ក្រុមហ៊ុនខ្នាតយក្សផលិតយានជំនិះកង់ពីររបស់ប្រទេសចិន Yadea ទើបតែបានបញ្ចេញកង់អគ្គិសនី ឬ Electric Scooter ដំបូងរបស់ខ្លួនដែលបំពាក់កញ្ចប់អាគុយ Lithium-free-Sodium-ion battery pack។ កង់អគ្គិសនីថ្មីដំបូងរបស់ Yadea គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 1.5-3C Charging ដែលសាកភ្លើងពី 0 ទៅ 85% ប្រើពេលប្រមាណតែ 15 នាទីប៉ុណ្ណោះ។
នៅក្នុងសន្និសិត Yadea Sodium Electric Vehicle conference ក្នុងទីក្រុង Hangzhou ក្រុមហ៊ុននេះបានធ្វើការបើកទទួលការបញ្ជាទិញមុនសម្រាប់កង់អគ្គិសនីដំបូងរបស់ខ្លួនដែលប្រើកញ្ចប់អាគុយ Sodium-ion ចំនួន 4 ម៉ូដែល ដោយក្នុងនោះម៉ូដែល Yadea Q1 មានតម្លៃខ្ទង់ $450, ម៉ូដែល Yadea DE3 មានតម្លៃខ្ទង់ $480, ម៉ូដែល Yadea G30 Lite មានតម្លៃខ្ទង់ $500 និង Yadea Q50 មានតម្លៃ $590។ កង់អគ្គិសនី Electric Scooter ទាំងបួនម៉ូដែលរបស់ Yadea គាំទ្រប្រព័ន្ធបច្ចេកវិទ្យាទប់លំនឹងឆ្លាតវៃ TCS intelligent traction control system។
យោងតាម Yadea បានឱ្យដឹងថា Electric Scooter ដំបូងរបស់ខ្លួន ត្រូវបានបំពាក់ដោយថ្ម Yuji Sodium ដែលប្រើលោហៈធាតុកាបោនរឹងសម្រាប់ប្រព័ន្ធដំណើរការ negative electrode របស់វា។ កោសិកាថ្មដែលមានដង់ស៊ីតេថាមពលលើសពី 145Wh/kg ហើយអាចសាក និងបញ្ចេញថាមពលបាន 1,500 ដងនៅសីតុណ្ហភាពធម្មតា និងអាចប្រើបានរហូតដល់ 5 ឆ្នាំជាមួយនឹងការប្រើប្រាស់ជាប្រចាំ។ ថ្មសូដ្យូម គឺរក្សាបាននូវបន្ទុកលើសពី 92% នៃសមត្ថភាពរបស់វានៅពេលស្ថិតនៅសីតុណ្ហភាព -20 អស្សាសេ។
បើតាមគេហទំព័ររបស់ក្រុមហ៊ុន Yadea បានបង្ហាញថា Yadea Guanneng Q50 Sodium ត្រូវបានបំពាក់ដោយថ្ម Na+ ដែលមានកម្រិតថាមពល 48V និងសមត្ថភាពបន្ទុកថាមពល 24Ah ដែលសាកពេញម្តងអាចបើកបានចម្ងាយប្រហែល 70 គីឡូម៉ែត្រ។ Electric Scooter ថ្មីដំបូងរបស់ Yadea នេះ ដំណើរការដោយម៉ូទ័រអេឡិចត្រិចប្រភេទ TIFAR ដែលផលិតថាមពលបាន 400W និងអាចបើកក្នុងល្បឿន Top Speed បាន 25 គីឡូម៉ែត្រក្នុងមួយម៉ោង។
កង់អគ្គិសនីថ្មីនេះ មានទំហំវិមាត្រ 1535mm x 690mm x 1100mm ហើយអាចគាំទ្រទំងន់បានប្រមាណ 75 គីឡូក្រាម។ នៅក្នុងខែធ្នូ ឆ្នាំ2024 ក្រុមហ៊ុន Yadea បានប្រកាសថា ការលក់យានជំនិះកង់ពីររបស់ខ្លួនបានកើនឡើងលើសពី 100 លានគ្រឿង។ Yadea Technology Group គឺជាក្រុមហ៊ុនផលិតយានជំនិះកង់ពីរធំបំផុតរបស់ចិនដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2001 និងមានទីស្នាក់ការកណ្តាលនៅទីក្រុង Wuxi ក្នុងខេត្ត Jiangsu៕