Sime Darby Auto ConneXion ឬហៅកាត់ថា SDAC ដែលជាក្រុមហ៊ុនចែកចាយរថយន្ត Ford ក្នុងប្រទេសម៉ាឡេស៊ី បានធ្វើការបញ្ចេញវីដេអូឃ្លីបខ្លីមួយដែលបង្ហាញពីវត្តមាននៃរថយន្ត Ford Ranger ម៉ូដែលថ្មីពិសេស Limited Edition ដែលនឹងបង្ហាញវត្តមាននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី ឆាប់ៗនេះ។ រថយន្ត Limited Edition Ford Ranger ថ្មីនេះ នឹងត្រូវប្រកាសចេញនៅថ្ងៃទី 30 ចុងខែ ឧសភានេះនៅក្នុងមជ្ឈមណ្ឌល “1 Utama Shopping Centre” ។ បើតាមប្រភពព័ត៌មាន រថយន្ត Ford Ranger ម៉ូដែល Limited Edition ថ្មីនេះ គឺដូចគ្នានឹងម៉ូដែល Ford Ranger Stormtrak ដែលបាន បង្ហាញវត្តមានរួចហើយនៅក្នុងប្រទេសថៃ។
បើតាមការបញ្ជាក់ពី SDAC បានឲ្យដឹងថា Ford Ranger Stormtrak Limited Edition គឺមានលក្ខណៈ ពិសេសជាច្រើនដូចគ្នានឹងម៉ូដែល Ford Ranger Platinum ដែរ ដែលវាផ្តល់ឲ្យការបើកបរកាន់តែ មានភាពអស្ចារ្យបំផុតដូចជាមួយនឹងម៉ូដែល Ford Ranger Platinum អីចឹង។ រថយន្តម៉ូដែល ពិសេសថ្មី Limited Edition Ford Ranger ឬ Ford Ranger Stormtrak នឹងត្រូវបានក្រុមហ៊ុន SDAC នាំយកទៅដាក់បង្ហាញចេញនៅឯ Ground Floor Luxe, ក្នុងមជ្ឍមណ្ឌល 1 Utama Shopping Centre ដែលនឹងធ្វើឡើងនៅពីថ្ងៃទី 30 ក្នុងខែឧសភា ហើយការបើកទទួលការកក់មុននឹងធ្វើឡើងនៅថ្ងៃទី 02 ក្នុងខែមិថុនា ឆ្នាំ 2024។
នៅក្នុងប្រទេសថៃ Ford Ranger Stormtrak ត្រូវបានក្រុមហ៊ុនដាក់លក់ជាមួយម៉ូដែល 4×4 double cab ផ្សេងទៀតរបស់ Ranger ដូចជាម៉ូដែល Raptor, Wildtrak, និង Sport ជាដើម។ ដូចគ្នាទៅនឹង ម៉ូដែល Ranger Platinum ដែរ ដោយ Ranger Stormtrak មានបំពាក់នូវប្រព័ន្ធ sliding rack system។ រថយន្ត Limited Edition Ford Ranger នេះ ប្រើប្រាស់យ៉ានកង់ប្រភេទអាលុយមីញ៉ូមអាល់ឡយ ទំហំ 20-inch, ដំណើរការដោយប្រព័ន្ធប្រអប់លេខ e-shifter, មានមុខងារចាប់ហ្វ្រាំងស្វ័យប្រវត្តិ auto brake hold, មុខងារជំនួយការចូលចំណោត active park assist, រួមនឹងការឌីស្សាញផ្នែកខាងមុខជាមួយ special grille ដ៏ទាក់ទាញ។
យ៉ាងមិញក្រុមហ៊ុន SDAC មិនទាន់បានបញ្ជាក់ពីចំនួនម៉ូដែល Limited Edition ដែលត្រូវចេញលក់នៅក្នុងប្រទេសម៉ាឡេស៊ីនោះទេ រួមទាំងតម្លៃផងដែរ។ ដូច្នោះ មានតែរងចាំអ៊ុតទាំងអស់គ្នានៅថ្ងៃទី 30 ចុងខែនេះប៉ុណ្ណោះ៕