆ្នាំ 2026។
Xiaomi SU7 Pro គឺម៉ូដែលថ្នាក់កណ្តាលក្នុងគ្រួសារ SU7 មានន័យថាម៉ូដែល Pro មានសមត្ថភាពខ្ពស់ជាម៉ូដែលស្តង់ដារ SU7 ប៉ុន្តែទាបជាងម៉ូដែល Max។ SU7 ដំណើរការដោយម៉ូទ័រអគ្គិសនីមួយបំពាក់នៅលើភ្លៅក្រោយនៃរថយន្តដែលមានកម្លាំង 220kW ឬ 295 សេះ ដំណើរការដោយកញ្ចប់ថ្មប្រភេទ LFP ទំហំ 94.3kWh ផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ដែលការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយដល់ 830 គីឡូម៉ែត្រ។ Xiaomi SU7 Pro មានតម្លៃចាប់ពីខ្ទង់ $34,130 នៅក្នុងប្រទេសចិន។
Article image
ចំពោះ Xiaomi SU7 វិញបំពាក់ដោយកញ្ចប់ថ្ម LFP ទំហំ 73.6kWh  មានតម្លៃចាប់ពី$29,970។ ហើយម៉ូដែលនេះ មានពេលរង់ចាំចាប់ពី 41 ទៅ 44 សប្តាហ៍ ឬ 287 ទៅ 308 ថ្ងៃ។ ចំនែកម៉ូដែលកំពូល SU7 Max ដែលដំណើរការដោយម៉ូទ័រអគ្គិសនីពីរ ឬ 4WD មានកម្លាំងសរុប 663 សេះ ជាមួយកញ្ចប់អាគុយ NMC ternary ទំហំ 101kWh និងមានប្រព័ន្ធ air suspension ហើយនិងមានតម្លៃ $41,630។
ម៉ូដែល SU7 Max ត្រូវការពេលរង់ចាំសម្រាប់ការនាំចេញពី 35 ទៅ 38 សប្តាហ៍ ឬពី 245 ទៅ 266 ថ្ងៃ។ នៅក្នុងខែមីនា ឆ្នាំ 2024 អ្នកគ្រប់គ្រងទូទៅផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន Xiaomi Group លោក Wang Hua បានបញ្ជាក់ថា Xiaomi នឹងបង្កើនសមត្ថភាពផលិតកម្មរថយន្ត ដើម្បីសម្រេចបាននូវគោលដៅក្នុងការចែកចាយឲ្យបានដល់ចំនួន 300,000 គ្រឿងក្នុងឆ្នាំ 2024។
Article image
ហើយក្រោយមក ក្រុមហ៊ុន Xiaomi Automobile ក៏បានធ្វើការផ្លាស់ប្តូរតួរលេខគោលដៅក្នុងការនាំចេញ SU7 Series ឲ្យបានចំនួន 480,000 គ្រឿង។ ទន្ទឹងនឹងនេះ Xiaomi ក៏មានគម្រោងក្នុងការដាក់អោយដំណើរការរោងចក្រ F2 ក្នុងពេលឆាប់ៗនេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ រោងចក្រ F2 ថ្មីនេះ ត្រូវបានគេដឹងថា នឹងផ្តោតជាសំខាន់លើការផលិតប្រភេទ Crossover ម៉ូដែលថ្មី គឺ Xiaomi YU7 ដែលនឹងចាប់ផ្តើមចេញដាក់លក់ផ្លូវការណ៍នៅខែកក្កដាឆ្នាំ 2025 នេះ។ ដូច្នេះពេលវេលារង់ចាំការនាំចេញ SU7 អាចត្រូវបានពន្យាពេលបន្ថែមទៀតក៏ថាបាន៕
អ្នកកក់ឡានអគ្គិសនី Xiaomi SU7 នឹងត្រូវពន្យាពេលរហូតដល់ទៅ 50 សប្តាហ៍ទើបទទួលបានឡាន