
ព្រះសីហនុ៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញចុះពិនិត្យខ្សែចង្វាក់ផលិតកម្មរបស់រោងចក្រផ្គុំដំឡើងរថយន្ត BYD Cambodia ដែលទើបសាងសង់រួចរាល់ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។
ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការ ផ្សព្វផ្សាយនូវភាពវិជ្ជមាននៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់ពិភពលោក តាមរយៈវត្តមានរបស់ក្រុមហ៊ុនខ្នាតយក្សដូចជា BYD គឺជាភស្តុតាងមិនអាចប្រកែកបានដែលបង្ហាញថា កម្ពុជាគឺជាគោលដៅវិនិយោគដ៏មានសក្តានុពល សុវត្ថិភាព និងផ្ដល់ផលចំណេញខ្ពស់។

ឯកឧត្តម បានរំពឹងថា BYD នឹងពាំនាំនូវបទពិសោធន៍វិជ្ជមានក្នុងការវិនិយោគនៅកម្ពុជា ទៅផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍ធុរកិច្ច និងបណ្តាញទំនាក់ទំនងវិនិយោគរបស់ខ្លួនបន្ថែមទៀត ហើយការចុះពិនិត្យដោយផ្ទាល់របស់នាឱកាសនេះ ក៏ជាការផ្ញើសារយ៉ាងរឹងមាំទៅកាន់វិនិយោគិនអន្តរជាតិថា រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែនៅកៀកកិត និងត្រៀមខ្លួនជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ដើម្បីឱ្យការវិនិយោគនៅកម្ពុជាទទួលបានជោគជ័យ និងមាននិរន្តរភាព។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា ក.អ.ក. នឹងបន្តតួនាទីជាអ្នកសម្របសម្រួលការងារវិនិយោគដ៏ល្អ សម្រាប់រាល់គ្រប់ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ក៏ដូចជាសម្រាប់ក្រុមហ៊ុន BYD ផ្ទាល់តាំងពីដើមរៀងមក។

លើសពីនេះ ឯកឧត្តមបានមានប្រសាសន៍ថា ក.អ.ក. នឹងយកបទពិសោធន៍នៃការសម្របសម្រួលជូនក្រុមហ៊ុន BYD ធ្វើជាគំរូដើម្បីពង្រឹងប្រសិទ្ធភាពសេវាវិនិយោគ សម្រាប់ក្រុមហ៊ុនផ្សេងៗទៀតនាពេលអនាគត។ លើសពីនេះ ក.អ.ក. នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ BYD ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗ ក្នុងគោលបំណងជំរុញផលិតភាពឱ្យកាន់តែខ្លាំងក្លា ដើម្បីឈានទៅដល់ការផ្គត់ផ្គង់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ជាចំណុចគន្លឹះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមហ៊ុន ដើម្បីបានជាមូលដ្ឋានពិចារណា ក្នុងការផ្តល់តម្លៃបន្ថែមដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងការពង្រីកផលិតកម្ម ដោយបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញវត្ថុធាតុដើម ឬគ្រឿងបន្លាស់មួយចំនួនដែលផលិតរួចជាស្រេចនៅក្នុងស្រុក ដើម្បីគាំទ្រដល់សហគ្រាសក្នុងស្រុក និងកាត់បន្ថយការនាំចូល និងជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបន្ថែមវគ្គផលិតកម្មផ្សេងៗទៀត (Production Process) នៅក្នុងរោងចក្រនៅកម្ពុជាឱ្យកាន់តែសម្បូរបែប ដើម្បីបង្កើតតម្លៃបន្ថែមខ្ពស់, បង្កើនការផ្ទេរចំនេះដឹងបច្ចេកវិទ្យា និងបង្កើតឱកាសការងារបន្ថែមជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ៕

