ស្វែងរកពួកយើង:

Loading Ad...

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយ លោក Park Seung-Hee អគ្គនាយកផ្នែកទំនាក់ទំនងធុរកិច្ចរបស់ក្រុមហ៊ុន Samsung Electronics

ដោយ

ជុំ ប៉េងលីន

15 មិថុនា 2026 04:44 ល្ងាច

អាន 3 នាទី

Article image
ជំនួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃក្រុមហ៊ុន Samsung Electronics និងទស្សនកិច្ចនៅសារមន្ទីរនវានុវត្តន៍ Samsung ដើម្បីសិក្សាស្វែងយល់អំពីសាវតានៃការធ្វើនវានុវត្តន៍ឌីជីថលរបស់ក្រុមហ៊ុន
ស៊ូវ៉ុន៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ដែលជាថ្ងៃទីមួយនៃការបំពេញបេសកកម្មគោះទ្វារទាក់ទាញនិងជំរុញវិនិយោគនៅលើទឹកដីនៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជួបពិភាក្សាការងារជាមួយ លោក Park Seung-Hee អគ្គនាយកផ្នែកទំនាក់ទំនងធុរកិច្ចរបស់ក្រុមហ៊ុន Samsung Electronics ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Samsung Electronics Co.,Ltd. ដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌលនវានុវត្តន៍ Samsung ស្ថិតក្នុងទីក្រុង Suwon ខេត្ត Gyeonggi ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានីសេអ៊ូល។


អមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបពិភាក្សាការងារ និងទស្សនកិច្ចនាឱកាសនេះ ក៏មានការចូលរួមពី ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ, លោក Park Joo-bong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន, ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពី ក.អ.ក. និងក្រសួងពាណិជ្ជកម្ម, ព្រមទាំងតំណាងវិស័យឯកជនពីកម្ពុជារួមមានសមាសភាពពី សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ ក្នុងឱកាសនៃកិច្ចពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីឧត្តមភាពប្រៀបធៀបរបស់កម្ពុជានៅក្នុងតំបន់ ដែលស្របនឹងផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Samsung។


ជាការឆ្លើយតប លោកអគ្គនាយកបានទទួលស្គាល់អំពីសក្តានុពលរបស់កម្ពុជា ជាមួយគ្នានេះលោកបានបន្ថែមថា ក្រុមហ៊ុនក៏បាននិងកំពុងសិក្សាលើកត្តាវិជ្ជមានរបស់កម្ពុជាទាំងនោះផងដែរ ហើយមុននឹងក្រុមហ៊ុនធ្វើការសម្រេចចិត្តដាក់ទុនពង្រីកការវិនិយោគ គឺត្រូវឆ្លងកាត់នីតិវិធីផ្ទៃក្នុងតាមលំដាប់លំដោយ ហេតុនេះក្រុមហ៊ុនអាចនឹងត្រូវការចំណាយពេលមួយរយៈ។

ជាការចូលរួមបន្ថែមសំដៅជំរុញការសម្រេចចិត្តរបស់ក្រុមហ៊ុន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កិច្ចសម្របសម្រួល និងផ្តល់ជូននូវព័ត៌មានយុទ្ធសាស្ត្រចាំបាច់ផ្សេងៗដល់ក្រុមហ៊ុន ដើម្បីអាចឱ្យក្រុមហ៊ុនមានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ ក្នុងការពិនិត្យវាយតម្លៃមុននឹងឈានដល់ការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។ សូមជម្រាបដែរថា៖ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Samsung Electronics ក្នុងទីក្រុង Suwon ខេត្ត Gyeonggi នេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦៩ ហើយបច្ចុប្បន្នមានបុគ្គលិកបម្រើការសរុបប្រមាណ ៣៥.០០០នាក់៕
Article image
Article image
Article image
Article image
Article image
Article image
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយ លោក Park Seung-Hee អគ្គនាយកផ្នែកទំនាក់ទំនងធុរកិច្ចរបស់ក្រុមហ៊ុន Samsung Electronics